អង្គការ សមាគម​ខ្មែរ​ក្រោម​ប្រជុំ​គ្នា​រក​មធ្យោបាយ​ជួយ​អតីត​សង្ឃ ទឹម សាខន

អង្គការ សមាគម​ខ្មែរ​ក្រោម ចំនួន​៧ អង្គការ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់ បន្ទាប់​ពី​អតីត​ព្រះសង្ឃ​ដើម​កំណើត​ខ្មែរ​ក្រោម ទឹម សាខន ត្រូវ​អាជ្ញាធរ​វៀតណាម​ដោះលែង​ចេញ​ពី​ពន្ធនាគារ​មក​រស់នៅ​ក្នុង​ភូមិ​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​នៅ​តែ​បន្ត​យាមកាម​មិន​ឲ្យ​ចូល​មក​រស់នៅ​កម្ពុជា​ឡើយ។

0:00 / 0:00

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​ក្រោម​ឲ្យ​ដឹង​ថា កិច្ច​ជំនុំ​នេះ​បាន​ផ្តោត​ទៅ​លើ​ការ​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវ​ច្បាប់ ដូចជា​ការដាក់​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​ព្រះមហាក្សត្រ​ខ្មែរ ធ្វើ​កិច្ច​អន្តរាគមន៍​រឿង​នេះ ដើម្បី​យក​ពលរដ្ឋ​របស់​ខ្លួន​មក​កាន់​ប្រទេស​វិញ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «យើង​បាន​ជជែក​គ្នា គឺ​តេជគុណ ទឹម សាខន ជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ អ៊ីចឹង​យើង​មាន​វិធី​របស់​យើង នឹង​ស្នើ​ទៅ​រដ្ឋាភិបាល ក៏​ដូច​ព្រះមហាក្សត្រ ដើម្បី​ជួយ​អន្តរាគមន៍​ឲ្យ​បាន​លោក​ត្រឡប់​មក​វិញ​ទី​១។ ទី​២ នឹង​អំពាវនាវ​ដល់​អង្គការ​ជាតិ អន្តរជាតិ ជា​ពិសេស អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ហ្នឹង យើង​គ្រោង​នឹង​ជួប​ដើម្បី​ឲ្យ​លោក​ជួយ​អន្តរាគមន៍ ពី​បញ្ហា​ហ្នឹង​ឲ្យ​បាន​បន្ទាន់​ផង ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​តែ​មាន​សុខភាព​យ៉ាង​ទ្រុឌ​ទ្រោម ហើយ​ឈឺ​ធ្ងន់​ផង ដូច្នេះ យើង​មាន​ការព្រួយ​បារម្ភ​សុខភាព​របស់​លោក​ខ្លាំង​ណាស់»

ប្រភព​ពី​អង្គការ​សម្រប​សម្រួល​ខ្មែរ​កម្ពុជា​ក្រោម ដែល​ដឹកនាំ​ដោយ​លោក គឹម វណ្ណឆេង និង​ដែល​បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ​មុន បាន​អះអាង​ថា អតីត​ព្រះសង្ឃ​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​គ្រូ​សង្គ្រាជ នៅ​វត្ត​ភ្នំដិន ខេត្ត​តាកែវ ទឹម សាខន ត្រូវ​បាន​គេ​ដោះលែង​ឲ្យ​រួច​ខ្លួន​មក​វិញ ក្រោយ​ពី​ផុត​កំណត់​ទោសទណ្ឌ​រយៈពេល​មួយ​ឆ្នាំ ដែល​លោក​បាន​ប្រព្រឹត្ត។

លោក គឹម វណ្ណឆេង អះអាង​ថា គេ​បាន​នាំ ទឹម សាខន ដើរ​កម្សាន្ត​អស់​រយៈពេល​២​ខែ​មក​ហើយ រួច​គេ​បាន​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​ជិះ​និង​បាន​ផ្តល់​ការងារ​ឲ្យ​ធ្វើ​ថែម​ទៀត បន្ទាប់​មក​ទើប​គេ​ឲ្យ ទឹម សាខន មក​រស់​នៅ​ក្នុង​ផ្ទះ​នៃ​ភូមិ​កំណើត​របស់​លោកវិញ។

លោក គឹម វណ្ណឆេង អះអាង​ទៀត​ថា គ្មាន​ការហាមប្រាម​បំបិទ​សេរីភាព​មិន​ឲ្យ​មក​កម្ពុជា​នោះ​ទេ ក៏​ប៉ុន្តែ ទឹម សាខន គ្មាន​ហេតុផល​ដែល​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ ៖ «អត់​មាន​ត្រូវការ​ហាម​ឃាត់​គាត់​អី​ទៀត​ទេ ដោយសារ​វៀតណាម គេ​កាត់ទោស​គាត់ គ្រប់​មួយ​ឆ្នាំ​ហើយ ឥឡូវ​នេះ គេ​ដោះលែង​គាត់​ហើយ ឲ្យ​មាន​សិទ្ធិ​សេរីភាព​ហើយ គាត់​មាន​ផ្ទះ មាន​សម្បែង​នៅ​ទីនោះ​ទៀត។ យើង​ទាំង​អស់​គ្នា ដូចជា​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន គាត់​ចេះ​តែ​ឮ​សូរ​គេ​និយាយ​ថា វា​អត់​មាន​ពិត​ប្រាកដ​ជា​សក្ខីភាព​អី ចេះ​តែ​និយាយ ចេះ​តែ​ថា នាំ​ឲ្យ​ប្រាសចាក នាំ​ឲ្យ​ខុស»

