នាឱកាសពិធីសម្ពោធបូជនីយដ្ឋានដូនពេញនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលអំពីនិមិត្តរូបដូនពេញដែលទើបកសាងថ្មីនោះយ៉ាងដូច្នេះថា ៖ «បូជនីយដ្ឋានដូនពេញជាស្ថាបត្យកម្មដ៏ល្អប្រណីត ...រូបរាងឡើងសម្រាប់ជាការលម្អទីក្រុងផង សម្រាប់ឲ្យសាធារណជនកាន់តែស្គាល់ច្បាស់នូវតម្លៃនៃវប្បធម៌ប្រវត្តិសាស្រ្តខ្មែរផង និងជាទីគោរពសក្ការៈរបស់ខេមរជនទូទៅផង» ។
ចំណែកឯអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា ក៏បានថ្លែងក្នុងពិធីនោះដែរថា ៖ «មួយវិញទៀតបូជនីយដ្ឋានដូនពេញពិតជានឹងជួយដាស់អង្រូនស្មារតីកូនខ្មែរ ឲ្យនឹកឃើញនិងចងចាំជានិច្ចនូវវីរភាពនៃតម្លៃស្រ្តីខ្មែរនាអតីតកាល ដែលពោពេញទៅដោយចំណេះដឹង គុណធម៌ គតិបណ្ឌិត ក្នុងការដឹកនាំសង្គម» ។
សូមជម្រាបថា ថ្មីៗនេះអាជ្ញាធរក្រុងភ្នំពេញបានកសាងនៅតាមទីសួនសាធារណៈនូវ រូបសំណាកអ្នកប្រាជ្ញកវីខ្មែរមួយចំនួន ដែលក្នុងនោះរួមមានអ្នកភិរម្យក្រមង៉ុយ និងសម្តេចសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ។ ដោយឡែករូបសំណាកព្រះមហាវីរក្រត្ស សម្តេចព្រះនរោត្តម សីហនុ គឺបច្ចុប្បន្នកំពុងស្ថិតក្នុងព្រះបរមរាជវាំងនៅឡើយ ។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា កម្ពុជាត្រូវបន្តគំនិតស្ថាបនារូបសំណាកវីរបុរសខ្មែរ ឲ្យបានច្រើនជាងនេះតទៅទៀត ៖ «ហើយធ្វើឲ្យប្រជាពលរដ្ឋមានចិត្តមួយគឺថា គេស្រឡាញ់ស្នេហាជាតិ ហើយគេយករូបណាមួយដែលគេគោរពហ្នឹងធ្វើជាគំរូ ដើម្បីនឹងរៀនធ្វើតាមទៅអនាគត» ។
សូមជម្រាបថា រូបសំណាកដូនពេញត្រូវអាជ្ញាធរក្រុងភ្នំពេញកសាងឡើងនៅប៉ែកខាងត្បូងរមណីយដ្ឋានវត្តភ្នំ កណ្តាលទីកុ្រងភ្នំពេញ ។
ទាក់ទិនការស្ថាបនាបូជនីយដ្ឋានដូនពេញលើដីដែលធ្លាប់បានជួលឲ្យក្រុមហ៊ុនចិនកន្លងមកនោះ លោកតំណាងរាស្ត្រ សុន ឆ័យ បានថ្លែងយ៉ាងដូច្នេះថា ៖ «ក៏ប៉ុន្តែព្រឹកមិញមានការធូរទ្រូងដោយសារតែគេបានដាក់រូបសំណាកដូនពេញនៅទីនោះ ហើយគេបានអះអាងថាជាតំបន់សាធារណៈ ។ វាជាការដែលយើងសង្ឃឹមថាទីនេះមិនត្រូវបានគេលក់ដូចទីដទៃទៀតនោះទេ» ។
សូមជម្រាបបន្ថែមថា រហូតមកទល់ពេលនេះ រាជធានីភ្នំពេញមានអាយុកាល ៥៧៤ឆ្នាំហើយ ។ ហើយទីក្រុងមួយនេះ ធ្លាប់បានទទួលរងនូវដំណាក់វិនាសកម្មនិងដំណាក់កាលរីកចម្រីនផងដែរ ។ បច្ចុប្បន្នរាជធានីភ្នំពេញក៏កំពុងប្រឈមនូវការកែប្រែសភាពដើមរបស់ខ្លួន ដោយសំណង់បែបទំនើប ៕