គម្រោងដាក់ញត្តិនេះ ស្របពេលដែលប្រធានាធិបតីចិន មកទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយកម្ពុជាជាប្រធានអាស៊ានផង។
ប្រជាពលរដ្ឋជិត ៤០នាក់មកពីស្រុកពីរផ្សេងគ្នានៃខេត្តកោះកុង បរាជ័យក្នុងការយកញត្តិដាក់ទៅស្ថានទូតចិន ឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ដោយសារគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន ឈ្មោះ យូញៀន ឌីវឺឡុបមេន (Union Development Group)។
ស្ត្រីឈ្មោះ មឿង អាន ជាពលរដ្ឋមកពីភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ថ្លែងថា អាជ្ញាធរខេត្តកោះកុង បានរារាំងនិងបង្ខំពួកគាត់ឡើងរថយន្តក្រុងត្រឡប់ទៅភូមិវិញ មិនឲ្យយកញត្តិមកដាក់នៅស្ថានទូតចិនទេ នៅថ្ងៃទី៣០ មីនា។
ស្ត្រីរូបនេះបន្តថា ពួកគាត់មានគម្រោងយកញត្តិដាក់ជូនប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ (Hu Jintao) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ឲ្យជួយអន្តរាគមន៍ករណីដីធ្លីរបស់ពលរដ្ឋនៅស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ដែលរងផលប៉ះពាល់ដោយការអភិវឌ្ឍនៅតំបន់នោះ និងគ្មានសំណងសមរម្យ។ ប៉ុន្តែបែរជាអាជ្ញាធរខេត្ត ហាមឃាត់ហើយចាត់ទុកថា ជាទង្វើដែលនាំឲ្យប៉ះពាល់កិត្តិយសប្រទេសដែលជាប្រធានអាស៊ានទៅវិញ។
ស្ត្រីឈ្មោះ មឿង អាន៖ «ខ្ញុំមកនេះគោលបំណងអត់មានថា ធ្វើបាតុកម្មអីទេ។ ខ្ញុំមកនេះសុំដាក់ញត្តិនៅកន្លែងទូត ព្រោះអីខ្ញុំមើលទូរទស្សន៍នោះ ឃើញប្រធានាធិបតីចិននោះគាត់មក ហើយកន្លែងដីស្រុកបុទុមសាគរ និងស្រុកគីរីសាគរនោះ ខាងក្រុមហ៊ុនយូញៀន គាត់ចុះមកអភិវឌ្ឍន៍។ សម្តេចនាយកគាត់មានច្បាប់ទម្លាប់ថា បើសិនជាប៉ះពារដីភូមិប្រជាជនឲ្យសិក្សាជាមួយប្រជាជន បើសិនជាគាត់ព្រមទទួលសំណងនោះយើងដោះដូរសំណងឲ្យពួកគាត់។ បើគាត់មិនព្រមទទួលសំណងគាត់ចង់រស់នៅទីលំនៅឋានភូមិចាស់របស់គាត់ នោះត្រូវឆ្វៀលទុកឲ្យគាត់»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តកោះកុង លោក សុន តារា មានប្រសាសន៍ថា លោកពុំមានបំណងរារាំងពលរដ្ឋនោះទេ នេះជាសិទ្ធិរបស់ពលរដ្ឋដែលចង់យកញត្តិដាក់ទៅស្ថានទូតចិន។ ប៉ុន្តែការធ្វើដូច្នេះដើម្បីជៀសវាងខូចសណ្ដាប់ធ្នាប់ប្រទេសដែលកំពុងមានកិច្ចប្រជុំអាស៊ាន។
លោកថានឹងពាំនាំសំណើរបស់ពលរដ្ឋដើម្បីដាក់ជូនគណៈកម្មការដោះស្រាយទំនាស់ជូនពលរដ្ឋ៖ «ត្រូវតែយើងទទួលយកសំណូមពររបស់គាត់តើថ្នាក់រដ្ឋាភិបាលថ្នាក់ជាតិលោកគិតសម្រេចរបៀបណា ដែលយើងត្រូវដោះស្រាយចំពោះមុខ»។
សង្គមស៊ីវិលបានចាត់ទុកការទប់ស្កាត់របស់អាជ្ញាធរខេត្ត មិនឲ្យពលរដ្ឋយកញត្តិទៅដាក់នៅស្ថានទូតចិននេះ ថាជាការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង លោក នាង បូរ៉ាទីណូ បានថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីមានការរារាំងពលរដ្ឋថា វាជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ដែលកំពុងរងគ្រោះបាត់បង់ដីធ្លីដោយការអភិវឌ្ឍ។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកសម្របសម្រួលអង្គការលីកាដូ ខេត្តកោះកុង លោក អ៊ិន គង់ជិត បារម្ភថា ខ្លាចជាការលួងលោមប្រជាពលរដ្ឋ ហើយគ្មានចេតនាដោះស្រាយតាមសំណូមពរពលរដ្ឋទៅវិញ៖ «គាត់ធ្លាប់បានដាក់ពាក្យបណ្ដឹងទៅសាលាខេត្ត គាត់ធ្លាប់ដាក់ពាក្យបណ្ដឹងទៅអន្តរក្រសួង គាត់បានបិទផ្លូវតវ៉ា ហើយកាលពីពីរឆ្នាំមុនក៏គាត់ធ្លាប់មកតវ៉ានៅមុខរដ្ឋសភា។ អ៊ីចឹងពីមុនៗនោះគាត់ធ្លាប់បានដាក់ពាក្យបណ្ដឹងគ្រប់កន្លែងទាំងអស់ អត់មានដំណោះស្រាយ ហើយពេលនេះគឺជាពេលដែលគាត់ត្រូវទាមទារឲ្យមានការដោះស្រាយជាបន្ទាន់។ ខេត្តក៏ដូចជាគណៈកម្មការអន្តរក្រសួងត្រូវតែគិតគូរដោះស្រាយឲ្យគាត់ជាបន្ទាន់ដើម្បីមុខមាត់ប្រទេសជាតិ»។
រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តកោះកុង កាលពីឆ្នាំ២០០៨ បានសម្រេចជួលដីចំនួន ៣៦.០០០ហិកតារ ទៅឲ្យក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវឺឡុបមេន ចំនួន ៩៩ឆ្នាំ ដើម្បីអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយនៅទីនោះឈ្មោះក្បាលនាគ៧។
គម្រោងអភិវឌ្ឍន៍នេះធ្វើឲ្យប៉ះពាល់ដីចម្ការរបស់ពលរដ្ឋនៅក្នុងឃុំចំនួន៥ នៅស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ដោយមានពលរដ្ឋជាង ១.១០០គ្រួសារ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
