ពលរដ្ឋ​ជាង​៥០០​គ្រួសារ​នៅ​សង្កាត់​កោះ​រុង​ព្រួយ​បារម្ភ​បាត់​ដី​លំនៅឋាន

ប្រជា​ពលរដ្ឋ​ប្រមាណ ៥០០ គ្រួសារ រស់​នៅ​សង្កាត់​កោះ​រុង ខេត្ត​ព្រះសីហនុ កំពុង​ព្រួយ​បារម្ភ​បាត់បង់​ដី​លំនៅឋាន និង​ដី​ចម្ការ ដោយសារ​ក្រុមហ៊ុន​វិនិយោគ រ៉ូយ៉ាល់ គ្រុប (Royal Group) ធ្វើ​ការ​អភិវឌ្ឍន៍។

0:00 / 0:00

ប្រជា​ពលរដ្ឋ បាន​ស្នើសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ជូន​ក្រុម​និស្សិត​ចុះ​វាស់​ដី​ផ្ដល់​ប្លង់​ប័ណ្ណ​កម្មសិទ្ធិ​​​ជូន​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ថា មាន​ចំណែក​ដី​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក។

ប្រជា​ពលរដ្ឋ ៥ ភូមិ សរុប​មាន​ប្រមាណ ៥០០ គ្រួសារ រស់​នៅ​សង្កាត់​កោះ​រុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ស្នើសុំ​ឲ្យ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ​បញ្ជូន​ក្រុម​និស្សិត​ចុះ​វាស់វែង​ដី ដើម្បី​ផ្ដល់​ប្លង់​ឬ​ប័ណ្ណ​កម្មសិទ្ធិ ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ព្រោះ​បច្ចុប្បន្ន​​កំពុង​រង​ការ​គំរាម​កំហែង​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រំលោភ​យក។

តំណាង​សហគមន៍​ភូមិ​តូច សង្កាត់​កោះ​រុង លោក វ៉ាន់ សុខុន បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​កោះ​រុង កំពុង​ព្រួយ​បារម្ភ​បាត់​ដី​លំនៅឋាន ដែល​ពួក​គាត់​អះអាង​ថា ធ្លាប់​រស់​នៅ​ជិត​២០ ឆ្នាំ ដោយសារ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

លោក​អះអាង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ៥០០ គ្រួសារ ពលរដ្ឋ​ភាគ​ច្រើន បាន​មក​តាំង​ទី​លំនៅ​លើ​កោះ​រុង ពី​ឆ្នាំ ១៩៩៣ ឬ​ឆ្នាំ ១៩៩៥ មក​ម្លេះ ដែល​កាល​ណោះ​ពួក​គាត់​ទ្រាំ​រស់​នៅ​លំបាក​វេទនា។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដល់​ពេល​​​មូលដ្ឋាន​កោះ​រុង មាន​ភ្ញៀវ​ទេសចរណ៍​ចេញ​ចូល​ច្រើន បែរ​ជា​មាន​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មក​បំភ័យ​គំរាម​ពលរដ្ឋ​ឲ្យ​រុះរើ​ផ្ទះ ចេញ​ភូមិ​ធ្លាប់​រស់​នៅ​ជាប់​ឆ្នេរ​សមុទ្រ ទៅ​កាន់​ទីតាំង​ថ្មី​ទៅ​វិញ។

លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​គ្រួសារ​ពលរដ្ឋ​ប្រមាណ​ជិត ១០ គ្រួសារ បាន​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​ដី​ធ្លី ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ សន ធា ក៏​បាន​អះអាង​ថា គ្រួសារ​គាត់​បាន​មក​រស់​នៅ​​លើ​កោះ​រុង អំឡុង​ឆ្នាំ ១៩៩៣ និង​មាន​កូន​ពីរ​នាក់ បាន​ស្លាប់​លើ​កោះ ដោយ​ជំងឺ​គ្រុនចាញ់។ កសិករ​រូប​នេះ បាន​ស្នើសុំ​ឲ្យ​ប្រមុខ​ដឹក​នាំ ជួយ​ធ្វើ​អន្តរាគមន៍​ដល់​ពួក​គាត់​ឲ្យ​មាន​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ច្បាប់។ ពលរដ្ឋ​ផ្សេង​ទៀត ក៏​បាន​ព្រួយបារម្ភ ខ្លាច​បាត់បង់​ដី​ធ្លី​លំនៅឋាន​នេះ​ដែរ និង​បាន​សំណូមពរ​ដល់​លោក ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ជាង ៥០០ គ្រួសារ រស់​នៅ​សង្កាត់​កោះ​រុង ដែល​កំពុង​ប្រឈម​បាត់បង់​ដី​លំនៅឋាន ដោយសារ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។

