ព្រះមហាក្សត្រខែ្មរ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានធ្វើព្រះរាជអន្តរាគមន៍ជាលើកដំបូងដោយបានស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺលោក អង្គ វង្សវឌ្ឍនា ពិនិត្យទ្បើងវិញជុំវិញករណីរបស់លោក ហង្ស ចក្រា ចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុក ដែលកំពុងជាប់ឃុំនៅក្នុងគុកព្រៃស។
លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក នៅពេលត្រូវនាំខ្លួនចូលស្ដាប់សវនាការសាលាឧទ្ធរណ៍នាថ្ងៃទី១១ សីហា ២០០៩។
យោងតាមព្រះរាជសារចម្លងមួយច្បាប់ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថៃ្ងពុធ ទី២៦ ខែសីហា លិខិតនោះមានខ្លឹមសារថា "ខ្ញុំបានទទួលលិខិតចុះថៃ្ងទី២៤ ខែសីហា ឆ្នាំ២០០៩ របស់នាយកអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីផ្សព្វផ្សាយព័ត៌មានឯករាជ្យ, អនុប្រធានអង្គការវេទិកាព័ត៌មាននិងបណ្ឌិតសភា, ប្រធានសហភាពអ្នកកាសែតឯករាជ្យ, ប្រធានសមាគមអ្នកសារព័ត៌មានអព្យាក្រឹត្យ ប្រជាធិបតេយ្យ, ប្រធានសមាគមអ្នកសារព័ត៌មានខែ្មរប្រជាធិបតេយ្យ, ប្រធានសមាគមអ្នកសារព័ត៌មានឃ្លាំមើលកម្ពុជា និងប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព បានទូលស្នើសុំព្រះរាជអន្តរាគមន៍ពីខ្ញុំទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយបកស្រាយអំពីសុក្រឹតភាពតាមច្បាប់នៃនីតិវិធីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដែលបានអនុវត្តលើលោក ហង្ស ចក្រា ចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុកនោះ"។ ព្រះរាជសារដដែលបានបន្តថា ខ្ញុំសូមផ្ញើលិខិតខាងលើនេះជូនឯកឧត្តមដើម្បីពិនិត្យ។
មិនអាចទាក់ទង លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌បានទេ នៅថៃ្ងពុធ ទី២៦ ខែសីហា ដើម្បីសុំការបំភ្លឺជុំវិញព្រះរាជសំណើរបស់ព្រះមហាក្សត្រខាងលើនេះ ប៉ុន្តែមានជំនួយការរបស់លោកបានឆ្លើយថា លោកមិនទាន់បានដឹងថាតើព្រះរាជសារនោះបានដល់ដៃរបស់ក្រសួងហើយឬយ៉ាងណា? ៖ «អ៊ីចឹងគឺខ្ញុំអត់ទាន់ដឹងថាតើលិខិតហ្នឹងចូលមកដល់ក្រសួងហើយឬនៅ?»។
ព្រះរាជសារនិងសំណើនោះបានធ្វើទ្បើងបន្ទាប់ពីមានលិខិតទូលថ្វាយពីតំណាងអង្គការនិងសមាគមអ្នកសារព័ត៌មានចំនួន៧នៅក្នុងប្រទេសកម្ពុជា បានថ្វាយលិខិតរួមគ្នាកាលពីថៃ្ងទី២៤ ខែសីហា ថ្មីៗនេះ សុំព្រះរាជអន្តរាគមន៍។
លោក ជូង ជូងី ជាមេធាវីរបស់លោក ហង្ស ចក្រា បានមានប្រសាសន៍ថា លោកមានការរីករាយចំពោះព្រះទ័យរបស់ព្រះមហាក្សត្រលើកូនក្តីរបស់លោកនេះ។
លោក ជូង ជូងី បានមានប្រសាសន៍ថា ៖ «ពីព្រោះនេះគឺជាសញ្ញាណបង្ហាញឲ្យឃើញថា ព្រះករុណាមានការចាប់អារម្មណ៍ទៅលើយុត្តិធម៌ក្នុងសង្គម ហើយជាការផ្ដល់យុត្តិធម៌ដល់កូនក្ដីខ្ញុំ»។
សូមជម្រាបថា លោក ហង្ស ចក្រា ហៅ ជ័យ ឧត្តម អាយុ៥៥ឆ្នាំ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសកាលពីថៃ្ងទី២៦ ខែមិថុនាកន្លងទៅ ឲ្យជាប់គុករយៈពេល១២ខែ និងផាកពិន័យជាប្រាក់ចំនួន៩លានរៀល ក្រោមបទផ្សាយព័ត៌មានមិនពិតដោយសារតែកាសែតរបស់លោកបានចេញផ្សាយព័ត៌មានមួយចំនួន ដែលចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំបែកមន្រ្តីអាក្រក់និងមន្ត្រីពុករលួយនៅជុំវិញលោក សុខ អាន និងអត្ថបទមានចំណងជើងថា មន្រ្តីនិយម លោក សុខ អាន ប្រឈមមុខនឹងការដកចេញពីតំណែងជាច្រើននាក់។
ក្រោយមកតុលាការសាលាឧទ្ធរណ៍ កាលពីថៃ្ងទី១១ ខែសីហា បានសម្រេចតម្កល់សាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនោះចាត់ទុកជាបានការ ហើយបង្គាប់ឲ្យបន្តឃុំខ្លួន លោក ហង្ស ចក្រា នោះ បន្តទៀត។
ក្រុមសកម្មជនការពារសិទ្ធិមនុស្សជាតិនិងអន្តរជាតិបានហៅការចាប់អ្នកកាសែតដាក់គុកនោះថាជាការបំភិតបំភ័យឬការគំរាមកំហែងមួយចំពោះក្រុមអ្នករិះគន់រដ្ឋាភិបាលកម្ពុជា៕
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
មន្រ្តីជាន់ខ្ពស់ខ្មែរខ្វែងគំនិតគ្នាក្នុងការលើកលែងទោស ហង្ស ចក្រា
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន