សហគមន៍និងព្រះសង្ឃខ្មែរកម្ពុជាក្រោមនៅកម្ពុជា បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ សុំការអនុញ្ញាតរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ និងប្រារព្ធទិវាកាន់ជាតិខ្មែរខួប ៦២ឆ្នាំ ដែលអាណានិគមបារាំង កាត់ទឹកដីខ្មែរឲ្យអាណានិគមវៀតណាម។
ពិធីនេះគេគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ នៅសួនច្បារខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃទី៦ ឧសភា ថា លោកបានដាក់លិខិតទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី៤ ឧសភា ដើម្បីសុំអនុញ្ញាតរៀបចំពិធីនេះ។ លោកថា គោលបំណងនៃការរៀបចំពិធីនេះ ដើម្បីរំលឹកខួបគម្រប់ ៦២ឆ្នាំ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ ជាការសម្ដែងនូវការឈឺចាប់ ការសោកស្ដាយទឹកដី ដែលអាណានិគមបារាំង បានកាត់ទឹកដីខ្មែរឲ្យអាណានិគមវៀតណាម ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរចងចាំប្រវត្តិសាស្ត្រដ៏ជូរចត់នេះ។
លោក ថាច់ សេដ្ឋា មានប្រសាសន៍បន្តដូច្នេះ ៖ «យើងបានបញ្ជូនលិខិតនេះទៅសាលាក្រុងរួចរាល់ហើយ ប៉ុន្តែមិនទាន់ឃើញឆ្លើយតបទេ។ ជារៀងរាល់ឆ្នាំសាលាក្រុងតែងតែធ្វើឲ្យយើងលំបាកក្នុងការរៀបចំ ឆ្នាំនេះសូមអំពាវនាវឲ្យសាលាក្រុងមេត្តារួសរាន់ជួយផ្ដល់ទីកន្លែងទៅតាមការស្នើរបស់សហគមន៍ ដើម្បីងាយស្រួលដល់ការរៀបចំ»។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានបិទទូរស័ព្ទមិនឆ្លើយតបឡើយ ចំពោះសំណួរអំពីការអនុញ្ញាតប្រារព្ធពិធីនេះថាយ៉ាងណានោះទេ។
យ៉ាងណាក្ដី សហគមន៍ខ្មែរកម្ពុជាក្រោមបានអះអាងថា គេនៅតែប្រារព្ធធ្វើដដែល បើទោះជាពុំមាន ការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។
ប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ចាន់ សុផាត ដែលជាសមាជិកគណៈកម្មការមួយក្នុងការរៀបចំពិធីបុណ្យនេះដែរ មានព្រះថេរដីកាថា មួយភាគធំនៃកម្មវិធីនេះ គឺជាវិធីបុណ្យតាមបែបសាសនា ដែលគេនឹងធ្វើពិធីរាប់បាត្របង្សុកូលដើម្បីឧទ្ទិសកុសលផលបុណ្យទៅវីរបុរសដែលបានតស៊ូក្នុងបុព្វហេតុស្នេហាជាតិ ការពារពូជសាសន៍ សាសនា សិល្បៈ វប្បធម៌ អក្សរសាស្ត្រ និងទំនៀមទម្លាប់ខ្មែរឲ្យនៅគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
ព្រះតេជព្រះគុណ ចាន់ សុផាន បន្តថា ៖ «កម្មវិធីបុណ្យនេះពិតមែនថា យើងដាក់ថាខួបបាត់បង់ទឹកដីមែន តែយើងបានភ្ជាប់ពាក្យថា រាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ ដោយយកឆ្នាំដែលយើងបានបាត់បង់ទឹកដីដែលបារាំង កាត់ទឹកដីឲ្យស្ដេចកៅដាយហ្នឹងណាស់ អ៊ីចឹងហើយបានជាយើងបង្ហាញអំពីទុក្ខសោករបស់ខ្មែរកម្ពុជាក្រោម»។
គេរំពឹងទុកថា មានព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ព្រះសង្ឃប្រមាណ ២ពាន់អង្គ អ្នកតំណាងរាស្ត្រ មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋចូលរួមផងដែរ។ ពិធីបុណ្យនេះសហគមន៍ខ្មែរកម្ពុជាក្រោមនៅជុំវិញពិភពលោកតែងតែប្រារព្ធចាប់តាំងពីឆ្នាំ២០០០ ជារៀងរាល់ឆ្នាំរហូតមក៕