ទោះបី​ជា​មាន​ការអះអាង​យ៉ាង​ដូច្នេះ​ក៏​ដោយ ប្អូន​ប្រុស​របស់​លោក ទឹម សាខន លោក ចៅ បាន បាន​បដិសេធ​ថា នោះ​គឺ​ជា​រឿង​មិន​ពិត​ឡើយ។

លោក ចៅ បាន ដែល​បាន​ទៅ​ជួប​សួរ​សុខទុក្ខ​បងប្រុស​របស់​លោក​រយៈពេល​មួយ​ថ្ងៃ នៅ​ភូមិ​អណ្តូង ស្រុក​ស្វាយទង ខេត្ត​មាត់ជ្រូក ផ្ទះ​របស់​ម្តាយ​មីង​លោក ក្រោយ​ពី​ការ​ដោះលែង​ពី​គុក​នោះ បាន​បញ្ជាក់​ថា មាន​ប៉ូលិស​ពីរ​នាក់​នៅ​យាម ទឹម សាខន ទាំង​យប់​ទាំង​ថ្ងៃ សូម្បី​ពេល​ចូល​បន្ទប់​ទឹក។

លោក ចៅ បាន និយាយ​បន្ត​ទៀត​ថា បង​ប្រុស​របស់​លោក​បាន​ខ្សឹប​ប្រាប់​ថា ចង់​ត្រឡប់​មក​កម្ពុជា​វិញ ក៏​ប៉ុន្តែ​ត្រូវ​បាន​គេ​ហាម​ឃាត់ ៖ «ក្នុង​ការជួប​លោក​ហ្នឹង ទាល់​តែ​គេ​អង្គុយ​នៅ​ហ្នឹង​មួយ តុ​មូល​មួយ គេ​មក​អង្គុយ​គ្នា​គេ ២​នាក់ ឬ​ក៏​ម្នាក់​ដែរ បាន​យើង​បាន​ជួប។ និយាយ​ស្អី​ក៏​គេ​នៅ​ហ្នឹង​ដែរ សូម្បី​តែ​ពូ​ក្មួយ​បង្កើត ក៏​យើង​គ្មាន​សិទ្ធិ​អី​ជំនុំ​វែក​ញែក​រឿង​ផ្សេងៗ​ហ្នឹង​ដែរ គ្រាន់​តែ​ដឹង​បញ្ហា​សុខ​ទុក្ខ​ប៉ុណ្ណឹង។ អ៊ីចឹង​ថ្ងៃ​ទៅ​ហ្នឹង បាន​ខ្ញុំ​ដឹង​ដំណឹង​ប៉ុណ្ណឹង អាហ្នឹង​លោក​បង​ខ្ញុំ កេះចេញ​ពី​នោះ​មក ខ្ញុំ​ចេញ​ប្រហែល​ជា ២៥​ម៉ែត្រ​អី»

ទឹម សាខន អតីត​ព្រះសង្ឃ​ដើម​កំណើត​ខ្មែរ​ក្រោម​និង​ជា​សង្រ្គាជ​នៅ​វត្ត​ភ្នំដិន ខេត្ត​តាកែវ ព្រះជន្ម​ជាង ៥០​វស្សា ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ផ្សឹក កាល​ពី​ឆ្នាំ​មុន ហើយ​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ប្រទេស​វៀតណាម ដោយ​ចោទ​ប្រកាន់​ថា បាន​បទ​បង្ក​ឲ្យ​មាន​ការបែកបាក់​ចំណង​សាមគ្គី​ភាព​កម្ពុជា​-វៀតណាម។

តាម​ការកាត់​សេចក្តី​របស់​អាជ្ញាធរ​វៀតណាម កាលពី​ឆ្នាំ​មុន គេ​បាន​តម្រូវ​ឲ្យ ទឹម សាខន ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ ហើយ​ដែល​ត្រូវ​ផុត​កំណត់​នៅ​ក្នុង​ឆ្នាំ​នេះ។

ប្រភព​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​វិញ ឲ្យ​ដឹង​ថា ការដោះលែង​នោះ​មិន​មែន​ជា​ការ​ដោះលែង​ផ្លូវការ​ឡើយ ពីព្រោះ​គេ​ពុំ​បាន​ឃើញ​លិខិត​លាយលក្ខណ៍​អក្សរ​និង​ការប្រកាស​សាលក្រម​នៃ​ការដោះលែង​ទាល់​តែ​សោះ។

