ខ្មែរ​ក្រោម​គ្រោង​ដង្ហែ​ក្បួន​បាតុកម្ម​ជំនួស​ការ​ធ្វើ​ពិធី​កាន់​ទុក្ខ​នៅ​នឹង​កន្លែង

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ធ្វើ​ពិធី​កាន់​ទុក្ខ​នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ដោយ​ដង្ហែ​ជា​ក្បួន​បាតុកម្ម​ជំនួស​ការ​ធ្វើ​ពិធី​នៅ​នឹង​កន្លែង​វិញ​នៅឆ្នាំ​ក្រោយ​ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បដិសេធ​មិន​ឲ្យ​ធ្វើ​នៅ​កន្លែង​សាធារណៈ​នានា​ក្នុង​ក្រុង​នៅ​ឆ្នាំ នេះ។

0:00 / 0:00

ក្រោយ​ពេល​ដែល​អាជ្ញាធរ​ បដិសេធ​មិន​ផ្តល់​តាម​ការ​ស្នើ​សុំ​ទីធ្លា​សួន​ច្បារ​មុខ​វត្ត​បទុមវតី និង​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ធ្វើ​បុណ្យ​​​រំឭក​ខួប​​ទី ៦១​ឆ្នាំ ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​ក្រោម​រួច​មក លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សមាគម​​​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​ខាង​មុខ​សមាគម​មាន​គម្រោង​ជួប​ជុំ​​ដើរ​ដង្ហែ​ក្បួន​បាតុកម្ម​កាន់​ទុក្ខ​តាម​​​ផ្លូវ ជំនួស​ធ្វើ​រំឭក​ខួប​នៅ​នឹង​កន្លែង បើ​អាជ្ញាធរ​ មិន​ផ្តល់​ទីតាំង​ប្រារព្ធ​ពិធី​ដូច​ឆ្នាំ​នេះ។

ទិវា​កាន់​ទុក្ខ​នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​លើក​ទី ៦១​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​ក្នុង​បរិវេណ​វត្ត​សាមគ្គីរង្សី នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា បើ​អាជ្ញាធរ​មិន​ផ្តល់​ទី​តាំង​ធ្វើ​ពិធី​ទេ នៅ​ថ្ងៃ​ខាង​មុខ​លោក​នឹង​ដឹក​នាំ​ធ្វើ​ក្បួន​បាតុកម្ម​​​តាម​ផ្លូវ​សាធារណៈ​ជំនួស​វិញ។

លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​យើង​ធ្វើ​ជា​ម៉ែ ជា​ឪ​គេ ត្រូវ​មាន​ព្រហ្មវិហារ​ធម៌​ដែរ។ អ៊ីចឹង​បើ​ធ្វើ​បុណ្យ​មិន​បាន​ទេ អា​ហ្នឹង​យើង​ធ្វើ​ពិធី​កាន់​ទុក្ខ យើង​ដង្ហែ​តែម្តង ដើម្បី​សម្តែង​ការ​មិន​ពេញ​ចិត្ត ធ្វើ​ជា​ពិធី​បាតុកម្ម​វិញ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ឲ្យ​សាលា​ក្រុង​ពេញ​ចិត្ត សប្បាយ​ចិត្ត​វិញ»

ទិវា​កាន់​ទុក្ខ​ទី ៦១​ឆ្នាំ​នេះ មាន​តំណាង​ព្រះមហាក្សត្រ​​ចូល​រួម​ផង​ដែរ។

លោក គង់ គាំ សមាជិក​ព្រឹទ្ធ​សភា និង​ជា​​​អនុ​​​ប្រធាន​​​​​គណបក្ស​សមរង្ស៊ី ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​ដែរ បាន​ថ្កោល​ទោស​ប្រទេស​​បារាំង​ក្នុង​ការ​កាត់​​​ដី​ខ្មែរ​ក្រោម​ទៅ​ឲ្យ​​វៀតណាម​គ្រប់គ្រង និង​ហួស​ចិត្ត​ចំពោះ​រដ្ឋាភិបាល​​កម្ពុជា ដែល​មិន​​ឈឺ​ឆ្អាល​ការ​បាត់​បង់​ទឹកដី និង​​ទុក្ខ​លំបាក​​​បង​ប្អូន​ខ្មែរ​ក្រោម។

