មេដឹកនាំ​ខ្មែរ​ក្រោម​ជួប​មន្ត្រី​ការទូត​អាមេរិក

នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​សហ​រដ្ឋ​អាមេរិក បាន​ចាប់​អារម្មណ៍​ទៅ​លើ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ប្រទេស​វៀតណាម ពិសេស​ខ្មែរ​កម្ពុជា​ក្រោម។
ដោយ ទីន ហ្សាការីយ៉ា
2012-03-29
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ថាច់ង៉ុកថាច់៣០៥
លោក ថាច់ ង៉ុក ថាច់ (ឆ្វេង) ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF)
Photo: RFA

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជួប​ពិភាក្សា​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១២។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុកថាច់ មាន​ប្រសាសន៍​ថា លោក​បាន​ជួប​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក លោក បូប ប៊ៃលី (Bob Bailey) កាល​ពី​ថ្ងៃ​ទី​២៦ មីនា។ ក្នុង​ជំនួប​នោះ លោក​បាន​លើក​នូវ​បញ្ហា​សំខាន់ គឺ​សុំ​ឲ្យ​រដ្ឋការ​អាមេរិក​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម ដើម្បី​សុំ​ឲ្យ​ដោះ​លែង​សកម្ម​ជន​ការ​ពារ​ដីធ្លី លោក ចៅ ហេន និង​អ្នក​ស្រី ត្រឹង ធី​ចូវ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម និង​បញ្ហា​ប្រឈម​របស់​ខ្មែរ​កម្ពុជា​ក្រោម​ផ្សេងៗ ទៀត ដូច​ជា​បញ្ហា​រំលោក​សិទ្ធិ​មនុស្ស និង​បញ្ហា​រំលោភ​សិទ្ធិ​សាសនា​ជា​ដើម។

ការ​ជួប​គ្នា​រវាង​តំណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​នេះ នៅ​ខណៈ​ដែល​វៀតណាម​កំពុង​មាន​ជំហរ​ផ្នែក​នយោបាយ​មិន​ច្បាស់​លាស់​នៅ​ឡើយ។ មិន​ច្បាស់​លាស់​ត្រង់​ថា ថា​តើ​រដ្ឋាភិបាល​វៀតណាម​ងាក​មក​ចាប់​ដៃ​ជា​មួយ​សហ​រដ្ឋ​អាមេរិក​ដូច​ដែល​ប្រទេស​ភូមា​បាន​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន ឬ​ក៏​វៀតណាម​ចង់​ចាប់​ដៃ​ជា​មួយ​ប្រទេស​ចិន ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​នៅ​ក្នុង​តំបន់ ឬ​យ៉ាង​ណា?

ស្រប​ពេល​គ្នា​នោះ​ដែរ វៀតណាម​ដែល​និយម​របប​សេរី​ក៏​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​បច្ចុប្បន្ន​ផ្លាស់​ប្ដូរ​របប​ពី​កុម្មុយនិស្ត ទៅ​របប​សេរី​វិញ។

នៅ​ត្រង់​ចំណុច​នេះ រដ្ឋាភិបាល​វៀតណាម​មិន​ទាន់​បង្ហាញ​ជំហរ​របស់​ខ្លួន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ពី​ព្រោះ​ថា រដ្ឋាភិបាល​វៀតណាម​កំពុង​មាន​ជំលោះ​ជា​មួយ​ចិន​អំពី​បញ្ហា​ឈូង​សមុទ្រ​ចិន​ខាង​ត្បូង​យ៉ាង​ក្ដៅ​គគុក​នា​ពេល​បច្ចុប្បន្ន​នោះ។

