ព្រះរាជសាររបស់ព្រះករុណាទៅរដ្ឋាភិបាលស្នើឲ្យមានការលើកលែងទោសលោក ហង្ស ចក្រា នោះ បានធ្វើឡើងក្រោយពីលោក សម រង្ស៊ី បានទទូចសុំទៅព្រះករុណា។
លោក យឹម សុវណ្ណ តំណាងរាស្រ្តខាងគណបក្សសមរង្ស៊ី និងជាអ្នកនាំពាក្យនៃគណបក្សនេះផងដែរនោះ បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ការចាប់អ្នកកាសែតដាក់ពន្ធនាគារនេះគឺមិនសមស្របទេនៅក្នុងកាលៈទេសៈប្រទេសយើងដែលកំពុងតែកសាងនូវសង្គមមួយមានប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស ហើយបើកទូលាយឲ្យមានការចូលរួមមតិពីគ្រប់មជ្ឈដ្ឋាននោះ ការលើកទឹកចិត្តអ្នកកាសែតគឺជាការចាំបាច់។ ដូច្នេះបើសិនជាមានអ្នកកាសែតដែលជាប់ពន្ធនាគារបែបនេះ យើងស្នើសុំថ្វាយព្រះមហាក្សត្រដើម្បីឲ្យព្រះមហាក្សត្រព្រះរាជប្រទានទោស»។
ព្រះរាជសារដែលវិទ្យុអាស៊ីសេរីទទួលបានចុះថៃ្ងទី២៧ ខែតុលាថ្មីៗនេះ មានខ្លឹមសារថា ព្រះអង្គបានទទួលលិខិតពីតំណាងរាស្រ្តគណបក្សសមរង្ស៊ីបានទូលស្នើសុំឲ្យព្រះអង្គលើកលែងទោសដល់លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ដែលបច្ចុប្បន្នកំពុងតែជាប់នៅក្នុងពន្ធនាគារព្រៃស ក្រោមបទផ្សាយព័ត៌មានមិនពិត។ ព្រះរាជសារបានបន្តថា ព្រះអង្គសូមផ្ញើលិខិតនេះជូនប្រមុខរដ្ឋាភិបាលមេត្តាពិនិត្យដោយអនុគ្រោះ។
ទាក់ទងនឹងសំណើខាងលើនេះ លោក ខៀវ កាញារីទ្ធ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាននិងមន្រ្តីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាផង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងសៅរ៍ ទី៧ ខែវិច្ឆិកានេះថា លោក ហង្ស ចក្រា បានជាប់ទោសបានមួយរយៈហើយ។ លោកមានគម្រោងការជួបពិភាក្សាជាមួយនឹងលោក សុខ អាន ឧបនាយករដ្ឋមន្រ្តី នាពេលឆាប់ៗនេះដើម្បីសុំការអនុគ្រោះដល់លោក ហង្ស ចក្រា បាននៅក្រៅឃុំ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ទៀតថា ភរិយារបស់លោក ហង្ស ចក្រា ក៏បានសរសេរលិខិតទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ កាលពីសបា្តហ៍ថ្មីៗនេះ ប៉ុន្តែទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី សុខ អាន កំពុងតែជាប់រវល់នៅពេលនោះ។
លោក ហង្ស ចក្រា អាយុ៥៥ឆ្នាំ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថៃ្ងទី២៦ ខែមិថុនាកន្លងទៅ ឲ្យជាប់គុក១២ខែ និងបានផាកពិន័យជាប្រាក់ចំនួន៩លានរៀលក្រោមបទផ្សាយព័ត៌មានមិនពិត ក្រោយពីកាសែតនេះបានចេញផ្សាយព័ត៌មានមួយចំនួនកាលពីខែមេសានិងខែឧសភាកន្លងទៅ ក្រោមចំណងជើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំបែកសំបុកមន្រ្តីអាក្រក់និងពុករលួយនៅជុំវិញលោក សុខ អាន និងអត្ថបទមួយទៀតបាននិយាយថា មន្រ្តីនិយម លោក សុខ អាន ប្រឈមមុខនឹងការដកហូតចេញពីតំណែងជាច្រើននាក់។
កាលពីថៃ្ងទី១១ ខែសីហាកន្លងទៅ តុលាការសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនោះចាត់ទុកជាបានការ ដោយបន្តឃុំខ្លួនលោក ហង្ស ចក្រា ជាបន្តទៀត។
ព្រះរាជអន្តរាគមន៍ខាងលើនេះជាលើកទីពីរហើយ ក្រោយពីព្រះអង្គបានស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា កាលពីខែសីហាកន្លងទៅ ឲ្យពិនិត្យមើលសំណុំរឿងរបស់លោក ហង្ស ចក្រា នោះ បន្ទាប់ពីព្រះអង្គបានទទួលសំណើពីអង្គការនិងសមាគមអ្នកកាសែតចំនួន៧នៅក្នុងប្រទេសកម្ពុជា៕
