ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដាំ​ដើម​ឈើ

ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២ យាង​ជា​ព្រះរាជ​អធិបតី​ក្នុង​ពិធី​រុក្ខ​ទិវា លើក​ទី​២២ នា​ខេត្ត​សៀមរាប។
ដោយ ហង្ស សាវយុត
2012-07-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះ​មហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ឆ្វេង​ទី​២) យាង​ដាំ​កូន​ឈើ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ​ លើក​ទី​២២ នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។
ព្រះ​មហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី (ឆ្វេង​ទី​២) យាង​ដាំ​កូន​ឈើ​ក្នុង​ពិធី​រុក្ខទិវា​ជាតិ​ លើក​ទី​២២ នៅ​ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។
RFA/Hang Savyouth

នៅ​ក្នុង​ឱកាស​នោះ ព្រះអង្គ​បាន​អំពាវ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​ជួយ​ជំរុញ​ការ​ដាំ​​ដើម​ឈើ​គ្រប់​ប្រភេទ​នៅ​តាម​ភូមិ​ តាម​ភ្លឺ​ស្រែ​ ឬ​តាម​ព្រំ​ដី​ចំការ​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើន​ជីវជាតិ​របស់​ដី​ផង និង​បាន​ផ្ដល់​ផ្លែ ផ្កា ស្លឹក និង​មើម​សម្រាប់​​ជា​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​ របស់​មនុស្ស និង​សត្វ​ផង។

ប្រជាពលរដ្ឋ មន្ត្រី​រាជការ សិស្សានុសិស្ស រួម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​អង្គ​ទូត​នានា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ប្រមាណ​ជាង ៨.០០០​នាក់ បាន​ចូល​រួម​ដាំ​ដើម​ឈើ​​​នៅ​ឯ​ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ចម្ងាយ​ប្រមាណ​ជាង ៤៥​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប ដើម្បី​ប្រារព្ធ​​​ពិធី​រុក្ខទិវា លើក​ទី​២២ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កក្កដា។

លោក ច័ន្ទ សារុន ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​រុក្ខទិវា​នោះ​ថា កូន​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ប្រមាណ​ជាង ២​ម៉ឺន​ដើម​ ត្រូវ​បាន​គេ​​យក​មក​ដាំ​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ ២២​ហិកតារ ក្នុង​ភូមិ​កំព្រំ ឃុំ​ឃុនរាម ស្រុក​បន្ទាយស្រី ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ប្រភេទ​ឈើ​កម្រ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប្រសើរ​​ឡើង​នូវ​សោភ័ណភាព ទេសភាព​ធម្មជាតិ បរិស្ថាន និង​ចូល​រួម​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​របស់​ភព​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​ផង។

លោក ច័ន្ទ សារុន៖ «ភូមិ​កំព្រំ មុន​ឆ្នាំ​១៩៩០ ព្រៃ​ឈើ​ក្នុង​តំបន់​នេះ​ជា​ប្រភេទ​ព្រៃ​ស្រោង និង​មាន​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ។ ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ជាង ២​ទសវត្ស​មក ព្រៃ​ឈើ​នៅ​តំបន់​នេះ​បាន​ទទួល​រង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ ​ដល់​ការ​កាប់​ដក​ហូត​ឈើ មិន​គោរព​តាម​បែប​បទ​បច្ចេកទេស និង​មាន​ការ​កាប់​រាន​ជា​បន្ត​បន្ទាប់ បណ្ដាល​ឱ្យ​ព្រៃ​ឈើ​នៅ​តំបន់​នេះ​ខូចខាត​ស្ទើរ​ទាំង​ស្រុង»

មន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​ការ​កែ​ទម្រង់​វិស័យ​​ព្រៃ​ឈើ ដោយ​ខិតខំ​ជំរុញ​ការ​អភិវឌ្ឍ​កម្មវិធី​ព្រៃ​ឈើ​ជាតិ ជា​ពិសេស​កម្មវិធី​កំណត់​ព្រំប្រទល់ និង​ចុះ​ពិធីការ​សម្បត្តិ​ព្រៃ​ឈើ​អចិន្ត្រៃយ៍ កម្មវិធី​អភិរក្ស​ធនធាន​ព្រៃឈើ និង​ជីវចម្រុះ និង​កម្មវិធី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ព្រៃឈើ​ជាដើម។

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ ថា ព្រៃ​ឈើ​គឺ​ជា​ធម្មជាតិ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​រក្សា​នូវ​បរិស្ថាន និង​ក៏​ជា​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច ទេសចរណ៍​ធម្មជាតិ វប្បធម៌ ព្រម​ទាំង​ជា​ជម្រក​ដ៏​សុខសាន្ត​ចំពោះ​សត្វ​គ្រប់​ប្រភេទ ដែល​​មាន​ជីវិត​រស់​នៅ​លើ​ភព​ផែន​ដី​​​នេះ។ ការ​បាត់បង់​ព្រៃ​ឈើ​វា​នឹង​ក្លាយ​ជា​បញ្ហា​ដែល​នឹង​បង្ក​ឱ្យ​ដី​បាត់បង់​ជីវជាតិ និង​កើត​មាន​គ្រោះ​ធម្មជាតិ ដែល​យើង​តែងតែ​ជួប​ប្រទះ​ជា​រៀង​រាល់​ឆ្នាំ គឺ​មាន​​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​សង្គម​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ ។ល។

