លោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃចុងសប្តាហ៍នេះថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនោះភាគច្រើនពលរដ្ឋវៀតណាមជាអ្នកបានទទួល។
លោក ថាច់ ង៉ុកថាច់ បានឲ្យដឹងថា ៖ «រឿងមួយដែលយើងចាប់អារម្មណ៍គឺ ថវិកាអភិវឌ្ឍន៍របស់ជប៉ុនដែលជួយតែ១លាន២សែនដុល្លារសម្រាប់ហ្វឹកហ្វឺនផ្នែកវិជ្ជាជីវៈនៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង មួយចំនួនធំគឺប្រជាពលរដ្ឋយួនចូលរៀនជាជាងខ្មែរ គេយកឈ្មោះខ្មែរដាក់អីអ៊ីចឹង ហើយបងប្អូនយើងកន្លងមកហើយបានឡើងមកភ្នំពេញមកប្រាប់ថា សាលាហ្នឹងមានមែន ប៉ុន្តែមួយចំនួនធំហ្នឹងគឺជនជាតិខ្មែរហ្នឹងមិនបានទៅរៀនទេ ទៅជាយួនហ្នឹងអ្នកទៅរៀន»។
លោក ថាច់ ង៉ុកថាច់ មានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនកាលពីខែកក្កដា ឆ្នាំ២០០៨នេះ បានប្រកាសផ្តល់ថវិកាជំនួយសម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនោះដល់ខ្មែរក្រោមនៅខេត្តព្រះត្រពាំងនិងនៅខេត្តឃ្លាំង ដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈទាំងបុរសនិងស្រ្តី។
លោក ថាច់ ង៉ុកថាច់ បានបញ្ជាក់ថា ៖ «បើស្ត្រីមានការរៀនកាត់ដេរ កាត់សក់ មានការរៀនផ្នែកខាងធ្វើការងារការិយាល័យ ហើយខាងបុរសវិញមានជាងជួសជុលគ្រឿងម៉ាស៊ីនកុំព្យូទ័រជាដើម សម្រាប់ជាពិសេសអាចប្រើទូរស័ព្ទដើម្បីកែប្រែសេដ្ឋកិច្ចថ្មីហ្នឹង»។
លោកប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមអះអាងថា បច្ចុប្បន្ននេះរដ្ឋាភិបាលវៀតណាមកំពុងជំរុញឲ្យពលរដ្ឋវៀតណាមដែលរស់នៅលើដែនដីកម្ពុជាក្រោមតែមិនមែនជាខ្មែរក្រោមឲ្យខិតខំរៀនភាសាខ្មែរ និងថែមទាំងពិនិត្យសើរើឡើងវិញអំពីវិធីសាស្រ្តក្នុងការបង្រៀនភាសាខ្មែរ។
លោក ថាច់ ង៉ុកថាច់ បញ្ជាក់ថា លើសពីនេះទៅទៀតទូកងខ្មែរក្រោមនៅខេត្តឃ្លាំងត្រូវបានអាជ្ញាធរវៀតណាមដាក់វៀតណាមគ្នាគេឲ្យធ្វើជាមេដឹកនាំគ្រប់គ្រងជំនួសខ្មែរតាំងពីថ្ងៃទី១៣ ខែវិច្ឆិកានេះមក ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអាជ្ញាធរវៀតណាមដើម្បីសុំប្រតិកម្មតបចំពោះការចោទប្រកាន់ទាំងនេះបាននៅឡើយទេនៅថ្ងៃចុងសប្តាហ៍នេះ៕
