យោងតាមកម្មវិធីនៃព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព ឲ្យដឹងថា នៅថ្ងៃទី២ នេះ ពេលព្រឹកម៉ោង៦ និង ៣០នាទី ថ្វាយយាគូព្រះសង្ឃ ៣២អង្គ ដែលសូត្រព្រះសត្តប្បករណ៍ព្រះអភិធម្មពីល្ងាច នៅព្រះបរមមេរុ។ លុះដល់ម៉ោង៩ និង ៣០នាទី វេរភត្តាហារប្រគេនព្រះសង្ឃ ៣២អង្គ ដែលចាត់ចែងដោយភ្នាក់ងារមុខក្រសួងក្នុងព្រះបរមរាជវាំង។
កម្មវិធីបន្តថា ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០ អនុញ្ញាតឲ្យពលរដ្ឋបានចូលថ្វាយបង្គំព្រះបរមសព ព្រះបរមរតនកោដ្ឋ។ នៅម៉ោង ១៧:០០ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះអគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ យាងមកដល់ព្រះបរមមេរុ ថ្វាយបង្គំព្រះបរមសពតាមទ្វារទិសខាងត្បូង។
ពលរដ្ឋប្រតិកម្មនឹងការរឹតបន្តឹងសន្តិសុខនៅថ្ងៃហែព្រះបរមសព
ទាក់ទងនឹងថ្ងៃទី១ នៃការដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋ ដើម្បីយាងមកតម្កល់នៅលើព្រះបរមបញ្ចា ៩ជាន់ នៃវាលព្រះបរមមេរុនោះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតាមបណ្ដាខេត្ត ប្រតិកម្មទៅនឹងការរឹតបន្តឹងផ្នែកសន្តិសុខរបស់រដ្ឋាភិបាល ដែលពុំឲ្យអនុញ្ញាតពួកគាត់បានចូលថ្វាយបង្គំព្រះបរមសព។
ពួកគាត់បានបញ្ចេញទស្សនថា ទង្វើនេះហាក់ធ្វើឲ្យរបបរាជានិយមត្រូវចុះខ្សោយ និងថា ជាចំណាត់ការដែលបង្ហាញពីឥទ្ធិពលនៃអំណាចរបស់រដ្ឋាភិបាលលើសលប់។
មន្ត្រីបម្រើការ សម្រាប់ពិធីបុណ្យជាតិ និង អន្តរជាតិ ដែលខកខាន ព្រោះការហាមឃាត របស់មន្ត្រីប៉ូលិស យាមសន្តិសុខ ថ្លែងថា ការរឹតបន្តឹងផ្នែកសន្តិសុខនេះ មិនចំពោះតែពលរដ្ឋសាមញ្ញប៉ុណ្ណោះទេ ចំណែកឯមន្ត្រីដែលបម្រើការ និងអ្នកសារព័ត៌មានដែលមានប័ណ្ណសំគាល់ខ្លួនជាផ្លូវការខ្លះ ក៏ត្រូវបានហាមប្រាមដែរ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។