ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​កោះកុង​សុំ​កិច្ចអន្តរាគមន៍​ពី​ព្រះមហាក្សត្រ

ព្រះមហាក្សត្រ​ខែ្មរ​ត្រូវ​បាន​​ពលរដ្ឋ​​មក​ពី​ខេត្ត​កោះកុង បាន​ចាត់​ទុក​ថា ជា​កន្លែង​បង្អែក​ចុង​ក្រោយ​បង្អស់​របស់​ពួក​គាត់ នៅ​ក្នុង​ការ​បង្អង់​ការ​អនុវត្ត​សាលក្រម​ខាង​មុខ​នេះ ដើម្បី​រឹប​យក​ដីធ្លី។

0:00 / 0:00

ប្រជាពលរដ្ឋ​ខែ្មរ​៤៣​គ្រួសារ​នៅ​ក្នុង​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​ក្នុង​ទំនាស់​ដីធ្លី​ជាង​២០០​ហិកតារ បាន​មក​ដល់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ទី​២០ តុលា​នេះ ដើម្បី​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្រត្ស​ខែ្មរ ព្រះ​បាទ​រោត្តម សីហមុនី សុំ​ឲ្យ​ព្រះអង្គ​លើក​លែង​ចោល​សាលក្រម​របស់​តុលាការ​កំពូល​នៅ​ក្នុង​ការ​រឹប​យក​ដីធ្លី​របស់​ពួកគាត់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ចំនួន​២​ខាង​មុខ​នេះ។

តំណាង​ប្រជាពលរដ្ឋ​ចំនួន​៤៣​គ្រួសារ​ខាង​លើ​នេះ មក​ពី​ភូមិ​ព្រែក​ជីក ឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​ត្រូវការ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ។

តំណាង​ពលរដ្ឋ​ខាង​លើ​បាន​ថ្លែង​ដូច្នេះ ៖ «អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​ថ្ងៃ​ទី​២៧ ខែ​១០​ហ្នឹង អ៊ីចឹង​ពួក​យើង​ខ្ញុំ​អត់​មាន​ជម្រើស​ទៀត​ទេ មាន​តែ​សុំ​ស្នើ​ដល់​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​លើក​លែង​ការ​អនុវត្ត​សាលក្រម​របស់​តុលាការ​កំពូល»

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​ថែ្លង​ថា នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ដោះស្រាយ​ការ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដីធ្លី​នា​ពេល​ឆាប់ៗ​នេះ ៖ «ខ្ញុំ​ចង់​សុំ​ឲ្យ​លើក​លែង លុប​ចោល​សាលក្រម​ដែល​គេ​ដាក់​មក​ឲ្យ​ពួក​យើង​ហ្នឹង។ ទី​១ ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពួក​ខ្ញុំ ខំ​តស៊ូ​តាំង​ពី​សម័យ​ខ្មែរ​ក្រហម​កាន់​កាប់ រហូត​ដល់​ផ្លូវ​ស្រុក​ទេស​បាន​ស្រួល​បួល ហើយ​គេ​រំលោភ​យក​ដី​យើង»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន ដើម្បី​សុំ​សេចក្តី​ប្រតិកម្ម​ពី​តំណាង​ក្រុមហ៊ុន​ហេង ហ៊ុយ និង​តំណាង​ក្រុមហ៊ុន​សុខ ហុង ជុំវិញ​ទំនាស់​ដី​ធ្លី​ខាង​លើ​នេះ ប៉ុន្តែ​ភរិយា​របស់​លោក ហេង ហ៊ុយ បាន​មាន​ប្រសាសន៍​បញ្ជាក់​កាល​ពី​ថៃ្ង​អាទិត្យ​ថ្មីៗ​នេះ​ថា នោះ​គឺ​ជា​ការ​សម្រេច​របស់​តុលាការ។

លោក អំ សំអាត ជា​ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល លីកាដូ បាន​មាន​ប្រសាសន៍​ថា ទំនាស់​របស់​ក្រុមហ៊ុន​ឯកជន​ពីរ​ដណ្តើម​ដី​គ្នា បែរ​មក​ជា​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ​ទៅ​វិញ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ឃើញ​ថា បញ្ហា​នៅ​ជីខ​ក្រោម​វា​ផ្ដើម​ចេញ​ពី​ឧកញ៉ា​ពីរ​ដែល​គាត់​ប្ដឹង​គ្នា គឺ​ខាង​ឧកញ៉ា ហេង ហ៊ុយ និង​ឧកញ៉ា សុខ ហុង គាត់​ប្ដឹង​ដណ្ដើម​ដី​គ្នា ប៉ុន្តែ​សាលក្រម​ដែល​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​នេះ វា​ប៉ះពាល់​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​រស់​នៅ​លើដី​ហ្នឹង​ដោយ​មិន​ដឹង​ខ្លួន»

លោក តៅ វ៉ាន់ ជា​មេ​ឃុំ​ជីខ​ក្រោម ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង កំពុង​តែ​ព្យាយាម​ដោះស្រាយ​រឿង​ខាង​លើ​នេះ​ផង​ដែរ កុំ​ឲ្យ​មាន​ការ​បណ្តេញ​ប្រជាពលរដ្ឋ​៤៣​គ្រួសារ​នោះ ដើម្បី​បង្អង់​ការ​បណ្តេញ​នោះ ប៉ុន្តែ​លោក​មិន​សូវ​ជា​មាន​សង្ឃឹម​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ចំនួន​៤៣​គ្រួសារ​នោះ កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទះ​សម្បែង​និង​ដីធ្លី ដែល​នឹង​បាត់​បង់​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ។

ផ្អែក​តាម​ឯកសារ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា សាលដីកា​ជា​ស្ថាពរ​របស់​តុលាការ​កំពូល តាម​រយៈ​តុលាការ​សាលា​ដំបូង​ខេត្ត​កោះកុង ចុះ​ថៃ្ង​ទី​១២ ខែ​តុលា​ថ្មីៗ​នេះ បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​២៤​នាក់ នៃ​គ្រួសារ​៤៣​គ្រួសារ​នោះ ជួប​ប្រជុំ​នៅ​ថៃ្ង​ទី​២៧ ខែ​តុលា ខាង​មុខ​នេះ ដើម្បី​ចូល​រួម​ក្នុង​ការ​អនុវត្ត​សាលដីកា​ជា​ស្ថាពរ​របស់​តុលាការ​កំពូល៕