លោក គង់ គាំ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់​ចូល​រួម​ធ្វើ​ញត្តិ​ដាក់​ជូន​រដ្ឋ​សភា និង​​​ព្រះមហាក្សត្រ ស្នើ​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ធ្វើ​ពិធី​រំឭក​ខួប​ថ្ងៃ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ជា​ផ្លូវការ​វិញ។

លោក គង់ គាំ បាន​អំពាវនាវ​ដូច្នេះ ៖ «នៅ​ចំពោះ​មុខ​ព្រះរាជ​តំណាង ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដល់​មជ្ឈដ្ឋាន​ទាំង​អស់ ធ្វើ​ញត្តិ​ដាក់​ជូន​រដ្ឋសភា និង​ថ្វាយ​ព្រះមហាក្សត្រ សូម​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​កាន់​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា ជា​ផ្លូវការ ដើម្បី​ឲ្យ​រដ្ឋាភិបាល ឲ្យ​អាជ្ញាធរ​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ​រំឭក​ដោយ​ស្មោះស្ម័គ្រ​ទាំង​អស់​គ្នា យ៉ាង​ហោច​សូម​ព្រះរាជ​តំណាង មេត្តា​មាន​ព្រះរាជ​អន្តរាគមន៍​ដល់​ពិធី​ការ​ព្រះ​បរម​រាជ​វាំង ដល់​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ ជួយ​រក​ទី​កន្លែង»

លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​​​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា អាជ្ញាធរ​មិន​មែន​មិន​ចង់​ផ្តល់​ឲ្យ​ទីតាំង​ដល់​សមាគម​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​​​​រំឭក​ខួប​កាន់​ទុក្ខ​បាត់​បង់​​​​ទឹក​ដី​នេះ​ទេ ប៉ុន្តែ​ទីតាំង​មាន​តិច ឯ​ការ​ស្នើ​សុំ​មាន​ច្រើន​ពី​សំណាក់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា។ លោក ខៀវ សុភ័គ ស្វាគមន៍​ចំពោះ​ការ​​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ពី​គ្រប់​មជ្ឈដ្ឋាន ឲ្យ​តែ​ធ្វើទៅ​តាម​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ព្រោះ​កម្ពុជា​មាន​ច្បាប់​ធ្វើ​បាតុកម្ម​រួច​ហើយ។

លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​មាន​ច្បាប់​ស្តី​ពី​ការ​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម ប៉ុន្តែ​ខ្ញុំ​សំណូមពរ​ធ្វើ​ម៉េច​ឲ្យ​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន​ហ្នឹង​ទៅ»

អាណានិគម​និយម​បារាំង កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ បាន​កាត់​ប្រគល់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​ទំហំ​​ផ្ទៃ​ដី ៦៨.៩៦៥​គីឡូម៉ែត្រ​ក្រឡា ផ្ទេរ​ឲ្យ​ប្រទេស​​វៀតណាម ត្រួតត្រា គិត​មក​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១០​នេះ ជា​ខួប​គម្រប់ ៦១​ឆ្នាំ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០០​មក សមាគម​បាន​កំណត់​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​រៀងរាល់​ឆ្នាំ ដើម្បី​ធ្វើ​ពិធី​កាន់​ទុក្ខ​រំឭក​ខួប​នៃ​ថ្ងៃ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម និង​បាន​និមន្ត​ព្រះសង្ឃ​ចំនួន ១.៩៤៩​អង្គ​សូត្រ​មន្ត រាប់​បាត្រ ឧទ្ទិស​កុសល​ដល់​អ្នក​ស្លាប់​ក្នុង​បុព្វហេតុ​ទឹក​ដី ប៉ុន្តែ​ឆ្នាំ​នេះ ដោយ​ទីតាំង​ចង្អៀត ព្រះសង្ឃ​មិន​បាន​និមន្ត​មក​គ្រប់​ចំនួន​ឡើយ៕