អតីត​ព្រះមហាក្សត្រ​ស្ងៀមស្ងាត់​ជុំវិញ​ដំណឹង​អំពី​ព្រះរាជសារ

ព្រះមហាវីរក្សត្រ​ព្រះបាទ នរោត្តម សីហនុ បាន​រក្សា​ភាពស្ងៀមស្ងាត់​ពុំ​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ​ជុំវិញ​សេចក្តី​រាយការណ៍​កាសែត ដែល​សរសេរ​ថា​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហមុនី អាច​នឹង​ពិចារណា​ការដាក់​រាជសម្បត្តិ​ដើម្បី​ទៅ​រស់នៅ​ក្នុង​ជីវិត​សាមញ្ញ​ធម្មតា ។

សេចក្តី​រាយការណ៍ គឺ​បាន​ផ្អែកតាម​ព្រះរាជសារ​ជា​ភាសា​បារាំង​របស់​ព្រះអង្គ កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​មក ។

សេចក្តី​រាយការណ៍​ដែល​និយាយ​ថា ព្រះមហាក្សត្រ​អាច​នឹង​ពិចារណា​ការដាក់​រាជសម្បត្តិ​បាន​ធ្វើ​ឡើង​នៅគ្រា​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ត្រៀម​រៀបចំ​ការបោះឆ្នោត​សកល​អាណត្តិ​ទី​៤ ជ្រើសរើស​សមាជិក​សភា​និង​មេដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី ។

ការផ្សាយ​តាម​ទីភ្នាក់ងារ DPA កាលពី​ម្សិលមិញ​នោះ បាន​បណ្តាល​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ពី​មជ្ឈដ្ឋាន​អ្នកនយោបាយ ។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ បាន​មាន​បន្ទូល​នៅ​ថ្ងៃ​នេះ​ថា អ្នក​អង្គម្ចាស់​បាន​យក​ការផ្សាយ​តាម​ទីភ្នាក់ងារ​បរទេស​នោះ រាយការណ៍​ថ្វាយ ព្រះមហាវីរក្សត្រ​ខ្មែរ ទ្រង់​សណ្តាប់​ហើយ​ៗ ព្រះមហា​វីរក្សត្រ​ក៏បាន​មាន​បន្ទូល​ថា ការពិត​នៃ​ការសរសេរ​មិនមែន​ជា​រឿង​ដូច​ការសរសេរ​នោះ​ឡើយ ៖ «ទាក់ទង​នឹង​អត្ថបទ DPA ហ្នឹង ព្រះករុណា​ព្រះមហាវីរក្សត្រ លោក​មិន​អត្ថាធិប្បាយ មិន​បដិសេធ​អី​ទេ ជុំវិញ​អត្ថបទ​ហ្នឹង ពីព្រោះ​អត្ថបទ​ហ្នឹង​បកប្រែ​ខុស​ច្រើន​ពេក មិនមែន​ត្រឹមតែ​ចំណងជើង​ទេ គឺ​អត្ថបទ​ហ្នឹង​គឺ​វា​ខុស​ទាំងស្រុង ដូច្នេះ​លោក​មិន​អត្ថាធិប្បាយ មិន​បដិសេធ​អី​ទេ ។ ខុស​ទាំងអស់ ១០០​% ។ ន័យ​សំខាន់​ហ្នឹង គឺ​ថា ព្រះករុណា សីហមុនី អត់​មាន​គម្រោង​ស្ដេច​យាង​និរទេស​ចេញ​ទៅ​ក្រៅ​អី​ទេ អត់មាន​គម្រោង​ដាក់​រាជ្យ​ទេ»

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​បន្ទូល​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​ដដែល​នោះ​ថា ៖ «ខ្ញុំ​សូម​បដិសេធ​ជុំវិញ​បញ្ហា​ទាំងអស់​ហ្នឹង ហើយ​ខ្ញុំ​សូម​ជម្រាប​វិទ្យុ​អាស៊ីសេរី ព្រមទាំង​ជនរួមជាតិ​ទាំងអស់​គ្នា​ថា ព្រះករុណា​ព្រះមហាក្សត្រ ព្រះ​នរោត្តម សីហមុនី លោក​អត់​មាន​គម្រោង​ស្ដេចយាង​ទៅ​ក្រៅ​ប្រទេស ឬ​មួយ​ដាក់រាជ្យ​នោះទេ»

ខុទ្ទកាល័យ​ព្រះបរម​រាជវាំង ឬ​មន្ត្រី​រាជរដ្ឋាភិបាល ក៏​នៅ​មិនទាន់​មាន​ប្រតិកម្ម​ណាមួយ​ជុំវិញ​រឿង​នោះ​ដែរ នៅថ្ងៃ​អាទិត្យ​នេះ ៕