បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ រស់នៅភូមិស្មាច់ញ៉ាម បានថ្លែងថា ក្នុងរយៈពេលជាងពីរឆ្នាំ កន្លងមកនេះ ការធ្វើអាជីវកម្មបូមខ្សាច់សមុទ្រនោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដូចជាល្អក់ទឹកសមុទ្រដែលធ្វើឲ្យផលនេសាទសម្រាប់អ្នកនេសាទនៅក្នុងតំបន់នោះធ្លាក់ចុះ ៖ «កប៉ាល់រាប់រយ ប្រហែលពីរបីឆ្នាំ ឆ្នាំនេះហើយ។ វេទនាណាស់ឥឡូវហ្នឹង វេទនារឿងនេសាទ អ្នកនេសាទចេះតែបារម្ភ ហើយគ្មាននរណាគេឈឺឆ្អាលអីសោះ»។
ប្រភពពីពលរដ្ឋដដែលបានអះអាងថា ក្រុមហ៊ុនបូមខ្សាច់នៅតំបន់សមុទ្រក្រៅ ហៅឡាំដាំ មានច្រើនក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនបរទេសនិងខ្មែរផងដែរ ដែលបានធ្វើអាជីវកម្មបូមខ្សាច់សមុទ្រលក់ទៅក្រៅប្រទេសប្រហែល៣ឆ្នាំមកហើយ។
លោក យុទ្ធ ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍នៅថ្ងៃច័ន្ទ ទី៥ ថា លោកបានជ្រាបពីករណីនេះហើយ ហើយកំពុងតែប្រជុំគណៈកម្មការជំនាញដែលពាក់ព័ន្ធដើម្បីចុះត្រួតពិនិត្យ ៖ «ប៉ះពាល់ដល់ក្ដាម ឬក៏ជីវចម្រុះនៅក្នុងទឹកហ្នឹង ឥឡូវគាត់រកអត់បាន ពួកគាត់នេសាទហ្នឹង ហើយទី២ វាប៉ះពាល់ដល់កោះជ្រោយមួយចំនួនដែលកំពុងរកបាក់។ ខ្ញុំកំពុងឲ្យគណៈកម្មការនិងអ្នកជំនាញគេទៅពិនិត្យមើលថាការបូមហ្នឹងវាប៉ះពាល់អីខ្លះ នឹងរាយការណ៍ជូនរដ្ឋាភិបាល»។
ប្រជាពលរដ្ឋនៅខេត្តកោះកុង បានថ្លែងដោយសុំឲ្យរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យឲ្យបានល្អិតល្អន់ ព្រោះបើមិនមានការទប់ស្កាត់ទេ ធនធានធម្មជាតិនៅដែនសមុទ្រនឹងបាត់បង់ពីតំបន់នោះ។
ទាក់ទងនឹងការធ្វើអាជីវកម្មបូមខ្សាច់សមុទ្រនោះ លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រនៃគណបក្សសមរង្ស៊ី បានថ្លែងឲ្យដឹងថា ៖ «សព្វថ្ងៃនេះអន្តរជាតិគេកំពុងរួមគ្នាដើម្បីការពារបរិស្ថាន ហើយការបូមខ្សាច់ចេញពីមាត់សមុទ្រវានាំឲ្យប៉ះពាល់ទៅដល់ការរស់នៅរបស់មច្ឆាជាតិនៅក្នុងសមុទ្រ វាប៉ះពាល់ទៅដល់ទឹក ការប្រើប្រាស់របស់ប្រជាជន ប៉ះពាល់ទៅដល់ការបាក់ដី ឬមួយក៏បាក់ច្រាំងដែលធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ វាមានហេតុផលប៉ះពាល់ច្រើនណាស់ អ្វីក៏ដោយតែយើងធ្វើខុសពីធម្មជាតិដែលបានរក្សាទុកពីដើមមក គឺវានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរជាមិនខានទេ»។
សូមរំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែឧសភាកន្លងទៅ បានប្រកាសបញ្ឈប់ការនាំខ្សាច់ចេញទៅក្រៅប្រទេស រាប់ទាំងការធ្វើអាជីវកម្មបូមដីខ្សាច់នៅដែនសមុទ្រ និងទាំងការបូមខ្សាច់នៅទន្លេ ស្ទឹង ព្រែក។ ក៏ប៉ុន្តែបានកំណត់ការធ្វើអាជីវកម្មខ្សាច់ក្នុងករណីតម្រូវការប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ និងទីន្លែងណាដែលមានខ្សាច់កកស្ទះដល់ចរន្តទឹក ដើម្បីការពារលំនឹងធម្មជាតិ បរិស្ថាន និងការពារនូវដែនទឹកសាបនិងដែនទឹកសមុទ្រ៕
