មេ​ដឹកនាំ​សហព័ន្ធ​ខ្មែរ​ក្រោម​សរសើរ​យុទ្ធសាស្ត្រ​រដ្ឋាភិបាល​ខ្មែរ​ចំពោះ​ខ្មែរ​ក្រោម

2009-09-07

នាយក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក ថាច់ ង៉ុក​ថាច់ បាន​កោត​សរសើរ​ចំពោះ​យុទ្ធ​សាស្រ្ដ​ថ្មី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ​មន្រ្តី​ជាន់​ខ្ពស់​របស់​ខ្លួន ដោយ​រួម​ទាំង​លោក​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ អាច​ចូលរួម​ពិធី​បុណ្យ​សែន​ដូន​តា​នៅ​កម្ពុជា​ក្រោម​ទើប​តែ​កន្លង​ផុត​ទៅ​នេះ​ផង។

RFA File

ព្រះសង្ឍ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​គាប​សង្កត់​ផ្នែក​សាសនា​របស់​រដ្ឋាភិបាល​វៀតណាម កាល​ពី​ឆ្នាំ​២០០៧ ក្នុង​ទីក្រុង​ភ្នំពេញ។

ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មក​ពី​រដ្ឋ​នានា ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក ថាច់ ង៉ុក​ថាច់ បាន​មាន​ប្រសាសន៍​ថា ក្រុម​យុទ្ធសាស្រ្ដ​៣​របស់​សហព័ន្ធ​លោក គឺ​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នោះ លោក​មាន​ការ​លំបាក​ជាង​គេ គឺ​ថា​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​លោក​បាន​មាន​ប្រសាសន៍​ថា មាន​យល់​ច្រឡំ​អំពី​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប៉ុន្តែ​ឥឡូវ​នេះ​ហាក់​ដូច​ជា​កំពុង​ងាក​រក​ផ្លូវ​ត្រូវ​វិញ​ខ្លះ​ហើយ។

លោក ថាច់ ង៉ុក​ថាច់ ថ្លែង​យ៉ាង​ដូច្នេះ ៖ «ប៉ុន្មាន​ឆ្នាំ​មក​នេះ លោក​នាយក​រដ្ឋមន្រ្តី​គាត់​និយាយ ហើយ​ដោយសារ​គាត់​មិន​យល់ គាត់​បាន​ប្រើ​ពាក្យ​ថា នរណា​ចង់​យក​ទឹក​ដី​កម្ពុជា គាត់​ជួយ​ក្ដារ​មឈូស ជួយ​ដី​អ៊ីចឹង ហ្នឹង​ជា​ការ​មួយ​យល់​ខុស ដោយ​មិន​ដឹង​អំពី​គោល​បំណង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ ខ្ញុំ​ឃើញ​ថា ធ្វើ​ត្រូវ ដូច​ជា​លោក ខៀវ កាញារីទ្ធ ទើប​តែ​កន្លង​ហើយ​ថ្មីៗ គាត់​ទៅ​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​នៅ​ខេត្ត​ព្រះ​ត្រពាំង នៅ​កម្ពុជា​ក្រោម ដូច្នេះ​យើង​ចង់​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​បុណ្យ ក៏​ដូច​ជា​ការ​សង់​សាលារៀន​ដល់​កូន​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម ដូច​ពួក​រដ្ឋាភិបាល​យួន និង​រាស្រ្ដ​យួន នៅ​បរទេស​គេ​ធ្វើ​ឲ្យ​រាស្រ្ដ​របស់​គេ​នៅ​ប្រទេស​កម្ពុជា​អ៊ីចឹង​ដែរ»

លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ចូលរួម​កាន់​បិណ្ឌ​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​របស់​លោក​រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាន​ត្រូវ​ផ្ដល់​ជូន​នូវ​តម្លៃ​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​ឋានៈ​ជា​ពុទ្ធ​បរិស័ទ​ម្នាក់​ផង និង​ដោយសារ​ទំនាក់​ទំនង​ល្អ​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ផង។