លោក​ថា​សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សព្វ​ថ្ងៃ​នេះ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផ្លូវ បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ចម្ការ​ប្រជា​ពលរដ្ឋ​ធ្លាប់​រស់​អាស្រ័យ​ផល ដូច​ជា ស្វាយ ដូង និង​ខ្នុរ​ជាដើម។ ប្រជា​ពលរដ្ឋ​ចំនួន ៥ ភូមិ រស់នៅ​សង្កាត់​កោះ​រុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​កំពុង​ព្រួយ​បារម្ភ​បាត់បង់​ដី​លំនៅឋាន និង​ដី​ចម្ការ មាន​ភូមិ​ព្រែក​ស្វាយ ភូមិ​កោះ​តូច ភូមិ​សុខសាន្ត និង​ភូមិ​កោះ​រុង​សន្លឹម។

លោក អ៊ួង និត ចៅ​សង្កាត់​កោះ​រុង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​កង្វល់​ពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ ដោយ​បញ្ជាក់​ថា គ្មាន​ពេល​ទំនេរ និង​ជាប់​រវល់​ប្រជុំ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រធាន​ភូមិ​កោះ​តូច​ស្ដីទី ឈ្មោះ ហាប់ សៀកលី បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិន​រវល់​អើពើ​ជុំវិញ​កង្វល់​បាត់បង់​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ។

លោក​បន្ត​ថា ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល គួរ​បញ្ជូន​ក្រុម​និស្សិត​ចុះ​វាស់វែង​កំណត់​ព្រំ​ដី រវាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ដី​កម្មសិទ្ធិ​ពលរដ្ឋ ឲ្យ​បាន​ច្បាស់ ដើម្បី​ទប់ស្កាត់​ជម្លោះ​នៅ​ថ្ងៃ​អនាគត។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់​ពលរដ្ឋ​សង្កាត់​កោះ​រុង និង​គម្រោង​វិនិយោគ របស់​ក្រុមហ៊ុន នៅ​លើ​កោះ​រុង​បាន​ទេ នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​កញ្ញា។

ទាក់ទិន​បញ្ហា​នេះ លោក ឈឹម សារិន អភិបាល​ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កោះ​រុង ត្រូវ​បាន​រាជ​រដ្ឋាភិបាល ផ្ដល់​សិទ្ធ​ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍។ ប៉ុន្តែ​លោក​ថា គោលការណ៍​ផ្ដល់​សិទ្ធិ​វិនិយោគ​របស់​រដ្ឋាភិបាល មិន​បាន​ឲ្យ​ប៉ះពាល់​ដី​លំនៅឋាន ឬ​ភូមិ​ពលរដ្ឋ​ទេ។ លោក​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល បាន​វិនិយោគ​កោះ​រុង ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រយៈ​ពេល​វែង​ចំនួន ៩៩ ឆ្នាំ ដើម្បី​អភិវឌ្ឍន៍​តំបន់​នេះ។

យ៉ាង​នេះ​ក្តី លោក ស្បោង សារ៉ាត់ អភិបាល​ខេត្ត​ព្រះសីហនុ ​មិន​បាន​ដឹង​ថា ការ​ផ្ដល់​សិទ្ធិ​វិនិយោគ​កោះ​រុង ទៅ​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នាំ​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន ឬ​ក៏​ការ​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​នោះ​ទេ។ ប៉ុន្តែ​លោក​ថា នឹង​ពិនិត្យ​ចំពោះ​ករណី​នេះ​ឲ្យ​បាន​ច្បាស់។​

ប្រជា​ពលរដ្ឋ​ដែល​ព្រួយ​បាត់​ដី​លំនៅឋាន និង​ដី​ចម្ការ​នោះ មាន​ភូមិ​ព្រែក​ស្វាយ ភូមិ​ដើម​ថ្កូវ ភូមិ​កោះ​តូច ភូមិ​សុខសាន្ត និង​ភូមិ​កោះ​រុង​សន្លឹម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។