ផ្អែកតាមប្រភពបានឲ្យដឹងថា ព្រះសង្ឃនោះមានគម្រោងការកោះហៅក្រុមព្រះសង្ឃខែ្មរកម្ពុជាក្រោមមួយចំនួននៅតាមបណ្តាវត្តនៅក្នុងខេត្តនានាដើម្បីជួបប្រជុំគ្នារៀបចំគម្រោងធ្វើបាតុកម្មនាពេលខាងមុខនេះ។ គេនៅមិនទាន់បានកំណត់ថៃ្ងច្បាស់លាស់នៅទ្បើយទេសម្រាប់ការធ្វើបាតុកម្មនោះ។
ព្រះសង្ឃខែ្មរកម្ពុជាក្រោមព្រះនាម ឃួន សារី គង់នៅវត្តអង្គព្រៃសេរីមានជ័យនៅក្នុងឃុំកំពង់សំរោង ស្រុកកំពត ខេត្តកំពត បានមានដីកាប្រាប់វិទ្យុអាស៊ីសេរីចោទប្រកាន់ថា ព្រះអង្គ យឿង ស៊ិន ជាព្រះចៅអធិការនៃវត្តសាមគ្គីរង្សីនោះ មិនបានដឹកនាំឲ្យបានជឿនលឿនអ្វីទេ ហើយថែមទាំងបានដឹកនាំចលនានយោបាយប្រឆាំងរដ្ឋាភិបាលកម្ពុជា ៖ «អាត្មាធ្វើដើម្បីដកឲ្យលោកចេញពីវត្តហ្នឹង»។
សុខ សេរី ៖ គម្រោងហ្នឹងគ្រោងធ្វើប៉ុន្មានដែរចូលរួមបាតុកម្ម?
ឃួន សារី ៖ ព្រះសង្ឃប្រហែលជាច្រើនដែរ ព្រះសង្ឃប្រហែលជារាប់រយអង្គ។ ធ្វើនៅភ្នំពេញ ធ្វើនៅក្នុងវត្តហ្នឹងតែម្ដង ដង្ហែក្បួនទៅវត្តហ្នឹងតែម្ដង។
ប្រតិកម្មទៅនឹងការចោទប្រកាន់ខាងលើនេះ ព្រះអង្គ យឿង សិន ជាព្រះចៅអធិការនៃវត្តសាមគ្គីរង្សីខាងលិចជាយទីក្រុងភ្នំពេញ និងជាប្រធានសមាគមព្រះសង្ឃខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជា បានមានដីកាថា ៖ «ចង់ដឹងកសាងមិនកសាងអីហ្នឹង ចេញមកមើលមក! ព្រះអង្គ អា ឃួន សារី ហ្នឹង ដើរទៅដល់ណាបោកប្រាស់គេដល់ហ្នឹង គេដឹងឮច្រើនណាស់អាហ្នឹង»។
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខែ្មរកម្ពុជាក្រោមប្រចាំក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា លោកមានការព្រួយបារម្ភចំពោះអធិករណ៍ខាងលើនេះដែលជាសញ្ញាបែកបាក់ក្នុងចំណោមព្រះសង្ឃខែ្មរកម្ពុជាក្រោមនៅក្នុងប្រទេសកម្ពុជាដូចគ្នា។
លោក ថាច់ សេដ្ឋា បានមានប្រសាសន៍ថា ៖ «ព្រះអង្គ ឃួន សារី ហ្នឹង ជាអ្នកដែលមិនសូវជាគាំទ្រមកប៉ែកខាងយើង តស៊ូរឿងសិទ្ធិមនុស្ស សិទ្ធិអី ជាមួយរដ្ឋាភិបាលខ្មែរ ជាមួយយួន គ្មានបានជួយអីទេ»។
នៅមិនទាន់អាចទាក់ទងសុំសេចក្តីប្រតិកម្មបានភ្លាមៗទេពីមន្រ្តីនៃក្រសួងធម្មការនិងសាសនាជុំវិញរឿងចម្រូងចម្រាសខាងលើនេះ។
សូមរំឮកថា លោក ទឹម សាខន ជាអតីតព្រះចៅអធិការវត្តភ្នំឌិនខាងជើងក្នុងខេត្តតាកែវ មានដើមកំណើតជាខែ្មរកម្ពុជាក្រោមផងដែរនោះ ត្រូវបានអាជ្ញាធរកម្ពុជាបានចាប់ផ្សឹកនឹងចាប់ខ្លួនយ៉ាងតក់ក្រហល់កាលពីថៃ្ងទី៣០ ខែមិថុនា ឆ្នាំ២០០៧ ហើយបានបញ្ជូនខ្លួនប្រគល់ឲ្យទៅអាជ្ញាធរវៀតណាម។
ក្រោយមកលោក ទឹម សាខន ត្រូវបានតុលាការប្រទេសវៀតណាមកាត់ទោសឲ្យជាប់គុករយៈពេលមួយឆ្នាំក្រោមបទចោទថា បានធ្វើឲ្យមានការបែកបាក់ចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាមដោយសារតែព្រះអង្គមានការពាក់ព័ន្ធក្នុងការបម្រើចលនាសហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោកដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។
លោក ទឹម សាខន ត្រូវបានតុលាការវៀតណាមដោះលែងឲ្យមានសេរីភាពវិញកាលពីដើមឆ្នាំ២០០៨នេះ ប៉ុន្តែលោកមិនអាចវិលមកប្រទេសកម្ពុជាវិញបាន។
របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០០៧កន្លងទៅចេញផ្សាយដោយក្រសួងការបរទេសអាមេរិកផ្ដោតលើស្ថានការណ៍សិទ្ធិមនុស្សកម្ពុជាបានរិះគន់ថា ករណីរបស់លោក ទឹម សាខន កន្លងទៅនោះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ៕
