សមាគម​ខ្មែរ​ក្រោម​រៀបចំ​ស្នើ​សុំ​ម៉ោង​ផ្សាយ​នៅ​លើ​វិទ្យុ​ជាតិ

លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​ក្រោម មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​​១៤ កុម្ភៈ ថា សមាគម​ខ្មែរ​កម្ពុជា​ក្រោម​បាន​ទទួល​លិខិត​ផ្លូវការ​មួយ​ច្បាប់​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ធ្វើ​ការ​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​វិទ្យុ​ជាតិ ដើម្បី​ទទួល​បាន​ម៉ោង​ផ្សាយ​កម្មវិធី​អប់រំ​ផ្សេង​ៗ​ទាក់ទង​ខ្មែរ​កម្ពុជា​ក្រោម។

ការ​អនុញ្ញាត​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ថ្នាក់​ដឹកនាំ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៩ បាន​ដាក់​សំណើ​ស្នើ​ទៅ​ក្រសួង​ព័ត៌មាន​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ថ្នាក់​ដឹកនាំ​វិទ្យុ​ជាតិ​ស្នើ​សុំ​មាន​ម៉ោង​ផ្សាយ​កម្មវិធី​របស់​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តាម​វិទ្យុ​ជាតិ​កន្លង​មក។

លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹង​ពី​កម្មវិធី​អប់រំ​ដែល​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​លើក​យក​ទៅ​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​តាម​វិទ្យុ​ជាតិ​ដូច្នេះ ៖ «ផ្សព្វផ្សាយ​ពី​ខ្មែរ​ក្រោម​យើង​នៅ​ខាង​ក្រោម ឲ្យ​បង​ប្អូន​ប្រជារាស្ត្រ​លោក​បាន​ដឹង​ថា នៅ​ខាង​ក្រោម​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​គោរព​ទំនៀម​ទម្លាប់ ព្រះ​ពុទ្ធ​សាសនា និង​អំពី​ប្រវត្តិសាស្ត្រ ជាដើម ដើម្បី​ឲ្យ​បង​ប្អូន​យើង​បាន​ជ្រួតជ្រាប​អំពី​សហគមន៍​ខ្មែរ​ក្រោម​យើង​នៅ​លើ​ទឹក​ដី​កំណើត​របស់​យើង»

ទោះ​យ៉ាង​នេះ​ក្តី លោក សេដ្ឋា នៅ​មិន​ទាន់​រំពឹង​ថា ថ្នាក់​ដឹកនាំ​វិទ្យុ​ជាតិ​នឹង​អនុញ្ញាត​ដល់​សមាគម​បាន​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​ទាក់ទង​នឹង​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តាម​វិទ្យុ​ជាតិ​នៅ​ឡើយ​ទេ ព្រោះ​សមាគម​កំពុង​បង្កើត​គណៈកម្មការ​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជាមួយ​វិទ្យុ​ជាតិ​​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ទេ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៤ ខែ​​កុម្ភៈ​នេះ ជុំវិញ​សំណើ​មាន​ម៉ោង​ផ្សាយ​នៅ​តាម​វិទ្យុ​ជាតិ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​ដង ប៉ុន្តែ​លោក​មិន​លើក​ទទួល។

លោក តន់ យ៉ាន ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គ​នាយកដ្ឋាន​វិទ្យុ​ជាតិ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​លិខិត​អន្តរាគមន៍​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ជុំវិញ​សំណើ​សុំ​មាន​ម៉ោង​ផ្សាយ​របស់​សមាគម​ខ្មែរ​កម្ពុជា​នៅ​ឡើយ​ទេ។

លោក តន់ យ៉ាន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ឯកឧត្ដម​ផង ឥឡូវ​ខ្ញុំ​កំពុង​តែ​ចាំ​ស្រាវជ្រាវ​មើល​ណា៎!»

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ មាន​ប្រសាសន៍​ថា ៖ «យ៉ាង​ហោច​ណាស់​ក៏​មាន​ឱកាស​នឹង​ផ្សាយ​ពី​សកម្មភាព​ខ្លះ​របស់​ប្រធាន​សមាគម​របស់​ខ្មែរ​ក្រោម ហើយ​និង​ពាក់ព័ន្ធ​ដល់​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​អី​ខ្លះៗ​ដែរ ហើយ​និង​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ក្រោម»

លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​ប្រសាសន៍​ថា កម្មវិធី​អប់រំ​ដែល​សមាគម​ខ្មែរ​ក្រោម​គ្រោង​នឹង​លើក​យក​មក​ផ្សព្វផ្សាយ​នៅ​តាម​វិទ្យុ​ជាតិ​មាន​ឈ្មោះ​ថា សំឡេង​ខ្មែរ​កម្ពុជា​ក្រោម។ លោក​រំពឹង​ទៀត​ថា គេ​នឹង​លើក​យក​បញ្ហា​ការ​រស់​នៅ​និង​ការ​ប្រឈម​មុខ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​​ក្រោម ដែល​ជា​ទឹក​ដី​កំពុង​តែ​កាន់កាប់​ដោយ​វៀតណាម​មក​ផ្សព្វផ្សាយ​ផងដែរ លើ​រលក​ធាតុ​អាកាស​វិទ្យុ​ជាតិ AM 815KHz និង​វិទ្យុ​ជាតិ FM 96​MHz ផ្សាយ​ចេញ​ពី​រាជធានី​ភ្នំពេញ​នោះ៕