ក្រុមបារគូដែលនាំមុខដោយក្រុមភ្លេងបុរាណនៃព្រះបរមរាជវាំងមួយក្រុម បានដង្ហែព្រះភ្លើងចេញពីព្រះបរមរាជវាំង ដើម្បីទៅរក្សាទុកនៅព្រះបរមបញ្ចា។ ព្រះភ្លើងដែលបានដង្ហែនោះ គឺសម្រាប់ថ្វាយក្នុងពិធីបូជាព្រះបរមរតនកោដ្ឋ។
តាមកម្មវិធីនៅថ្ងៃទី៤ ដែលជាថ្ងៃថ្វាយព្រះភ្លើងនេះ ព្រះរាជពិធីថ្វាយព្រះភ្លើងបូជាសពនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៦ ល្ងាចថ្ងៃទី៤ កុម្ភៈ នេះ។
ព្រះភ្លើងនេះ គឺបានមកពីព្រះសូរ្យសែង ឬកម្ដៅព្រះអាទិត្យ ដែលក្រុមបាគូ និងអ្នកកាន់ពិធីក្នុងព្រះបរមរាជវាំង កាលពីសប្ដាហ៍កន្លងទៅ បានធ្វើពិធីសុំព្រះភ្លើងពីព្រះអាទិត្យ។ ក្នុងនោះក្រុមបារគូបានដាក់កំណាត់ខ្លឹមចន្ទន៍ក្រស្នាតូចៗ ដែលជាឈើក្រអូបនៅពីក្រោមកែវពង្រីក រហូតទាល់តែកម្ទេចឈើនោះឆេះចេញជាអណ្ដាតភ្លើងឡើង។ បន្ទាប់មកបារគូបានយកទៀនទៅអុជចម្លងយកភ្លើងនោះទៅរក្សាទុកក្នុងព្រះបរមរាជវាំង ដើម្បីរង់ចាំពិធីថ្វាយព្រះភ្លើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។