ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី និងលោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង (Francois Fillon) នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសាធារណរដ្ឋបារាំង បានយាង និងអញ្ជើញធ្វើជាព្រះរាជអធិបតី និងអធិបតី ក្នុងពិធីបិទការដ្ឋានជួសជុលប្រាសាទបាពួន នៅក្នុងបរិវេណអង្គរធំ នៃខេត្តសៀមរាប កាលពីថ្ងៃទី៣ខែកក្កដានេះ បន្ទាប់ពីក្រុមអ្នកបុរាណវិទ្យារបស់សាលាបារាំងចុងបូព៌ា បានជួសជុលប្រាសាទនេះអស់រយៈពេលជាង ១៥ឆ្នាំមកហើយ ដោយចំណាយទឹកប្រាក់លើគម្រោងអស់ប្រមាណ ១០លានអឺរ៉ូ។
លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង បានថ្លែងនៅក្នុងពិធីបិទការដ្ឋានជួសជុលនោះថា ការបញ្ចប់ការដ្ឋានជួសជុលប្រាសាទបាពួន គឺជាជោគជ័យមួយដែលពង្រឹង និងធ្វើឱ្យស្ថិតស្ថេរនូវចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រកម្ពុជា និងបារាំង។ លោកបានមានប្រសាសន៍ទៀតថា ការជួសជុលប្រាសាទបាពួននេះ គឺជាការងារដ៏ពិបាកដែលត្រូវអត់ធ្មត់ជាទីបំផុត។
កាលពីជាង ១៥ឆ្នាំមុនដែលលោកនៅជារដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា និងស្រាវជ្រាវ លោកបានគាំទ្រដល់ការចាប់ផ្ដើមការដ្ឋានជួសជុលប្រាសាទបាពួន ដ៏លំបាកមួយនេះ ហើយវាគឺជាសេចក្ដីរំភើបជាទីបំផុតមួយដែល ១៥ឆ្នាំក្រោយមក រូបលោកបានមកចូលរួមបិទការដ្ឋានជួសជុលនេះជាមួយព្រះមហាក្សត្រខ្មែរ។
លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង ថ្លែងបន្ត ៖ «ការងារស្រង់ថ្ម ចុះលេខប្រមែប្រមូលនូវរាល់ដុំថ្មផ្គុំវាឡើងវិញម្ដង១ដុំៗ បានសម្រេចរួចរាល់ដោយសារការងាររបស់លោក ប៉ាស្កាល់ រ៉ូយែរ៍ និងក្រុមការងារដែលធ្វើការជាមួយលោករួមជាមួយបុគ្គលិកខ្មែរជាច្រើននាក់ផ្សេងទៀត ជាអាទិមានកម្មករលើកដី កម្មករសំណង់ ជាងកាត់ថ្ម ជាងចម្លាក់ មេការកម្មករ ស្ថាបត្យករដែលបានរួមចំណែកធ្វើឱ្យការងារនេះទទួលជោគជ័យ ហើយសុទ្ធសឹងតែជាអ្នកដែលទូលបង្គំជាខ្ញុំសូមសម្ដែងការកោតសរសើរដ៏ស្មោះស្ម័គ្រនៅថ្ងៃនេះ ហើយការជួសជុលប្រាសាទបាពួននេះ ជាគម្រោងជួសជុលប្រាសាទមួយដ៏ធំនៅក្នុងពិភពលោក ហើយក៏ជាកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជាមួយដ៏ល្អជាងគេក្នុងវិស័យបុរាណវិទ្យា»។
លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបារាំង បានឱ្យដឹងថា ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ស្ថាប័នបារាំងជាច្រើនបានផ្ដល់ជំនួយដែលមានទឹកប្រាក់សរុបជាង ២០លានអឺរ៉ូ ដើម្បីធ្វើការជួសជុលប្រាង្គប្រាសាទអង្គរ និងចែករំលែកនូវចំណេះដឹងខាងវិទ្យាសាស្ត្រ បច្ចេកទេស និងគតិយុត្តិដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាតម្រូវការក្នុងការថែរក្សាបេតិកភណ្ឌដ៏វិសេសវិសាលនេះ។
ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ព្រះអង្គសូមឧទ្ទិសប្រាសាទបាពួន ឱ្យក្លាយទៅជានិមិត្តរូបនៃកម្លាំងសាមគ្គីភាព មិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិកម្ពុជា និងបារាំង រួមទាំងប្រជាជាតិទាំងអស់នៅលើសកលលោក។
ព្រះមហាក្សត្របានអំពាវនាវដូច្នេះ ៖ «ខ្ញុំសូមអំពាវនាវជាថ្មីចំពោះរដ្ឋាភិបាលនៃប្រទេសបារាំង និងប្រទេសនានាជាមិត្ត សូមបន្តជួយឧបត្ថម្ភគាំទ្រ និងរៀបចំរមណីយដ្ឋានប្រាសាទបូរាណខ្មែរឡើងវិញនៅទូទាំងប្រទេស ក្នុងស្មារតីសហប្រតិបត្តិការរួម ដើម្បីការពារបេតិកភណ្ឌប្រវត្តិសាស្ត្រដែលជាសម្បត្តិវប្បធម៌រួមរបស់មនុស្សជាតិ»។
ប្រាសាទបាពួន គឺជាប្រាសាទភ្នំដែលកសាងឡើងនៅពាក់កណ្ដាលសតវត្សទី១១ ក្នុងរជ្ជកាលព្រះមហាក្សត្រខ្មែរ ព្រះបាទ ឧទ័យាទិត្យវរ្ម័ន។
រដ្ឋាភិបាលបារាំង បានឱ្យដឹងថា ចាប់តាំងពីអំឡុងទសវត្ស១៩០០ សាលាបារាំងចុងបូព៌ា បានចាត់វិធានការជាច្រើនដើម្បីកាប់ឆ្ការព្រៃដ៏ក្រាស់ឃ្មឹក ដែលគ្របដណ្ដប់ប្រាសាទនេះឱ្យបានស្អាតឡើងវិញ ព្រមទាំងបានកែលម្អប្រព័ន្ធបង្ហូរទឹកចេញពីប្រាសាទនេះផង។
កាលពីអំឡុងទសវត្សទី៦០ ប្រទេសបារាំង បានចាប់ផ្ដើមគម្រោងជួសជុលប្រាសាទបាពួន ម្ដងមកហើយ ប៉ុន្តែបានអាក់ខានទៅវិញនៅអំឡុងទសវត្សទី៧០ ដោយសារប្រទេសខ្មែរមានសង្គ្រាមស៊ីវិល ហើយនៅពេលដែលពួកខ្មែរក្រហមដណ្តើមកាន់កាប់អំណាច បានធ្វើឱ្យឯកសារដែលជួលជុលប្រាសាទបាពួន ទាំងអស់បានបាត់បង់ទាំងស្រុង៕