ពលរដ្ឋ​នៅ​កោះកុង​មក​តវ៉ា​នៅ​មុខ​តុលាការ​កំពូល​ពី​​រឿង​ទំនាស់​ដី

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ដែល​បាត់​បង់​ដីធ្លី​កសិកម្ម​ដោយសារ​តែ​ក្រុមហ៊ុន​២​ប្ដឹង​ផ្ដល់​គ្នា​នោះ បាន​នាំ​គ្នា​មក​តវ៉ា​ដល់​មុខ​តុលាការ​កំពូល នា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តុលាការ​នេះ​សើរើ​ជម្រះ​ក្ដី​សា​ជា​ថ្មី។

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ​មក​ពី​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថៃ្ង​ពុធ ទី៣ កុម្ភៈ​នេះ បាន​សម្ដែង​ការ​តវ៉ា​ដោយ​ស្ងាត់​ស្ងៀម​នៅ​ខាង​មុខ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​នេះ​សើរើ​និង​បើក​ការ​ជម្រះ​ក្តី​ជា​ថ្មី​លើ​សំណុំ​រឿង​ដីធ្លី​ដែល​ពួកគាត់​បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន​ហេងហ៊ុយ និង​ក្រុមហ៊ុន​សុខហុង បាន​ឈ្មះ​ក្តី​នៅ​ឯ​តុលាការ​កំពូល​នោះ​ក្នុង​ការ​រឹប​យក​ដីធ្លី​កសិកម្ម​ជា​ច្រើន​រយ​ហិកតា​កន្លង​មក។

ក្រុមហ៊ុន​ហេងហ៊ុយ​និង​ក្រុមហ៊ុន​សុខហុង បាន​ប្តឹង​ផ្តល់​គ្នា​ដណ្តើម​ដីធ្លី​កសិកម្ម​របស់​គ្រួសារ​ទាំង​នោះ​ដល់​តុលាការ​កំពូល ក្រោយ​មក​តុលាការ​កំពូល​នេះ​បាន​សម្រេច​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ជា​អ្នក​ចាញ់​ក្តី។

ការ​មក​តវ៉ា​នេះ​នៅ​គ្រា​ដែល​ពួកគាត់​កំពុង​តែ​មាន​ការ​លំបាក គ្មាន​ដីធ្លី​ធ្វើ​កសិកម្ម​ដូច​មុន​ក្រោយ​ពី​ដីធ្លី​ត្រូវ​បាន​រង​ការ​រឹប​យក​ដោយសារ​សាលដីកា​នៃ​តុលាការ​កំពូល​កាល​ពី​ឆ្នាំ​២០០៩​នោះ។

ប្រជាពលរដ្ឋ​ឈ្មោះ ផាវ ញឿង មក​ពី​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​កំពុង​តែ​ឈរ​នៅ​មុខ​តុលាការ​កំពូល ក្នុង​រាជធានី​ភ្នំពេញ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​អំពី​បំណង​នៃ​ការ​មក​តវ៉ា​នេះ​ថា លោកស្រី​ទាមទារ​ឲ្យ​តុលាការ​កំពូល​បើក​ការ​ជម្រះ​ក្តី​ជា​ថ្មី ដោយសារ​តែ​តុលាការ​នេះ​បាន​ចេញ​សាលដីកា​ឲ្យ​ក្រុមហ៊ុន​ទាំង​ពីរ​ឈ្មះ​ក្តី​គ្នា ប៉ុន្តែ​ជាន់​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​ទៅ​វិញ ដែល​មាន​ផ្ទៃ​ដី​ទំនាស់​នោះ​ជាង​១២០​ហិកតា។

អ្នកស្រី ផាវ ញឿង មាន​ប្រសាសន៍​ថា ៖ «ស្នើ​សុំ​ឲ្យ​លោក​ប្រធាន​តុលាការ​កំពូល​លោក​ទទួល​យក​សំណើ​ដែល​ប្រជាពលរដ្ឋ​យើង​មាន​បញ្ហា​នេះ សូម​ជំនុំ​ជម្រះ​សា​ថ្មី​ឡើង​វិញ»

