សេចក្តីរាយការណ៍ គឺបានផ្អែកតាមព្រះរាជសារជាភាសាបារាំងរបស់ព្រះអង្គ កាលពីថ្ងៃព្រហស្បតិ៍ កន្លងមក ។
សេចក្តីរាយការណ៍ដែលនិយាយថា ព្រះមហាក្សត្រអាចនឹងពិចារណាការដាក់រាជសម្បត្តិបានធ្វើឡើងនៅគ្រាដែលប្រទេសកម្ពុជាកំពុងតែត្រៀមរៀបចំការបោះឆ្នោតសកលអាណត្តិទី៤ ជ្រើសរើសសមាជិកសភានិងមេដឹកនាំរដ្ឋាភិបាលអាណត្តិថ្មី ។
ការផ្សាយតាមទីភ្នាក់ងារ DPA កាលពីម្សិលមិញនោះ បានបណ្តាលឲ្យមានការភ្ញាក់ផ្អើលពីមជ្ឈដ្ឋានអ្នកនយោបាយ ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ បានមានបន្ទូលនៅថ្ងៃនេះថា អ្នកអង្គម្ចាស់បានយកការផ្សាយតាមទីភ្នាក់ងារបរទេសនោះ រាយការណ៍ថ្វាយ ព្រះមហាវីរក្សត្រខ្មែរ ទ្រង់សណ្តាប់ហើយៗ ព្រះមហាវីរក្សត្រក៏បានមានបន្ទូលថា ការពិតនៃការសរសេរមិនមែនជារឿងដូចការសរសេរនោះឡើយ ៖ «ទាក់ទងនឹងអត្ថបទ DPA ហ្នឹង ព្រះករុណាព្រះមហាវីរក្សត្រ លោកមិនអត្ថាធិប្បាយ មិនបដិសេធអីទេ ជុំវិញអត្ថបទហ្នឹង ពីព្រោះអត្ថបទហ្នឹងបកប្រែខុសច្រើនពេក មិនមែនត្រឹមតែចំណងជើងទេ គឺអត្ថបទហ្នឹងគឺវាខុសទាំងស្រុង ដូច្នេះលោកមិនអត្ថាធិប្បាយ មិនបដិសេធអីទេ ។ ខុសទាំងអស់ ១០០% ។ ន័យសំខាន់ហ្នឹង គឺថា ព្រះករុណា សីហមុនី អត់មានគម្រោងស្ដេចយាងនិរទេសចេញទៅក្រៅអីទេ អត់មានគម្រោងដាក់រាជ្យទេ» ។
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលបន្ថែមទៀតជុំវិញបញ្ហាដដែលនោះថា ៖ «ខ្ញុំសូមបដិសេធជុំវិញបញ្ហាទាំងអស់ហ្នឹង ហើយខ្ញុំសូមជម្រាបវិទ្យុអាស៊ីសេរី ព្រមទាំងជនរួមជាតិទាំងអស់គ្នាថា ព្រះករុណាព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី លោកអត់មានគម្រោងស្ដេចយាងទៅក្រៅប្រទេស ឬមួយដាក់រាជ្យនោះទេ» ។
ខុទ្ទកាល័យព្រះបរមរាជវាំង ឬមន្ត្រីរាជរដ្ឋាភិបាល ក៏នៅមិនទាន់មានប្រតិកម្មណាមួយជុំវិញរឿងនោះដែរ នៅថ្ងៃអាទិត្យនេះ ៕
