លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង បានមានប្រសាសន៍ឲ្យដឹងថា ការបោះបង់ចោលការសិក្សារបស់ក្មេងៗមួយចំនួននោះ គឺដោយសារតែជីវភាពឪពុកមា្តយទីទ័លក្រដែលតម្រូវឲ្យកូនៗទៅជួយធ្វើការងារនិងរកស៊ីចិញ្ចឹមជីវិតផង។
លោក ង៉ែត ឡឹង មានប្រសាសន៍ដូច្នេះ ៖ «...ខេត្តយើងខេត្តដាច់ស្រយាល បើគេនៅខេត្តវាលរាបអីទៅវាមិនសូវដូចខេត្តខ្ញុំ។ ខេត្តខ្ញុំជាខេត្តដាច់ស្រយាល ប្រជាពលរដ្ឋច្រើនតែពួកពនេចរ ពួករកស៊ីតាមរដូវកាលអ៊ីចឹង មានការបោះបង់ច្រើន។ ពួកខ្ញុំនេះស្រុកឆ្ងាយៗ ខ្លះទៅនេសាទទៅ ខ្លះរកកាប់ឈើបោចវល្លិបោចអីអ៊ីចឹងទៅ។ បោះបង់ច្រើនដូចនៅថ្មបាំងអី»។
លោកបានបញ្ជាក់ទៀតថា ដោយសារតែខេត្តកោះកុង ជាខេត្តដែលនៅឆ្ងាយពីក្រុង ដូច្នេះហើយអាណាព្យាបាលសិស្សមិនសូវបានជំរុញកូនៗឲ្យទៅសាលារៀនឡើយ គឺពួកគាត់បានគិតរឿងជីវភាពជាសំខាន់។
លោកបានបន្ថែមថា សិស្សសាលាបឋមសិក្សាមួយចំនួនដែលបានបោះបង់ការសិក្សានោះ គឺនៅតាមតំបន់ភ្នំនិងតំបន់ដីកោះ។
ជំនួយការឃុំកោះកាពិ លោក ស សុទ្ធ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារតែតំបន់ដែលគាត់រស់នៅជាដីកោះ ដូច្នេះការសិក្សារបស់ក្មេងៗ គឺបានបោះបង់ច្រើននៅពេលពួកគេបានចប់ថ្នាក់បឋមសិក្សាត្រូវផ្លាស់ទីតាំងទៅរៀនអនុវិទ្យាល័យនៅកោះផ្សេង ឬនៅទីរួមខេត្តនោះ។
លោក ស សុទ្ធ បានឲ្យដឹងថា ៖ «ការសិក្សារ ជាពិសេសម៉ែឪចង់ឲ្យកូនចៅរៀនសូត្រឲ្យបានចេះដឹងជ្រៅជ្រះ។ អាជីវកម្មម៉ែឪហ្នឹងវាពឹងផ្អែកទៅលើនេសាទ ចុះបើផលនេសាទថយចុះ វាមានការរាំងស្ទះក្នុងការប្រកបអាជីវកម្មអីអ៊ីចឹង ជាពិសេសដល់ពេលរៀនហើយត្រូវបញ្ចប់ថ្នាក់ ត្រូវឡើងទៅដទៃទៀត។ ក្នុងបញ្ហាហ្នឹងរៀនមិនបានស្ថិតស្ថិរទេ ជីវភាពមិនផ្ដល់ឲ្យ»។
នាយកសាលាបឋមសិក្សាកោះកាពិ លោក នីត វីដា បានមានប្រសាសន៍ថា ក្នុងចំណោមកូនសិស្សថ្នាក់ទី៦ ចំនួន២៣នាក់នៅក្នុងសាលាមានសិស្សដែលបានទៅរៀនថ្នាក់ទី៧ មានតែ៤ឬ៥នាក់ ប៉ុន្តែមិនបានដល់ថ្នាក់វិទ្យាល័យនោះទេ។
លោក នីត វីដា មានប្រសាសន៍ថា ៖ «ក្មេងនៅទីនេះចប់ត្រឹមថ្នាក់ទី៦ ខ្លះមិនអាចបង្កការសិក្សាទៅថ្នាក់ទី៧ ទី៨ អត់បាន ដោយសារជីវភាព។ តាមពិតមាតាបិតាសិស្សគាត់ចង់ឲ្យកូនគាត់ចេះណាស់។ ខ្លះយកកូនទៅឆ្ងាយៗ ទៅរៀននៅខេត្តផ្សេងៗ ដល់ទីបញ្ចប់ ដោយសារជីវភាពគាត់រត់អត់រួច គាត់យកកូនគាត់មកវិញ»។
ប្រធានមន្ទីរអប់រំយុវជននិងកីឡា លោក ង៉ែត ឡឹង បានមានប្រសាសន៍ដោយលើកទឹកចិត្តឲ្យឪពុកម្តាយគិតគូរពីអនាគតក្មេងៗ និងជំរុញកូនៗឲ្យទៅបន្តការសិក្សាឲ្យបានខ្ពស់៕