កាល​ពី​ឆ្នាំ​២០០៦ គ្រួសារ​ដែល​មាន​ជំនាស់​ដីធ្លី​នោះ​មាន​ចំនួន​៦៣​គ្រួសារ ប៉ុន្តែ​មក​ដល់​ពេល​នេះ​គ្រួសារ​ដែល​រង​គ្រោះ​នៅ​សេស​សល់​តែ​ចំនួន​៣៥​គ្រួសារ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ឈ្មោះ ទេព ហៃ អាយុ​៤៨​ឆ្នាំ បាន​ថែ្លង​ថា គ្រួសារ​ប្រជាពលរដ្ឋ​មិន​យល់​ព្រម​ជាមួយ​នឹង​សាល​ដីកា​របស់​តុលាការ​កំពូល​កន្លង​មក​នោះ​ទេ ដោយសារ​តែ​ក្រុមហ៊ុន​ហេងហ៊ុយ​និង​ក្រុមហ៊ុន​សុខហុង បាន​ប្តឹង​គ្នា​មក​ដណ្តើម​ដីធ្លី​កសិកម្ម​របស់​ពួកគាត់​ទៅ​វិញ។

លោក ទេព ហៃ បាន​ឲ្យ​ដឹង​ថា ៖ «ក្រោយ​មក​ពួកខ្ញុំ​បាន​ដឹង​ថា ទាំង​ពីរ​នាក់​ហ្នឹង​ប្ដឹង​យក​ដី​ពួក​ខ្ញុំ អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​បាន​ដាក់​បណ្ដឹង​នៅ​តុលាការ​កំពូល»

ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​តាម​ដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «បច្ចុប្បន្ន​នេះ​លោក ហេង ហ៊ុយ កំពុង​តែ​ដើរ​រាតត្បាត អុកឡុក​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​ចាក​ចេញ​ពី​ដី​ដែល​ធ្វើ​ឲ្យ​គាត់​បាត់​បង់​នូវ​ដី​ចម្ការ ដី​ស្រែ​ដើម្បី​បង្ក​បង្កើន​ផល»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ទ្បើយ​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​របស់​តុលាការ​កំពូល​នៅ​ជុំវិញ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​៣៥​គ្រួសារ​ខាង​លើ​នេះ ដែល​សុំ​ឲ្យ​សើរើ​ជម្រះ​ក្ដី​ជា​ថ្មី​លើ​សំណុំ​រឿង​នេះ។ ប៉ុន្តែ​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មន្រ្តី​តុលាការ​នេះ​បាន​ទទួល​សំណើ​នោះ​ហើយ ហើយ​គ្រោង​ចេញ​ជា​លិខិត​អន្តរាគមន៍​មួយ​ឆាប់ៗ​នេះ ឲ្យ​ប្រគល់​ទៅ​មន្រ្តី​តុលាការ​ខេត្ត​កោះកុង​ដើម្បី​ជួយ​ដោះស្រាយ។

តុលាការ​កំពូល​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ បាន​ចេញ​សាល​ដីកា​បង្គាប់​ឲ្យ​អាជ្ញាធរ​និង​តុលាការ​ខេត្ត​កោះកុង អនុវត្ត​សាល​ដីកា​រឹប​អូស​យក​ដីធ្លី​របស់​គ្រួសារ​ទាំង​នោះ ក្រោយ​ពី​តុលាការ​នេះ​បាន​កាត់​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ចាញ់​ក្តី។

ព្រះមហាក្សត្រ​ខែ្មរ​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០០៩​កន្លង​ទៅ បាន​ផ្ញើ​ព្រះ​រាជ​សារ​មួយ​ច្បាប់​ជូន​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជាមួយ​នឹង​ការ​ស្នើ​សុំ​ឲ្យ​លោក​ជួយ​ពិនិត្យ​លើ​ករណី​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ៕