គេបានឃើញលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានសភាជាតិ និងលោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងមានឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីមួយចំនួន ព្រមទាំងឧត្តម ប្រឹក្សាព្រះមហាក្សត្រសរុបចំនួនប្រមាណ១០០នាក់ បានចូលរួមនៅក្នុងពិធីសាមញ្ញមួយនៃការជូនដំណើរនៅឯអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ។
គ្មានមន្រ្តីតំណាងរដ្ឋាភិបាល ឬឧត្តមប្រឹក្សាណាម្នាក់របស់ព្រះមហាក្សត្របានផ្តល់អត្ថាធិប្បាយជុំវិញការយាងចាកចេញរបស់ព្រះមហាក្សត្រនោះទេ។
ប៉ុន្តែលោក អ៊ុំ ដារ៉ាវុធ ដែលជាមន្រ្តីនៃព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថៃ្ងអាទិត្យ ២១ កុម្ភៈថា ៖ «គឺថាលោកត្រូវតែយាងទៅ៦ខែម្ដងទៅត្រួតពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ (Check up) ប៉ុន្តែលោកត្រូវបន្តនូវព្រះរាជវត្តមានរបស់ព្រះអង្គដល់សាធារណរដ្ឋបារាំង»។
លោក កឹម សុខា ជាប្រធានគណបក្សសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍អត្ថាធិប្បាយថា ៖ «ខ្ញុំសង្ឃឹមថា ព្រះមហាក្សត្រព្រះអង្គអាចនឹងពាំនាំនូវស្ថានភាពនយោបាយសេដ្ឋកិច្ចនិងសង្គមនៅក្នុងស្រុកខ្មែរថ្វាយព្រះវររាជបិតា ដើម្បីលោកបានជ្រាបពីទុក្ខសោករបស់ប្រជាពលរដ្ឋខ្មែរ ពីការខ្វាយខ្វល់ពីបញ្ហាអធិបតេយ្យ បូរណភាពទឹកដីរបស់ប្រជាពលរដ្ឋខ្មែរ បញ្ហាដែលប្រជារាស្រ្ដខ្មែរសព្វថ្ងៃកំពុងតែព្រួយបារម្ភពីរឿងអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេសយួនហើយបញ្ហាជាមួយសៀមផង ពិសេសបញ្ហាទុក្ខវេទនាប្រជាពលរដ្ឋដែលគេរំលោភសិទ្ធិចាប់ដាក់គុកដាក់ច្រវាក់ដណ្ដើមយកដីធ្លីហ្នឹង គឺខ្ញុំសង្ឃឹមថា ព្រះអង្គលោកទូលថ្វាយព្រះវររាជបិតា ដើម្បីលោកជួយដល់កូនចៅព្រះអង្គតទៅទៀត»។
ប្រភពពីមន្រ្តីព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានឲ្យដឹងថា ព្រះមហាក្សត្រមានគម្រោងការយាងទៅប្រទេសបារាំងនៅថៃ្ងទី១២ ខែមីនាខាងមុខនេះ ដើម្បីទទួលការតែងតាំងដោយប្រទេសបារាំង ឲ្យព្រះអង្គក្លាយជាសមាជិកនៃរាជបណ្ឌិតសភានៅក្នុងប្រទេសបារាំង។
ព្រះមហាក្សត្រខែ្មរព្រះបាទបរមនាថ នរោត្តម សីហមុនី បានទ្បើងគ្រងរាជកាលពីថៃ្ងទី២៩ ខែតុលា ឆ្នាំ២០០៤កន្លងទៅ៕