តំណាងរាស្រ្ត សុន ឆ័យ ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​បរទេស ធ្លាប់​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ខ្មែរ​ដំបូង ចូល​ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មាន​ការដោះលែង ទឹម សាខន បាន​អត្ថាធិប្បាយ​នៅ​ថ្ងៃ​នេះ (អង្គារ ទី១២ សីហា) ថា លោក​បាន​ដំណឹង​ក្រៅ​ផ្លូវការ​ថា អាជ្ញាធរ​វៀតណាម​បាន​រៀបចំ​ពង្វាង​យ៉ាងណា​មិន​ឲ្យ ទឹម សាខន អាច​ចូល​ក្នុង​ទឹក​ដី​ខ្មែរ ដោយ​បារម្ភ​ខ្លាច​អំពី​លទ្ធភាព​នៃ​ការធ្វើ​សកម្មភាព​សា​ជា​ថ្មី។

លោក សុន ឆ័យ បាន​រិះគន់​ថា ការ​ផ្សឹក​និង​ការកាត់ទោស លោក ទឹម សាខន ជា​អំពើ​ល្មើស​ច្បាប់​មួយ​ទៅ​ហើយ ប៉ុន្តែ​ការដោះលែង​មក​វិញ ហើយ​ដាក់​ការហាមប្រាម មិន​ឲ្យ​មក​ជួបជុំ​ឪពុក​ម្តាយ​នៅ​កម្ពុជា ជា​អំពើ​ល្មើស​ច្បាប់​មួយ​បន្ថែម​ទៀត។

លោក​បន្ត​ទៀត​ថា លោក​នឹង​ធ្វើ​លិខិត​តវ៉ា​រឿង​នេះ នៅ​ដើម​សប្តាហ៍​ក្រោយ ទៅ​កាន់​អាជ្ញាធរ​វៀតណាម ៖ «ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ ជន​ជាតិ​ខ្មែរ ហើយ​ដែល​ធ្លាប់​ជា​ចៅ​អធិការ​វត្ត​ផង លោក​មាន​សិទ្ធិ​គ្រប់គ្រាន់ ១០០% មក​កាន់​ប្រទេស​កម្ពុជា​យើង​វិញ ត្រូវ​តែ​ឲ្យ​លោក​មក​ជួប​ឪពុក​លោក។ តាម​យើង​ដឹង​ឪពុក ហើយ​ញាតិ​ញោម​លោក នៅឯ​ស្រុក​ខ្មែរ​នេះ​នៅ​ឡើយ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ ខ្ញុំ​នឹង​រក​វិធី​ដើម្បី​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​វៀតណាម ដោយ​ផ្ទាល់ ហើយ​ខ្ញុំ ក៏​នឹង​ធ្វើការ​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនីស្ដ​វៀតណាម​ដែរ»

វិទ្យុ អាស៊ីសេរី បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​ស្ថានទូត​វៀតណាម ប៉ុន្តែ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម លោក ជីង បាកាំ បាន​និយាយ​ថា លោក​ជាប់​ប្រជុំ។

គួរជម្រាប​ជូន​ថា ការចាប់​ខ្លួន​អតីត​ព្រះសង្ឃ​ដើម​កំណើត​ខ្មែរ​ក្រោម ទឹម សាខន កាលពី​ឆ្នាំ​មុន បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ ចេះតែ​ភៀស​ខ្លួន​ជា​បន្ត​បន្ទាប់​ចេញ​ពី​ប្រទេស​វៀតណាម​ចូល​មក​រស់នៅ​កម្ពុជា ហើយ​បាន​ទទួល​នូវ​ការទំនុក​បម្រុង​ពី​ព្រះអង្គ ដោយ​ផ្ដល់​នូវ​ទីកន្លែង​ស្នាក់​អាស្រ័យ​និង​ម្ហូប​អាហារ។

នៅគ្រា​នោះ​ដែរ ចរន្ត​នៃ​ការតវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​វៀតណាម អំពី​រឿង​រំលោភ​សិទ្ធិ​រស់នៅ​រំលោភ​យក​ដីធ្លី​ស្រែ​ចម្ការ ក៏​បាន​កក្រើក​ឡើង​ខ្លាំង​ណាស់​ដែរ នៅ​វៀតណាម​ភាគ​ខាង​ត្បូង ប៉ុន្តែ​ក្រោយ​ពី​ការចាប់​ខ្លួន​នោះ​មក ការឆ្លង​ដែន​របស់​ពលរដ្ឋ​ខ្មែរក្រោម មក​រក​ការងារ​ធ្វើ​នៅ​កម្ពុជា ក៏​ត្រូវ​គេ​រឹតត្បិត រីឯ​ក្រុម​អ្នក​តវ៉ា​ទាមទារ​សេរីភាព​នៃ​ការរស់នៅ សេរីភាព​នៃ​ការគោរព​សាសនា និង​ការតវ៉ា​រឿង​ដីធ្លី​នៅ​វៀតណាម ភាគ​ខាង​ត្បូង ជា​ច្រើន​នាក់ កំពុង​ត្រូវ​អាជ្ញាធរ​វៀតណាម​តាម​ចាប់​ខ្លួន ហើយ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ទាក់ទង​ទៅ​នឹង​រឿង ទឹម សាខន ថែម​ទៀត៕