តាមមន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រលោក អ៊ុំ ដារាវុធ បានមានប្រសាសន៍នៅឯព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបន្ទាប់ពីទទួលព្រះរាជដំណើរយាងនិវត្តន៍ថា ព្រះរាជសុខភាពរបស់ព្រះមហារវីរក្សត្រសម្តេចព្រះ នរោត្តម សីហនុ ពេលនេះ គឺល្អណាស់ ៖ «១០០ភាគរយ គ្មានមហារីកទៀតទេ ព្រះសុខភាពលោកល្អទីបំផុត»។
លោក អ៊ុំ ដារាវុធ បានមានប្រសាសន៍ទៀតថា យោងតាមព្រះរាជសាររបស់ព្រះមហាវីរក្សត្រខ្មែរ ឲ្យដឹងថា ព្រះអង្គមានគម្រោងគង់ប្រថាប់នៅខេត្តសៀមរាបរហូតដល់ដើមខែកញ្ញា រួចហើយព្រះអង្គមានគម្រោងនឹងយាងត្រឡប់ទៅទីក្រុងប៉េកាំង ដើម្បីឲ្យគ្រូពេទ្យចិនពិនិត្យព្រះរោគមហារីករបស់ព្រះអង្គម្តងទៀតដោយគង់នៅប្រទេសចិនចំនួន៤ខែ ហើយនៅដើមឆ្នាំក្រោយ ព្រះអង្គនឹងពិនិត្យព្រះសុខភាពម្តងទៀត ប្រសិនបើគ្មានព្រះរោគទេ នឹងយាងនិវត្តន៍មកមាតុប្រទេសវិញ។
នាយខុទ្ទកាល័យស្តីទីរបស់ព្រះមហាវីរក្សត្រគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា ក្នុងមួយរយៈពេលដែលព្រះមហាវីរក្សត្រព្រះអង្គគង់ប្រថាប់នៅក្នុងព្រះរាជដំណាក់ខេត្តសៀមរាបនេះស្របទៅតាមទម្លាប់ព្រះមហាវីរក្សត្រនិងព្រះរាជអគ្គមហេសី ច្បាស់ជាព្រះអង្គធ្វើកិច្ចការមនុស្សធម៌ជូនប្រជារាស្ត្រក្រីក្រ ហើយព្រះអង្គបានសព្វព្រះទ័យស្នើឲ្យមន្ត្រីព្រះបរមរាជវាំងរៀបចំពិធីសម្ដែងសិល្បៈនិងរបាំជូនប្រជារាស្ត្រនិងភ្ញៀវទេសចរបរទេសបានទស្សនារៀងរាល់ល្ងាចនៅពេលព្រះអង្គគង់នៅសៀមរាបនេះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលដូច្នេះថា ៖ «ស្របទៅតាមទម្លាប់របស់លោក ច្បាស់ជាលោកមានទទួលប្រជារាស្រ្ដនិងចែកព្រះរាជអំណោយជូនប្រជារាស្រ្ដក្រីក្រ និងមានកម្មវិធីមួយទៀត របាំបុរាណផង របាំសម័យផង ល្ងោន ភ្លេង ជូនប្រជារាស្រ្ដផង និងជូនភ្ញៀវទេសចរដែលមកលេងនៅប្រទេសយើង រាល់ល្ងាចរហូតទៅដល់លោកយាងចេញពីទីក្រុងសៀមរាប»។
អភិបាលខេត្តសៀមរាប លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា អបអរសាទរជាពន្លឹកណាស់ក្នុងព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាវីរក្សត្រខ្មែរនិងព្រះរាជអគ្គមហេសីនេះ ព្រោះជាការរង់ចាំរបស់កូនចៅចៅទួតជាមួយការត្រេកអរនៅពេលបានដំណឹងថា ព្រះអង្គបានសះស្បើយពីរោគាពាធ។
ព្រះមហាវីរក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចព្រះរាជអគ្គមហេសីព្រះអង្គបានយាងចាកចេញពីប្រទេសកម្ពុជាតាំងពីអំឡុងខែសីហា ឆ្នាំ២០០៨ ទៅកាន់ប្រទេសចិនប្រជាមានិត ដើម្បីព្យាបាលព្រះរោគរបស់ព្រះអង្គ៕
