ខ្មែរ​ក្រោម​នៅ​ភូមិ​បែក​ក្រង់​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់

ខ្មែរ​កម្ពុជា​ក្រោម​បាន​រត់​ភៀស​ខ្លួន​ពី​ភូមិ​កំណើត​របស់​ខ្លួន​មក​បង្កើត​ជា​ភូមិ​មួយ រស់​នៅ​ប្រមូល​ផ្ដុំ​គ្នា នៅ​ភូមិ​បែក​ក្រង់ ឬ​ហៅ​ថា​ភូមិ​ប្រឡាយ​ទទឹង។
ដោយ ទីន ហ្សាការីយ៉ា
2012-04-07
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លក់ទឹក៣០៥
៤-មេសា-២០១២៖ រ៉ឺម៉ក​ដឹក​ទឹក​ទៅ​លក់​ឲ្យ​ខ្មែរ​ក្រោម​នៅ​ភូមិ​បែក​ក្រង់
Photo: RFA

ភូមិ​បែក​ក្រង់ ជា​ភូមិ​មួយ​មាន​តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ ដែល​គេ​បង្កើត​ជា​ភូមិ​រស់​នៅ​ជួប​ជុំ​គ្នា​នៅ​ជាប់​នឹង​ដៃ​សមុទ្រ មើល​ពី​ចម្ងាយ​ឃើញ​តែ​ទឹក ដែល​គេ​សង់​ផ្ទះ​នៅ​លើ​ទឹក​ជាប់​អម​សង​ខាង​ផ្លូវ។

ថ្វី​ត្បិត​តែ​ភូមិ​បែក​ក្រង់​មាន​ទឹក​នៅ​ជាប់​ជុំវិញ​ផ្ទះ មើល​ទៅ​ប្រជា​ពល​រដ្ឋ​ហាក់​បី​ដូច​ជា​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ការ​ស្មាន​នេះ​ខុស​ស្រឡះ​ទៅ​វិញ ពី​ព្រោះ​ថា ទឹក​នៅ​តាម​ប្រឡាយ​ជាប់​ភូមិ​នោះ​ជា​ទឹក​ប្រៃ គឺ​ទឹក​សមុទ្រ ប្រជា​ពល​រដ្ឋ​មិន​អាច​ប្រើប្រាស់​បាន ដែល​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​ខ្វះ​ទឹក​សាប​ប្រើប្រាស់។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​បែក​ក្រង់ បាន​រអ៊ូ​ថា ពួក​គាត់​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ​ទេ។ ការ​រស់​នៅ​អាស្រ័យ​លើ​ការ​ទិញ​ទឹក​ពី​ភូមិ​ដទៃ​នៅ​ជាប់​ផ្លូវ​ជាតិ មាន​ចម្ងាយ​ប្រមាណ ១០​គីឡូ​ម៉ែត្រ យក​មក​ប្រើប្រាស់។

ប្រជា​ពល​រដ្ឋ​ឈ្មោះ សឺង ធី បាន​រៀប​រាប់​ថា ពួក​គាត់​បាន​ទៅ​រស់​នៅ​ភូមិ​បែក​ក្រង់​មាន​អ្នក​ខ្លះ​ជាង ២០​ឆ្នាំ និង​អ្នក​ខ្លះ​ទៀត​ជាង ៣០​ឆ្នាំ​មក​ហើយ គឺ​មិន​ទាន់​មាន​ទឹក​សាប ឬ​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ ពី​ព្រោះ​ថា តំបន់​នោះ​កន្លង​មក អ្នក​ភូមិ​បាន​ជីក​អណ្ដូង​ដែរ តែ​មិន​មាន​ទឹក​សាប។

ការ​ប្រើប្រាស់​ទឹក​របស់​អ្នក​ភូមិ​បែក​ក្រង់ ដែល​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ភៀស​ខ្លួន​ពី​ស្រុក​កំណើត​របស់​ខ្លួន​នៅ​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ប្រទេស​វៀតណាម​បច្ចុប្បន្ន នៅ​ចន្លោះ​ឆ្នាំ​១៩៨៥ ឆ្នាំ​១៩៨៨ បាន​មក​បង្កើត​ជា​ភូមិ​រស់​នៅ​ក្នុង​ភូមិ​ប្រឡាយ​ទទឹង ឬ​ភូមិ​បែក​ក្រង់ ស្ថិត​នៅ​ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខែត្រ​ព្រះសីហនុ។

