ពលរដ្ឋខែ្មរកម្ពុជាក្រោមជាង៦០គ្រួសារក្នុងឃុំអាងគឺ ស្រុកទិនបៀង ខេត្តអានយ៉ាង អតីតទឹកដីខ្មែរកម្ពុជាដែលកំពុងកាន់កាប់ដោយអាជ្ញាធរវៀតណាមបច្ចុប្បន្ននេះ បានប្រមូលផ្តុំគ្នានៅលើដីស្រែរបស់ខ្លួនដើម្បីការពារដីនិងរារាំងអាជ្ញាធរវៀតណាមមិនឲ្យកាយដីឬជីកព្រែកធ្វើឲ្យបាត់បង់ដីស្រែកសិកម្មរបស់ពួកគាត់ដោយគ្មានសំណងនោះ នៅថៃ្ងទី៣០ ខែសីហា។
ស្រ្តីខែ្មរកម្ពុជាក្រោមម្នាក់ក្នុងចំណោមអ្នកតវ៉ានិងធ្វើបាតុកម្មដោយសន្តិវិធីចំនួនជាង៦០គ្រួសារនោះ បានថែ្លងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីទីកន្លែងតវ៉ានោះថា ៖ «ខ្ញុំមកតវ៉ាកន្លែងដីព្រែក... មកពីរដ្ឋគេយកក្រញាំ មកឲ្យក្រញាំទួលហ្នឹង។ ឥឡូវបងប្អូនប្រជាជនបបួលគ្នាមកឃាត់ មិនឲ្យគេក្រញាំទេ ឥឡូវគេមិនហៅមកក្រញាំទេ....។ ពិបាកកន្លែងដែលគេយករបស់យើងហើយគេមិនព្រមដោះស្រាយឲ្យយើងហ្នឹង តែក្រញាំទៅ បាត់អស់ហើយ!»។
ស្រ្តីម្នាក់ខែ្មរកម្ពុជាក្រោមម្នាក់ទៀតបានថែ្លងថា ដីស្រែរបស់លោកស្រីចំនួន២ហិកតារនឹងត្រូវបាត់បង់ដោយសារផែនការជីកព្រែកនេះ។ លោកស្រីបានទាមទារសំណង ៖ «ឥឡូវខ្ញុំមានបញ្ហាមាំណាស់ ដីស្រែ...។ ឥឡូវគេនៅអើតកនៅហ្នុង ឃើញកនខ្ញុំចេញមក គេត្រឡប់ទៅវិញហើយ»។
ប្រភពបានឲ្យដឹងថា គ្មានអំពើហិង្សាណាមួយបានកើតមាននៅក្នុងអំទ្បុងនៃការតវ៉ានោះទេ ប៉ុន្តែក្រុមគ្រួសារអ្នកតវ៉ាបានសន្យាថា ពួកគាត់នឹងបន្តការតវ៉ាឲ្យមានសំណងនិងរារាំងមិនឲ្យគ្រឿងចក្រជីកព្រែកឬកាយដីបំផ្លាញដីស្រែរបស់ពួកគាត់។ ពួកគាត់បានវិចបាយកញ្ចប់មកដេកយាមការពារដីស្រែមិនឲ្យបាត់បង ពីព្រោះវាជាដីស្រែតមកពីដូនតាចំនួនបីឬបួនជំនាន់មកហើយ។
មិនអាចទាក់ទងមន្រ្តីនៃអាជ្ញាធរវៀតណាមឬមន្រ្តីនៃស្ថានទូតវៀតណាមនៅក្នុងប្រទេសកម្ពុជាបានទេនៅថៃ្ងអាទិត្យ ទី៣០ ខែសីហា ដើម្បីសុំការបំភ្លឺជុំវិញការតវ៉ាខាងលើនេះ។