នៅ​ត្រង់​ចំណុច​នេះ លោក ថាច់ ង៉ុក​ថាច់ បាន​ពន្យល់​ថា ប្រសិន​បើ​វៀតណាម​ផ្លាស់​ប្ដូរ​គោល​នយោបាយ​របស់​ខ្លួន​ទៅ​រក​ប្រទេស​លោក​ខាង​លិច​នោះ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​នៅ​វៀតណាម​នឹង​កាត់​បន្ថយ ហើយ​អាមេរិក​នឹង​ស្នើ​សុំ​ឲ្យ​ដោះ​លែង លោក ចៅ ហេន និង​អ្នក​ស្រី ត្រឹង ធី​ចូវ នោះ​ឲ្យ​មាន​សេរីភាព​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៨ មីនា​នេះ។

ប៉ុន្តែ​មន្រ្តី​នាំ​ពាក្យ​ស្ថាន​ទូត​វៀតណាម​បាន​ឲ្យ​ដឹង​កន្លង​មក​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល គឺ​លើក​កម្ពស់​ផ្នែក​សិទ្ធិ​មនុស្ស ស្មើភាព សាមគ្គីភាព ទំនុក​បម្រុង និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស​វៀតណាម ដូច​និង​ជន​ជាតិ​វៀតណាម​ទូទៅ​ដែរ។

សកម្មជន​ការ​ពារ​ដីធ្លី លោក ចៅ ហេន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ ខណៈ​ដែល​លោក​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ខែត្រ​មាត់​ជ្រួក ក្រោយ​ពេល​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន UNHCR នៅ​ប្រទេស​ថៃ មិន​ផ្ដល់​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​ដល់​លោក ហើយ​ឲ្យ​លោក​វិល​ទៅ​ស្រុក​កំណើត​វិញ ដោយ​ប្រាប់​លោក​ថា អាជ្ញាធរ​វៀតណាម​មិន​ចាប់​ខ្លួន​លោក​ទេ ផ្ទុយ​ទៅ​វិញ នៅ​ពេល​លោក ចៅ ហេន ទៅ​ដល់​ប្រទេស​វៀតណាម ប្រមាណ​ជា ១​ម៉ោង អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ភ្លាមៗ ដោយ​ចោទ​ប្រកាន់​ថា លោក ចៅ ហេន បង្ក​អសន្តិសុខ​ជាតិ ខណៈ​ដែល​លោក​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​ធ្វើ​កូដកម្ម​អហិង្សា​កាល​ពី​ឆ្នាំ​២០០៨។ តុលាការ​បាន​ផ្ដន្ទា​ទោស​លោក ចៅ ហេន ឲ្យ​ជាប់​គុក​ជាង ២​ឆ្នាំ។

ដោយ​ឡែក​អ្នកស្រី ត្រឹង ធី​ចូវ វិញ អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១១។ តុលាការ​វៀតណាម​បាន​កាត់​ទោស​អ្នក​ស្រី​ឲ្យ​ជាប់​គុក​ចំនួន ២​ឆ្នាំ គេ​ចោទ​ប្រកាន់​ពី​បទ​បង្ក​អសន្តិសុខ​ដូច​គ្នា។

ភរិយា​របស់​លោក ចៅ ហេន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មីនា ថា ស្វាមី​របស់​គាត់​លោក ចៅ ហេន បច្ចុប្បន្ន​នេះ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​នៅ​ក្នុង​គុក មិន​អាច​និយាយ​បាន​ទេ។ លោក​ស្រី​បញ្ជាក់​ថា ស្វាមី​របស់​ គាត់​ឈឺ​ក្អក​ចេញ​ឈាម ហើយ​អាជ្ញាធរ​វៀតណាម​មិន​យក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ឡើយ។

លោកស្រី ត្រឹង ធី​ចូវ បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ គាត់​ពិបាក​ផ្នែក​ជីវភាព​ក្នុង​រយៈ​ពេល​មួយ​ខែ​គាត់​ស្ទើរ​តែ​រក​លុយ​ទៅ​សួរ​សុខ​ទុក​ប្ដី​របស់​គាត់​នៅ​ពន្ធនាគារ​ស្ទើរ​តែ​មិន​បាន ពីព្រោះ​គាត់​លក់​ដូរ​បន្តិច​បន្តូច​នៅ​ផ្សារ​រក​ចំណូល​បាន​បន្តិច​បន្តូច​ក្នុង​មួយ​ថ្ងៃ។