ទាក់ទង​នឹង​បញ្ហា​កម្ពុជា​ក្រោម លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន បាន​ពន្យល់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថា គឺ​ជា​ប្រសាសន៍​ខ្លី​តប​ទៅ​នឹង​ក្រុម​អ្នក​ចូល​ចិត្ត​ប្រើ​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​តែ​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន ថ្លែង​ដូច្នេះ​ថា ៖ «និយាយ​យ៉ាង​សាមញ្ញ។ ការ​ពិត​សម្ដេច គឺ​លោក​ប្រឆាំង​នឹង​អំពើ​ហិង្សា​ទាំង​ឡាយ​ទាំង​ពួង នៅ​ក្នុង​ការងារ​ដោះស្រាយ ហ្នឹង​ជា​ការងារ​ខ្ពស់ ហើយ​យើង​ចង់​ឲ្យ​ការ​ដោះស្រាយ​ហ្នឹង​ក្នុង​លក្ខណៈ​អហិង្សា ដែល​យើង​ចង់​ធ្វើ​តាម​អ្វី​ដែល​រដ្ឋ​ធម្មនុញ្ញ​ប្រាប់​យើង​ថា ត្រូវ​តែ​កសាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា នៅ​ក្នុង​កោះ​សន្តិភាព។ ហើយ​យើង​ឃើញ​ហើយ​ថា ការ​វាយ​តប់​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង គ្មាន​បាន​អ្វី​ក្រៅ​ពី​ទុក្ខ​សោក​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ឯង»

គួរ​រំឭក​ផង​ដែរ​ថា លោក តោ គឹមថុង អធិបតី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ដោត​សំខាន់​ទៅ​លើ​យុទ្ធ​សាស្រ្ដ​ផ្សេងៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដោយ​មាន​កម្មវិធី​អហិង្សា​ជា​វិធី​ចម្បង​គេ ប្រើ​ច្បាប់ សន្ធិ​សញ្ញា​ជាតិ និង​អន្តរជាតិ រួម​បញ្ចូល​ទាំង​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​នៃ​ប្រទេស​វៀតណាម ដែល​បើក​ឲ្យ​ជន​ជាតិ​ដើម​ម្ចាស់​ទឹក​ដី​ទាំង​អស់​មាន​សេរីភាព​ក្នុង​ការ​កាន់​ជំនឿ​សាសនា​ប្រពៃណី​វប្បធម៌​រហូត​ដល់​សេរីភាព​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ផង៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​វៀតណាម​គំរាម​ឲ្យ​ខ្មែរ​ក្រោម​ដក​ពាក្យ​បណ្ដឹង​ស្ដីពី​បញ្ហា​ដី​ធ្លី

អតីត​សង្ឃ​ខ្មែរ​ក្រោម ទឹម សាខន បាន​សិទ្ធិ​រស់​នៅ​ប្រទេស​ស៊ុយ​អែត

ក្រុម​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ទាមទារ​ឲ្យ​វៀតណាម​ផ្ដល់​សំណង​ដល់​ខ្មែរ​ក្រោម​ដែល​បាត់​បង់​ដី​ស្រែ

វៀតណាម​ដក​កម្លាំង​ចេញ​ពី​កន្លែង​មាន​បញ្ហា​ដី​ធ្លី​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​បន្ថែម​កម្លាំង​បង្ក្រាប​អ្នក​តវ៉ា​ខ្មែរ​ក្រោម

អាជ្ញាធរ​វៀតណាម​ពង្រាយ​កម្លាំង​ត្រៀម​បង្ក្រាប​ការ​តវ៉ា​របស់​កសិករ​ខ្មែរ​ក្រោម

ខ្មែរ​ក្រោម​ជាង​៦០​គ្រួសារ​រារាំង​អាជ្ញាធរ​វៀតណាម​មិន​ឲ្យ​ជីក​ព្រែក​លើ​ដី​ស្រែ

ខ្មែរ​ក្រោម​ជាង​៤០០​គ្រួសារ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ផែនការ​ជីក​ព្រែក

មន្ត្រី​ខ្មែរ​ក្រោម​និយាយ​អំពី​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​សម្រាប់​ខ្មែរ​ក្រោម