ព្រះភិក្ខុ ថាច់ វិមាន ជាអ្នកនាំពាក្យរបស់សហព័ន្ធខែ្មរកម្ពុជាក្រោមពិភពលោកនៅក្នុងប្រទេសកម្ពុជា បានមានពុទ្ធដីកាជាមួយនឹងសេចក្តីអំពាវនាវថា ៖ «បច្ចុប្បន្នកាលកំពុងស្ថិតនៅក្នុងភាពដុនដាបយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ មានការខ្វះខាតបញ្ហាស្បៀង បញ្ហាសិក្សារៀនសូត្រ គឺថាប្រជាពលរដ្ឋវៀតណាមពុំទាន់បានចាប់អារម្មណ៍នៅឡើយទេ។ អ៊ីចឹងហើយសុំឲ្យអង្គការសហប្រជាជាតិ ព្រមទាំងគណៈកម្មការនាយករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលប្រចាំនៅសហរដ្ឋអាមេរិកនិងអង្គការផ្សេងៗ មានក្រសួងការបរទេសអាមេរិកជាដើម មេត្តាចាប់អារម្មណ៍ផង ដើម្បីជំរុញយ៉ាងណាឲ្យរដ្ឋាភិបាលវៀតណាមមានការចាប់អារម្មណ៍ដល់ជនជាតិជាតិដែលជាម្ចាស់ទឹកដីរបស់ខ្លួនក្នុងពេលដែលលិចលង់ដុនដាប គឺខ្វះខាតសព្វបែបយ៉ាងអ៊ីចឹង»។
ប្រភពនានាពីក្រុមគ្រួសារប្រជាពលរដ្ឋខែ្មរកម្ពុជាក្រោមដែលងើបតវ៉ានោះ បានឲ្យដឹងថា អាជ្ញាធរវៀតណាម ស្រុកទិនបៀង ខេត្តអានយ៉ាង កំពុងតែអនុវត្តផែនការជីកព្រែកមួយប្រវែងប្រមាណ១០គីឡូម៉ែត្រនិងទទឹង៥០ម៉ែត្រ កាត់តាមដីស្រែកសិកម្មចំនួនជាច្រើនរយហិកតារ និងមានគ្រួសារប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួនជាង៤០០គ្រួសារជាអ្នករងគ្រោះដោយសារបាត់បង់ដីស្រែដោយគ្មានសំណងអ្វីទ្បើយ ក្រោមផែនការជីកព្រែកធ្វើជាប្រព័ន្ធធារាសាស្រ្តនោះ៕
អាជ្ញាធរវៀតណាមគំរាមឲ្យខ្មែរក្រោមដកពាក្យបណ្ដឹងស្ដីពីបញ្ហាដីធ្លី
អតីតសង្ឃខ្មែរក្រោម ទឹម សាខន បានសិទ្ធិរស់នៅប្រទេសស៊ុយអែត
ក្រុមខ្មែរក្រោមនៅកម្ពុជាទាមទារឲ្យវៀតណាមផ្ដល់សំណងដល់ខ្មែរក្រោមដែលបាត់បង់ដីស្រែ
វៀតណាមដកកម្លាំងចេញពីកន្លែងមានបញ្ហាដីធ្លីជាមួយពលរដ្ឋខ្មែរក្រោម
អាជ្ញាធរវៀតណាមបន្ថែមកម្លាំងបង្ក្រាបអ្នកតវ៉ាខ្មែរក្រោម
អាជ្ញាធរវៀតណាមពង្រាយកម្លាំងត្រៀមបង្ក្រាបការតវ៉ារបស់កសិករខ្មែរក្រោម
មេដឹកនាំសហព័ន្ធខ្មែរក្រោមសរសើរយុទ្ធសាស្ត្ររដ្ឋាភិបាលខ្មែរចំពោះខ្មែរក្រោម
ខ្មែរក្រោមជាង៤០០គ្រួសារគ្រោងធ្វើបាតុកម្មប្រឆាំងនឹងផែនការជីកព្រែក
មន្ត្រីខ្មែរក្រោមនិយាយអំពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ខ្មែរក្រោម