កាល​ពី​ថ្ងៃ​ទី​៦ មីនា ឆ្នាំ​២០១២ តំណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល​ជួប​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ម្ដង​រួច​មក​ហើយ នៅ​ក្នុង​ជំនួប​នោះ សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​បាន​ជួន​លិខិត​មួយ​ច្បាប់​ដែរ។

នៅ​ក្នុង​លិខិត​នោះ​បាន​ទាមទារ ៣​ចំណុច​សំខាន់ៗ ទី​១ ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​គោរព​អត្តសញ្ញាណ និង​វប្បធម៌​របស់​ខ្មែរ​ក្រោម។ ទី​២ ត្រូវ​ផ្ដល់​សិទ្ធិ​សេរីភាព​ជួន​ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ការ​រស់​នៅ មិន​មែន​រស់​នៅ​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច​ដូច​បច្ចុប្បន្ន​នេះ​ទេ និង​ទី​៣ ព្រះសង្ឃ​ខ្មែរ​ក្រោម​មាន​សិទ្ធិ​បង្កើត​អង្គការ​សាសនា​ឯករាជ្យ​របស់​ខ្លួន ដោយ​សេរី មិន​ស្ថិត​នៅ​ក្រោម​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក ថាច់ ង៉ុកថាច់ បាន​អះអាង​ថា មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប៊ូប ប៊ៃលី បាន​ឲ្យ​លោក​ទៅ​ជួប​គាត់​ម្ដង​ទៀត​ រួម​ទាំង​តំណាង​ជន​ជាតិ​ម៉ុងតាញា និង​ជន​ជាតិ​តៃ​នៅ​ខែ​មេសា​ខាង​មុខ៕


កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

I encourage H.E. Thach Ngok Thach to continue your mission on behalf a Khmer Hero. To wish H.E. and your team will get success. I am very worry about VN people living in Khmer more and more day by day.

Mar 30, 2012 09:37 AM

អ្នក​អាន​អនាមិក

សូម​អោយ​ព្រលឹង​អ្នកស្នេហាជាតិខ្មែរកុំអោយ​សាបសូន្យ​និង​សូម​អោយ​ដក់ជាប់​នៅ​ក្នុង​កូន​ខ្មែរគ្រប់រូប ។ សូម​ការ​តស៊ូរបស់ជនរួមជាតិខ្មែរក្រោម​ទទួល​បាន​ជោគជ័យ ។

ពួក​យើង​ខ្ញុំ​កុលបុត្រកុលធីតាខ្មែរកណ្ដាលចិត្ត​រន្ទះសារណាស់

Mar 29, 2012 11:03 PM

អ្នក​អាន​អនាមិក

If you atempt become hero ,don't look at the sky ,you may look at mirors,do somethings befor sun set,stick with your brother (SEN) we need strenghts,Arms not burning incense or bald head and orange clothe to get independences.

Mar 29, 2012 08:12 PM

អ្នក​អាន​អនាមិក

តាងនាមខ្ញុំជាកូនខ្មែរមួយរូបសូមគាំទ្រទាំងស្រុងចំពោះសេច
ក្ដីទាមទារទាំងប៉ុន្មានរបស់បងប្អូនខ្មែរកម្ពុជាក្រោម។
ចុះចំណែកលោកនាយកហ៊ុន សែនវិញគួរធ្វើយ៉ាងណា?។

Mar 29, 2012 06:01 PM

អ្នក​អាន​អនាមិក

why they called minority? stupid or crazy? SO IN AMERICA they called occasion minority too?

Mar 29, 2012 12:30 PM

មើល​មតិ​ទាំង​អស់.