លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ប្រសិនបើការអះអាងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាចចរចាជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍របស់ប្រទេសវៀតណាម ដើម្បីឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោមរស់នៅប្រទេសវៀតណាម អាចមើលឃើញកម្មវិធីទូរទស្សន៍ផ្សាយចេញពីប្រទេសកម្ពុជាបានដោយសេរីមែននោះ លោកសម្តែងការសាទរ និងចាត់ទុកថា មានសារសំខាន់បំផុតសម្រាប់ពលរដ្ឋខ្មែរកម្ពុជាក្រោម។
លោក ថាច់ សេដ្ឋា បានបញ្ជាក់ថា ៖ «ខ្ញុំបន់ស្រន់ឲ្យតែរដ្ឋាភិបាលយើងជំរុញបែបណាផ្សព្វផ្សាយខាងវិទ្យុនិងទូរទស្សន៍ឲ្យបានដល់ប្រជាពលរដ្ឋខ្មែរ។ នេះជាការប្រសើរណាស់ អាហ្នឹងក្នុងរូបភាពនយោបាយបែបណា ខ្ញុំមិនខ្វល់ទេ គ្រាន់តែថា សុំឲ្យខ្មែរក្រោមបានយល់ បានមើលទូរទស្សន៍ជាភាសាខ្មែរ ទូរទស្សន៍ខ្មែរ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ ពីព្រោះដូចជាកន្លងមកដែលគេអនុវត្តតឹងរ៉ឹងបំផុតហ្នឹងចំពោះវិទ្យុអាស៊ីសេរី វីអូអេ ឥឡូវនេះគឺដល់វិទ្យុនិងទូរទស្សន៍ខ្មែរមកពីប្រទេសកម្ពុជាហ្នឹងតែម្ដង!»។
ការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានក៏ទទួលបានការស្វាគមន៍ពីលោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកប្រចាំប្រទេសកម្ពុជាផងដែរ។
លោក តាំង សារៈ បានមានប្រសាសន៍ថា ៖ «ខ្ញុំស្វាគមន៍ចំពោះគាត់បាននិយាយថា គាត់បានខិតខំធ្វើអន្តរាគមន៍ជាមួយនឹងក្រុមហ៊ុនវៀតណាមដើម្បីធ្វើយ៉ាងណាឲ្យខ្មែរកម្ពុជាក្រោមបានស្ដាប់ បានមើលកម្មវិធីវិទ្យុនិងទូរទស្សន៍របស់កម្ពុជា។ អានេះខ្ញុំសូមស្វាគមន៍ ខ្ញុំសុំរីករាយ ព្រោះថា ខ្មែរកម្ពុជាក្រោមគឺចង់ដឹង ចង់ឮខ្លាំងពីព្រឹត្តិការណ៍ដែលកើតឡើងនៅកម្ពុជា»។
កាលពីថ្ងៃទី២១ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ បានប្រកាសច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានពីទីភ្នាក់ងារនិងវិទ្យុនៃប្រទេសមួយចំនួនដែលបានរិះគន់ទៅលើប្រទេសវៀតណាមថា វៀតណាមហាមមិនឲ្យពលរដ្ឋខ្មែរក្រោមមើលទូរទស្សន៍និងស្តាប់វិទ្យុរបស់កម្ពុជា។ តាមពិតទៅវាមិនមែនអ៊ីចឹងទេ។ តាមលោករដ្ឋមន្ត្រី អ្នកផ្សាយព័ត៌មានដូច្នេះមិនបានយល់ពីច្បាប់របស់ប្រទេសនីមួយៗ ទើបធ្វើឲ្យមានការយល់ច្រឡំ។
ប៉ុន្តែបើយោងតាមការអះអាងរបស់លោក ថាច់ សេដ្ឋា ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា អាជ្ញាធរវៀតណាមកាលពីថ្ងៃទី២៦ ខែមករាកន្លងទៅនេះ បានធ្វើការហាមឃាត់ដល់ពលរដ្ឋខ្មែរក្រោមមិនឲ្យស្ដាប់វិទ្យុ និងមើលទូរទស្សន៍ពីប្រទេសកម្ពុជាឡើយ។ លោកបញ្ជាក់ថា ការហាមឃាត់នេះលោកមានភស្តុតាង ប្រសិនបើមានមន្ត្រីណាម្នាក់ចង់បាន។
លោក ថាច់ សេដ្ឋា បានអះអាងថា ៖ «ខ្ញុំមានភស្តុតាង មិនមែននិយាយតែមាត់ដូចឯកឧត្ដម ខៀវ កាញារីទ្ធ ទេ ហើយគាត់ប្រាប់ថា ឃើញឯកសារហ្នឹង ខ្ញុំនឹងអ៊ីម៉េលជូន លិខិតដែលឲ្យព្រះសង្ឃនិងប្រជារាស្ត្រខ្មែរកម្ពុជាក្រោមដែលមើលទូរទស្សន៍និងស្ដាប់វិទ្យុខ្មែរនៅនេះ ធ្វើកិច្ចសន្យាហាមមិនឲ្យស្ដាប់ មិនឲ្យមើល គឺយើងមានគ្រប់គ្រាន់។ អាស៊ីសេរីក៏ខ្ញុំអាចអ៊ីម៉េលជូនទៅដើម្បីឲ្យមើលដែរ ជាភាសាយួន ដែលចាប់បង្ខំឲ្យប្រជារាស្ត្រផ្ដិតមេដៃ គឺកាលពីថ្ងៃទី២៦ ខែមករា ២០១០កន្លងទៅថ្មីៗហ្នឹងឯង!»។
ទោះជាបែបនេះក្តី តាមការអះអាងរបស់លោក ខៀវ កាញារីទ្ធ ក្រសួងព័ត៌មានកំពុងចរចាជាមួយក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម និងក្រុមហ៊ុន ដើម្បីធ្វើយ៉ាងណាដាក់កម្មវិធីទូរទស្សន៍របស់ប្រទេសកម្ពុជាចូលទៅក្នុងប្រព័ន្ធផ្កាយរណបវៀតណាម ដើម្បីឲ្យបងប្អូនខ្មែរនៅប្រទេសវៀតណាមអាចមើលទូរទស្សន៍បានដោយសេរី។
វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះ មិនអាចទាក់ទងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាមន្ត្រីអ្នកនាំពាក្យតាមទូរស័ព្ទដើម្បីបញ្ជាក់បន្ថែមបានទេ៕