ប្រជា​ពល​រដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ថា ថ្វីត្បិត​តែ​ពួក​គាត់​បច្ចុប្បន្ន​មាន​សេរីភាព​ពេញ​លេញ​ដូច​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​ដែរ​នោះ ប៉ុន្តែ​ការ​រស់​នៅ​មាន​ការ​លំបាក​ជាង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជាប់​ផ្លូវ​ជាតិ ដែល​គេ​មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​ងាយ​ស្រួល​ប្រកប​មុខ​របរ។ ដោយ​ឡែក​សម្រាប់​ពួក​គាត់​រស់​នៅ​តំបន់​ដាច់​ស្រយាល អ្នក​ខ្លះ​ពឹង​លើ​មុខ​របរ​នេសាទ​តាម​សមុទ្រ ធ្វើ​ស្រែ​ចម្ការ និង​ធ្វើ​កម្មករ​ជា​ដើម។

ការ​ចំណាយ​លើ​ថ្លៃ​ទិញ​ទឹក​ប្រើ​ជា​បន្ទុក​មួយ​ទៀត​របស់​អ្នក​ភូមិ​បែក​ក្រង់ ក្រៅ​ពី​ចំណាយ​លើ​ថ្លៃ​ទិញ​អង្ករ ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ និង​ចំណាយ​លើ​កូន​ទៅ​រៀន នៅ​ខណៈ​ដែល​ពួក​គាត់​រក​ចំណូល​ប្រចាំ​ថ្ងៃ​មិន​សូវ​បាន។ ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ជាង ២០០​គ្រួសារ មាន​អ្នក​ខ្លះ​ប្រើ​ទឹក​សម្រាប់​ដាំ​បាយ និង​ពិសា​ទេ ពួក​គាត់​មិន​ហ៊ាន​មុជ​ទឹក​សាប​នោះ​ទេ ពួក​គាត់​មុជ​ទឹក​ប្រៃ ឬ​ទឹក​សមុទ្រ​ជា​រហូត​មក ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។

ដោយ​ឡែក ទោះបី​ជា​ប្រជា​ពល​រដ្ឋ​ខ្លះ​មាន​លទ្ធភាព​ទិញ​ទឹក​យក​មក​ប្រើ​ប្រាស់​ក្ដី ប៉ុន្តែ​ថ្ងៃ​ខ្លះ អ្នក​ដឹក​ទឹក​លក់​រវល់​ការ​ងារ​ផ្សេង ពួក​គាត់​ត្រូវ​រង់ចាំ​អ្នក​ដឹក​ទឹក​លក់​តាំង​ពី​ពេល​ព្រឹក រហូត​ដល់​ថ្ងៃ​រសៀល​ក៏​មាន។

អ្នក​ដឹក​ទឹក​លក់​តាម​រ៉ឺម៉ក ឈ្មោះ ឡង់ ដាវ បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​គាត់​ដឹក​ទឹក​លក់​ចំនួន​បី​ជើង ក្នុង​មួយ​ជើង​រ៉ឺម៉ក​របស់​គាត់​អាច​ផ្ទុក​ទឹក​បាន​ចំនួន ១៥០០​លីត្រ។ លោក​បញ្ជាក់​ថា ក្នុង​ធុង​ទឹក​មួយ​ចំណុះ​ជាង ២០០​លីត្រ គាត់​លក់​តម្លៃ ៦០០០​រៀល។ យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ខ្លះ​គាត់​ដឹក​ទឹក​លក់​មិន​ទាន់​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​ឡើយ។

ប្រជា​ពល​រដ្ឋ​មួយ​រូប​ទៀត​ឈ្មោះ ចៅ ដែន បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​ទិញ​ទឹក​គេ​ប្រើ​អស់​ចន្លោះ​ពី ៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល។ លោក ចៅ ដែន បាន​បញ្ជាក់​ទៀត​ថា នៅ​ប្រទេស​វៀតណាម​មាន​ការ​លំបាក​ផ្នែក​ផ្លូវ​ចិត្ត ទើប​ពួក​គាត់​ភៀស​ខ្លួន​មក​ទី​នេះ ពីព្រោះ​ពួក​គាត់​ប្រឈម​នឹង​ការ​គាបសង្កត់​ពី​អាជ្ញាធរ​វៀតណាម។

