សមាគម​អ្នក​សារព័ត៌មាន​សុំ​ឲ្យ​មហាក្សត្រ​លើកលែង​ទោស​អ្នក​កាសែត​២​រូប

មាន​ការ​ស្នើសុំ​ជា​ថ្មី​ទៀតដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​ខែ្មរ​ប្រទាន​ការ​លើកលែង​ទោស​ដល់​អ្នក​កាសែត​ចំនួន ២​នាក់​ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

0:00 / 0:00

អង្គការ​និង​សមាគម​អ្នក​កាសែត​ចំនួន ៨ នៅ​ថៃ្ង​ទី​១៧ ខែ​ធ្នូ​នេះ បាន​សរសេរ​ញត្តិ​រួម​គ្នា ថ្វាយ​ព្រះ​មហាត្សត្រ​​ខែ្មរ ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​សុំ​ការ​ប្រទាន​ការ​លើកលែង​ទោស​ដល់​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​គុក​ព្រៃស។

លោក ឃុន ង៉ោ អាយុ ៦៤​ឆ្នាំ ជា​ប្រធាន​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​នៅ​ក្នុង​ចំណោម​អង្គការ​និង​សមាគម​អ្នក​កាសែត​ចំនួន ៨​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​ចង់​ចូលរួម​ការ​គាំទ្រ​ក្នុង​នាម​អាជីព​ដូច​គ្នា។

លោក ឃុន ង៉ោ បាន​បញ្ជាក់​ថា ៖ «ត្រង់​គេ​បម្រើ​នយោបាយ​ខាង​ណាៗ អា​ហ្នឹង​ជា​សិទ្ធិ​របស់​គេ។ ជួយ​គ្នា​ទៅ ធ្វើ​ម៉េច​អាជីព​ដូច​គ្នា!»

ដោយ​ទ្បែក លោក អ៊ូ ច័ន្ទឫទ្ធិ ជា​តំណាង​រាស្រ្ត​នៃ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា បាន​សរសេរ​ញតិ្ត​ផ្សេង​មួយ​ទៀត​នៅ​ថៃ្ង​ដដែល​នេះ​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ការ​លើកលែង​ទោស​ដល់​អ្នក​កាសែត ២​នាក់ គឺ​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​គុក​ព្រៃស​នោះ។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖ «ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា លោក​បាន​សន្ដោស​លើកលែង​ទោស​ដល់​ជនជាតិ​ថៃ​ម្នាក់។ ដូច្នេះ​ខ្ញុំ​នឹក​ឃើញ​ដល់​អ្នក​សារព័ត៌មាន​ខ្មែរ ២​រូប​ដែល​កំពុង​ជាប់​ពន្ធនាគារ ដូច្នេះ​ខ្ញុំ​មាន​គំនិត​មួយ​សរសេរ​លិខិត​នេះ​ដើម្បី​ស្នើសុំ​ទៅ​ព្រះ​មហាក្សត្រ សុំ​ឲ្យ​លោក​មេត្តា​សន្តោស​ដល់​អ្នក​កាសែត​ទាំង​ពីរ​ហ្នឹង»

ប្រភព​បាន​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​អាច​ប្រទាន​ការ​លើកលែង​ទោស​ទៅ​បាន លុះត្រា​តែ​មាន​សំណើ​ពី​លោក​នាយក​រដ្ឋមន្រ្តី។

មិន​អាច​ទាក់ទង​លោក ខៀវ កាញារីទ្ធ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​​ជា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​ទេ​ជុំវិញ​ការ​ស្នើសុំ​ខាង​លើ​នេះ។

លោក ផៃ ស៊ីផាន មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា សំណុំរឿង​របស់​លោក ហង្ស ចក្រា និង​លោក រស់ សុឃិត នោះ មិន​ដូច​គ្នា​នឹង​សំណុំរឿង​របស់​វិស្វករ​ថៃ​ទេ។

ព្រះ​មហាក្សត្រ​ខែ្មរ ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថៃ្ង​ទី​២៥ ខែ​សីហា​កន្លង​ទៅ បាន​ស្នើសុំ​លោក អង្គវង្ស វឌ្ឍានា ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ពិនិត្យ​មើល​អំពី​ការ​លើកលែង​ទោស​លោក ហង្ស ចក្រា ក្រោយ​ពី​ព្រះអង្គ​បាន​ទទួល​ញាតិ្ត​ពី​តំណាង​អង្គការ​និង​សមាគម​អ្នក​កាសែត​ចំនួន ៨​ខាង​លើ​នេះ​រួច​ម្តង​ទៅ​ហើយ។

សំណើ​ដូច​គ្នា​នេះ ព្រះ​មហាក្សត្រ​បាន​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថៃ្ង​ទី​២៧ ខែ​តុលា​កន្លង​ទៅ​នេះ ប៉ុន្តែ​គេ​គ្មាន​ឃើញ​មាន​ចំណាត់ការ​អ្វី​ទ្បើយ។

លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ១២​ខែ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៩​លាន​រៀល កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា​កន្លង​ទៅ​នេះ ក្រោម​បទ​ចោទ​ថា លោក​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​បរិហារ​កេរ្តិ៍ ដោយសារ​តែ​លោក​បាន​ផ្សាយ​ព័ត៌មាន​មួយចំនួន​ចោទ​ប្រកាន់​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បំបែក​សំបុក​មន្រ្តី​អាក្រក់​និង​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​អត្ថបទ​មួយចំនួន​ទៀត។

ចំណែក​ឯ​លោក រស់ សុឃិត អាយុ ៤០​ឆ្នាំ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ កាល​ពី​ថៃ្ង​ទី​៦ ខែ​វិច្ឆិកា​កន្លង​ទៅ ក្រោម​បទ​ចោទ​ថា លោក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​រូប​លោក​បាន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​សាកសួរ​លោក សយ សុភាព អ្នក​អត្ថាធិប្បាយ​នៃ​ទូរទស្សន៍ CTN នោះ ជុំវិញ​ការ​ជំរិត​ទារ​ប្រាក់​និង​ពុក​រលួយ៕