លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា សេចក្តីស្នើនេះនឹងប្រកាសជាផ្លូវការនៅថ្ងៃ៤ មិថុនានេះ ក្នុងពិធីរំឭកខួបលើកទី៦០ នៃថ្ងៃដែលអាណានិគមនិយមបារាំងបានប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យប្រទេសវៀតណាមត្រួតត្រានោះ។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ៖ «សូមឲ្យបន្តនូវអ្វីដែលធ្លាប់មានពីមុនមកនៅក្នុងសម័យសង្គមរាស្រ្ដនិយម ក៏ដូចសម័យមុនៗដែលព្រះមហាក្សត្រខ្មែរនោះ គឺដូចជាផ្នែកខាងពុទ្ធសាសនា គឺសូមឲ្យព្រះពុទ្ធសាសនាស្ថិតនៅឯករាជ្យ ធ្វើសកម្មភាពដោយឯករាជ្យ មិនស្ថិតនៅក្រោមការត្រួតត្រារបស់បក្សកុម្មុយនីស្ដវៀតណាម ឬព្រះសង្ឃពុទ្ធសាសនាវៀតណាមដូចសព្វថ្ងៃនេះទេ។ ការសិក្សារៀនសូត្រសូមឲ្យបានដោយសិទ្ធិសេរីភាពដោយបរិបូរណ៍ ហើយខាងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យរងដែលធ្លាប់មាននៅក្នុងខេត្តឃ្លាំងក៏សូមឲ្យបង្កើតឡើងវិញ ដោយសារយោងទៅលើមិត្តភាពកម្ពុជា-វៀតណាម រដ្ឋាភិបាលទាំងពីរគួរតែពិចារណារឿងអតីតកាលដើម្បីធ្វើឲ្យបានដូចមុនអាហ្នឹងបានមិត្តភាពទៅវាស្មើគ្នានិងគោរពគ្នាទៅវិញទៅមកបានល្អ»។
ទឹកដីខ្មែរកម្ពុជាក្រោមដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះបានស្ថិតក្រោមការត្រួតត្រារបស់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ១៩៤៩ ហើយត្រូវបានប្រភពពីសហគមន៍ខ្មែរកម្ពុជាក្រោមអះអាងថា មានប្រជារាស្រ្តជនជាតិខ្មែរដើមប្រមាណ១០លាននាក់កំពុងរស់នៅ។
នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះមានការចោទប្រកាន់ថា អាជ្ញាធរនៃរបបកុម្មុយនីស្តវៀតណាមបានធ្វើទុក្ខបុកម្នេញដល់សេរីភាពខាងជំនឿសាសនា សេរីភាពខាងការបង្កើតសមាគមនិងអង្គការសេរីភាពក្នុងការជួបជុំ ការសម្ដែងពីអ្វីមួយ មានការហាមឃាត់ប្រជាជនខ្មែរក្រោមក្នុងការសិក្សា ខាងអក្សរសាស្ដ្រខ្មែរនិងភាសា ក៏ដូចជារឹបអូសយកដីរបស់ប្រជាជនដោយបង្ខំ ដែលបញ្ហានេះបានធ្វើឲ្យមានការប្រឆាំងតវ៉ាជាញឹកញាប់ពីប្រជារាស្ត្រ តែត្រូវបានបង្រ្កាបដោយអាជ្ញាធរ។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ការប្រារព្ធខួបឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ គឺក្នុងគោលបំណងក្នុងការជំរុញឲ្យមានការលើកស្ទួយសិទ្ធិសេរីភាពតែប៉ុណ្ណោះ។
យោងតាមគម្រោងនៃពិធីរំឭកខួបលើកទី៦០នៃថ្ងៃដែលអាណានិគមនិយមបារាំងបានប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាមត្រួតត្រានេះនឹងមានការយាងចូលរួមដោយព្រះរាជតំណាងព្រះមហាក្សត្រខ្មែរ ព្រះរាជបុត្រីព្រះអានុជ នរោត្តម អារុណរស្មី តំណាងគណបក្សនយោបាយនានា តំណាងព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល រួមមានព្រះសង្ឃនិងប្រជារាស្រ្ដរាប់ពាន់នាក់ទៀត។
ពិធីនេះនឹងចាប់ផ្តើមនៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ មិថុនានេះ នៅសាលសន្និសីទចតុមុខ នាទីក្រុងភ្នំពេញ៕