ទោះបី​ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មក​រស់​នៅ​ក្នុង​ភូមិ​បែក​ក្រង់ មាន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ ប៉ុន្តែ​មើល​ទៅ​ជីវភាព​របស់​ពួក​គាត់​ហាក់​បី​ដូច​ជា​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ទេ។ ក្នុង​ចំណោម​ពួក​គាត់​ទាំង​នោះ មាន​អ្នក​ខ្លះ​ជីវភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ អ្នក​ខ្លះ​ទៀត​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ​ជា​ដើម។

មេ​ឃុំ​ព្រៃនប់ លោក ប៉ែន សំបូរ បាន​ទទួល​ស្គាល់​ថា អ្នក​ភូមិ​បែក​ក្រង់​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​មែន។ លោក​មេ​ឃុំ​បញ្ជាក់​ថា កន្លង​មក លោក​ធ្លាប់​ស្នើ​សុំ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​មក​ធ្វើ​អណ្ដូង​នៅ​ក្នុង​ភូមិ​នេះ​ដែរ ប៉ុន្តែ​ក្រោយ​ពី​ការ​សិក្សា​ទីតាំង​ភូមិ​សាស្ត្រ តំបន់​នេះ​គ្មាន​ទឹក​សាប​ទេ ទោះបី​ជា​គេ​ជីក​អណ្ដូង​ទឹក​មាន​ជម្រៅ​ជាង ៧០​ម៉ែត្រ​ក៏​ដោយ។

ឃុំ​ព្រៃនប់​មាន​ចំនួន ៥​ភូមិ មាន​ប្រជា​ពល​រដ្ឋ​រស់​នៅ​សរុប​ជាង ៧​ពាន់​នាក់។ ក្នុង​ចំណោម​ភូមិ​ទាំង​៥​នេះ មាន​តែ​ភូមិ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​នេះ​ទេ ដែល​មិន​ទាន់​មាន​ទឹក​សាប ឬ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឡើយ​នោះ។

ទាក់​ទង​ទៅ​និង​បញ្ហា​នេះ លោក​មេ​ឃុំ ប៉ែន សំបូរ បាន​អះអាង​ថា រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​មូលនិធិ​សម្រាប់​អភិវឌ្ឍ​ឃុំ​ដែរ ប៉ុន្តែ​ថវិកា​ក្នុង​មួយ​ឆ្នាំ​ជាង ១​ម៉ឺន​ដុល្លារ​នោះ លោក​យក​ទៅ​អភិវឌ្ឍ​តំបន់​ត្រូវ​ការ​បន្ទាន់​មុន ដូច​ជា​ធ្វើ​ផ្លូវ​ថ្នល់ និង​បញ្ហា​ផ្សេងៗ ទៀត។ ទោះបី​ជា​យ៉ាង​នេះ​ក្ដី លោក​មេ​ឃុំ​បាន​សន្យា​ថា លោក​នឹង​លើក​គម្រោង​ត​បណ្ដាញ​ទឹក​ស្អាត​ភ្ជាប់​ពី​ឃុំ​ព្រៃនប់​នៅ​ជាប់​ផ្លូវ​ជាតិ ទៅ​ភូមិ​បែក​ក្រង់​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Dear RFA,
When are you doing cutdown your TrorPorng of Phnom Aaryang Dull Naar Tiet? I did not see some of comments especially the comment that related to Chhorn KbotCheats such Var Kim Hong, Sok Ann, etc, and Yuon (this is true, you know that they are spy of viets). Hope our taxe money are well spent on Voice of America and RFA on Khmer section. Anayways, my apology if my comments put too pressure on you. With all my respect to RFA field people!

Apr 09, 2012 01:19 PM

អ្នក​អាន​អនាមិក

ឱពិតជាស្រណោះដល់ជនរួមជាតិខ្មែរយើងដល់ហើយ ទោះបីជានៅកម្ពុជាក្រោម ក៏ត្រូវយួនធ្វើបាប តែមកដល់ខ្មែរកណ្តាលនេះវិញ បែរជាគេពុំសូវរាប់រកទៅទៀត។ តើពេលណាទៅ ទើបខ្មែរទាំងឡាយអាចរួបរួមគ្នាទៅ? ចុះទឹកក្រពើ ងាកមកឡើងលើ ក៏សត្វខ្លាឆី។

Apr 08, 2012 03:55 AM

អ្នក​អាន​អនាមិក

Dear RFA, your reports is wrong, because i heard the government said that Cambodia is now a developed country!!! this kind of thing could not happend. Bravo HS. Fpr Hun Sen, Khmer krom is not khmer but vietnamese are.

Apr 07, 2012 03:19 PM