ព្រះអង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​ទៀត​ថា ជា​រៀងរាល់​ឆ្នាំ ការ​កាប់​ឆ្ការ​រាន​ទន្ទ្រាន​ដី​ព្រៃ​ឈើ ឬ​ព្រៃ​លិច​ទឹក ដើម្បី​ដាំ​ដំណាំ​កសិកម្ម ឬ​ក៏​ក្នុង​គោល​បំណង​ផ្សេងៗ ដោយ​មិន​បាន​ពិចារណា​វែង​ឆ្ងាយ និង​ពុំ​អភិវឌ្ឍន៍​ទៅ​តាម​លក្ខណៈ​បច្ចេកទេស នាំ​ឱ្យ​ជួប​គ្រោះ​មហន្តរាយ​ជា​ច្រើន ដូច​ជា​ការ​កើន​ឡើង​នៃ​កម្ដៅ​ផែនដី ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត អូស​បន្លាយ​យូរ​អង្វែង ព្រម​ទាំង​មាន​ភាព​រហោឋាន​ទៀត​ផង។

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី៖ «ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​រុក្ខទិវា​នា​ឱកាស​នេះ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ សូម​អំពាវនាវ​បង​ប្អូន​ជន​រួម​ជាតិ​គ្រប់ៗ​រូប មេត្តា​យក​ចិត្ត​ទុក​ដាក់​ពិចារណា​អនុវត្ត​ជំរុញ​ការ​ដាំ​ដើម​ឈើ​នៅ​តាម​ភូមិ ភ្លឺ​ស្រែ ឬ​ព្រំ​ដី​ចំការ ឬ​ទី​កន្លែង​ដែល​អាច​ដាំ​បាន ដែល​នឹង​អាច​ផ្ដល់​ឈើ​សម្រាប់​សំណង់ អុស ធ្យូង បង្កើត​ជីវជាតិ​ដី និង​ដើម​រុក្ខជាតិ​គ្រប់​ប្រភេទ​ដែល​ផ្ដល់​ផ្លែ​ផ្កា ស្លឹក មើម សម្រាប់​ជា​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស និង​សត្វ​ទៀត​ផង ដោយ​មិន​ត្រូវ​ទុក​ដី​ឱ្យ​នៅ​ចោល​ទំនេរ​ឡើយ»

អ្នក​ជំនាញ​ខាង​ធនធាន​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​បរិស្ថាន​ធម្មជាតិ​ពុំ​មាន​ស្ថិរភាព​ឡើយ។ ព្រៃ​ឈើ ព្រម​ទាំង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ពឹង​ផ្នែក​លើ​ព្រៃ​ឈើ និង​បរិស្ថាន គឺ​កំពុង​ទទួល​រង​ការ​គំរាម​កំហែង។

ការ​ស្រាវជ្រាវ​អំពី​ព្រៃ​ឈើ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា បាន​បាត់​បង់​ព្រៃ​ឈើ​ប្រមាណ ១៣% ក្នុង​ចំណោម​ផ្ទៃដី​ជាង ១៣​លាន​ហិកតារ ដែល​មាន​ព្រៃ​ឈើ​ កាល​ពី​អំឡុង​មុន​ឆ្នាំ​១៩៧០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vannie

ពី Phnom Penh Cambodia

Is it fair, all people have a duty to plant a tree (poor only) when all the tree are mature for cutting, rich only and a few.

Jul 10, 2012 06:00 AM

អ្នក​អាន​អនាមិក

ព្រះមហាក្សត្រអំពាវនាវសូមអោយប្រជាពលរដ្ឌដាំដើមឈើដើម្បីទុក្ខអោយពួកចោរបំផ្លាញជាតិកាប់យកទៅលក់។

Jul 09, 2012 11:37 PM

អ្នក​អាន​អនាមិក

ពី វណ្ណៈ

ត្រឹមត្រូវណាស់ក្នុងការអំពាវនាវឲ្យដាំ ប៉ុន្តែកុំភ្លេចអំពាវនាវកុំឲ្យកាប់ផង បើដាំហើយកាប់បំផ្លាញ
ក៏មិនមានប្រយោជន៍ដែរ។

Jul 09, 2012 10:54 PM

Nick

ទង្វើរបស់ព្រះបាទសីហមនីគឺពិតជាគប្បប្រសើរប៉ន្តែបើព្រះឃោសនាបញ្ឈប់រាល់សកម្មភាពកាប់ព្រៃឈើវិញនោះវាជាការប្រសើជាអតិបរមាហើយវាជាសកម្មភាពដែលពរដ្ឋគ្រប់រូបទទូចចង់បានព្រោះមានអ្នកបូជាជីវិតដើម្បីការពារព្រៃឈើ

Jul 09, 2012 09:23 PM

Both Angkor

Brova!!!!!! tooooooooooo late to call for people to plant.king should call for stop cutting the tree,now we have 35%.

Jul 09, 2012 08:47 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល