ស្ពាន​ពេជ្រ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ

ស្ពាន​ពេជ្រ​នៃ​កោះ​ពេជ្រ​ដែល​មាន​មនុស្ស​រត់​ជាន់​គ្នា​ស្លាប់ និង​របួស​លើ​នោះ​ប្រមាណ​ជិត ១.០០០​នាក់ កាល​ពី​ថ្ងៃ​ទី​៣ នៃ​បុណ្យ​អុំ​ទូក​កន្លង​ទៅ បាន​បើក​ឲ្យ​ដំណើរការ​ឆ្លង​កាត់​ឡើង​វិញ​ហើយ នៅ​ម៉ោង​ប្រមាណ ៩ ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ បន្ទាប់​ពី​ស្ពាន​នេះ​បាន​បិទ​អស់​រយៈ​ពេល​ប្រមាណ​ជា​កន្លះ​ខែ​កន្លង​មក។

0:00 / 0:00

អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​ចូល​រួម​ជា​អធិបតីភាព​ក្នុង​ពិធី​សាសនា​មួយ​ហៅ​ថា ពិធី​ក្រុង​ពាលី ដើម្បី​បើក​ឲ្យ​ឆ្លង​ស្ពាន​ពេជ្រ​ឡើង​វិញ តែ​លោក​បាន​មិន​បាន​ដើរ​ឆ្លង​ស្ពាន​ពេជ្រ ដែល​ទើប​បើក​ឲ្យ​ឆ្លង​កាត់​ជា​ថ្មី​នោះ​ទេ ក្រោយ​ពី​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់​នៅ​លើ​ស្ពាន​នោះ។

ព្រះសង្ឃ លោក​តា​អាចារ្យ និង​លោក ពុង ខៀវសែ ម្ចាស់​វិនិយោគ​តំបន់​កោះ​ពេជ្រ បាន​ដើរ​ទៅ​បើក​របាំង​ហាម​ឃាត់​ឆ្លង​កាត់​ស្ពាន​ជា​និម្មិត​រូប​មុន​គេ បន្ទាប់​មក​ទើប​ប្រជាពលរដ្ឋ​ទូទៅ​បាន​ធ្វើ​ចរាចរណ៍​តាម​ក្រោយ​ជា​ធម្មតា តែ​មិន​មាន​ចំនួន​ច្រើន​នោះ​ទេ​នៅ​ថ្ងៃ​ដំបូង​នេះ។

នៅ​ក្នុង​ពិធី​នោះ​ដែរ លោក កែប ជុតិមា បាន​អនុម័ត​ឲ្យ​សង់​ស្ពាន​ចំនួន ២​បន្ថែម​ទៀត ឆ្លង​ទៅ​តំបន់​កោះ​ពេជ្រ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​បញ្ជៀស​នូវ​ការ​កក​ស្ទះ និង​កុំ​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​ដូច​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នៅ​លើ​ស្ពាន​នោះ​ទៀត។

លោក កែប ជុតិមា មាន​ប្រសាសន៍​បន្ថែម​ថា ៖ «តាម​ពិត​យើង​កំពុង​រក​មើល​ប្លង់ តាម​ពិត​ការងារ​ហ្នឹង​ស្ទើរ​តែ​រួច​រាល់​អស់​ហើយ ប៉ុន្តែ​យើង​មើល​កែ​តម្រូវ​ប្លង់​បន្តិច ហើយ​ខ្ញុំ​ធានា​ថា មិន​យូរ​ទេ យើង​នឹង​បើក​ផ្លូវការ​សាងសង់​ស្ពាន​ពីរ​នេះ»

លោក​បន្ត​ថា ក្រៅ​ពី​កិច្ចការ​សង់​ស្ពាន​បន្ថែម​នេះ សាលាក្រុង​នឹង​រៀបចំ​សង់​ស្តូប​មួយ​ស្ថិត​នៅ​ខាង​ស្ដាំ​ត្រើយ​ខាង​លិច​នៃ​ស្ពាន​ពេជ្រ ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ គោរព​បូជា​ដល់​អ្នក​ដែល​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ​នេះ ហើយ​បច្ចុប្បន្ន​អ្នក​ជំនាញ​កំពុង​សិក្សា​គូ​ប្លង់​ហើយ។

ចំពោះ​ថវិកា​សាងសង់​ស្តូប លោក​បញ្ជាក់​ថា ប្រើប្រាស់​មូលនិធិ​ទូរទស្សន៍​បាយ័ន ស៊ី.ធី.អិន (CTN) និង​ថវិកា​របស់​អ្នក​វិនិយោគ​តំបន់​កោះ​ពេជ្រ លោក ពុង ខៀវសែ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ លោក រ៉ាឌី ដែល​មក​ចូល​ការ​បើក​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នូវ​ស្ពាន​ពេជ្រ​នេះ ថ្លែង​ថា គេ​មិន​ជំទាស់​ទេ​ចំពោះ​ការ​បើក​ឡើង​វិញ​នូវ​ស្ពាន​ដែល​មាន​សោកនាដកម្ម​នេះ ប៉ុន្តែ​លោក​សូម​ឲ្យ​អាជ្ញាធរ​គិតគូរ​ឡើង​វិញ ចំពោះ​ការ​ដាក់​កម្លាំង​សន្តិសុខ​នៅ​ទី​នោះ និង​ការ​សម្រួល​ការ​ធ្វើ​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ជាង​ពេល​មុន។

លោក សុន ឆ័យ តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ហៅ​ការ​ប្រញាប់ប្រញាល់​ឆាប់​បើក​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នូវ​ស្ពាន​កោះ​ពេជ្រ ដែល​កើត​មាន​សោកនាដកម្ម​សម្លាប់​មនុស្ស​ដ៏​ច្រើន​នេះ ជា​អំពើ​បិទ​បាំង​មួយ​នូវ​ទង្វើ​ដែល​ថៅកែ​កោះ​ពេជ្រ និង​មន្ត្រី​សាលាក្រុង​មិន​ទទួល​ខុស​ត្រូវ។

លោក​បន្ត​ថា ការ​ថ្លែង​បែប​នេះ ដោយសារ​គណបក្ស សម រង្ស៊ី មិន​ទទួល​យក​លទ្ធផល​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​កន្លង​មក លើ​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ ហើយ​បាន​ទាមទារ​ឲ្យ​បង្កើត​ក្រុម​ការងារ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ហើយ​ពេល​នេះ គណបក្ស សម រង្ស៊ី និង​សង្គម​ស៊ីវិល​មួយ​ចំនួន ក៏​កំពុង​ធ្វើការ​​ស្រាវជ្រាវ​រក​ហេតុផល​លើ​ករណី​ខាង​លើ​នេះ​នៅ​ឡើយ។

លោក ពុង ខៀវសែ ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ណា​មួយ​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​ឡើយ នៅ​ក្នុង​ពិធី​បើក​ឲ្យ​ឆ្លង​កាត់​ស្ពាន​ពេជ្រ​ឡើង​វិញ​នោះ។

នៅ​តំបន់​កោះ​ពេជ្រ​ទៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​ស្ពាន​ឆ្លង​ទៅ​មក​ចំនួន ៥ មាន​ដូច​ជា ស្ពាន​ហង្ស ស្ពាន​ពេជ្រ ដែល​កើត​នូវ​សោកនាដកម្ម ស្ពាន​នាគ ស្ថិត​នៅ​ខាង​ត្បូង​ស្ពាន​ហង្ស ចេញ​ទៅ​ផ្លូវ​សុធារស ដែល​កំពុង​សាង​សង់ ហើយ​ស្ពាន ២​ទៀត​ដែល​គេ​គ្រោង​សង់​បន្ថែម​នោះ ពុំ​ទាន់​មាន​ឈ្មោះ​នៅ​ឡើយ ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ស្ពាន​ពេជ្រ​ភាគ​ខាង​ជើង​តំបន់​កោះ​ពេជ្រ​នោះ៕