ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​និង​បុណ្យ​ឆ្លង​ស្តូប​នៅ​កោះ​ពេជ្រ

សាលា​រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ រំលឹក​ខួប​មួយ​ឆ្នាំ​ដល់​អ្នក​ដែល​បាត់បង់​ជីវិត​ដោយសារ​ផ្អើល​ជាន់​គ្នា​នៅ​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ថ្ងៃ​ចុង​ក្រោយ​នៅ​លើ​ស្ពាន​កោះ​ពេជ្រ។

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ប្រធាន​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ រួម​ទាំង​ក្រុម​គ្រួសារ​អ្នក​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១១ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ស្តូប សង់​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រងគ្រោះ​ដោយ​សារ​ព្រឹត្តិការណ៍​ជាន់​គ្នា​កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ និង​បាន​បង្សុកូល​ឧទ្ទិស​ដល់​អ្នក​ស្លាប់។

អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​នេះ​គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​ត្រូវ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ បាន​កើត​ឡើង​នៅ​រាជធានី​ភ្នំពេញ។

លោក​ថា ស្តូប​នេះ​ធ្វើឡើង​ដើម្បី​កត់សម្គាល់ និង​រំលឹក​ការ​ចងចាំ៖ «មិន​ចាំបាច់​ខ្ញុំ​ទេ អ្នក​ណា​ក៏ដោយ បើ​មាន​បង​ប្អូន​ជន​រួម​ជាតិ​ជា​ខ្មែរ​បាត់បង់​ជីវិត យើង​ត្រូវ​តែ​សោកស្ដាយ យើង​ត្រូវ​តែ​ចងចាំ។ យើង​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​ក្នុង​របប ប៉ុល ពត អ៊ីចឹង​ជន​រង​គ្រោះ ជន​រួម​ជាតិ​របស់​យើង​ដែល​ទទួល​គ្រោះ​ថ្នាក់ យើង​ត្រូវ​តែ​សោកស្ដាយ»

កោះ​ពេជ្រ ៣០៥
២២-វិច្ឆិកា-២០១១៖ ស្តូប​សម្រាប់​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​រង​គ្រោះ​នៅ​កោះ​ពេជ្រ។ (RFA/Khe Sonorng)

លោក​បាន​បញ្ជាក់​ថា ស្តូប​នេះ​បាន​ចំណាយ​ថវិកា​សាងសង់​ប្រហែល ១២​ម៉ឺន​ដុល្លារ ដែល​បាន​មក​ពី​មូលនិធិ​ទូរទស្សន៍​បាយ័ន មូលនិធិ​ទូរទស្សន៍​ស៊ីធីអ៊ិន (CTN) ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) និង​សាលា​រាជធានី​ភ្នំពេញ។

ឪពុក​ម្ដាយ ឬ​សាច់ញាតិ​របស់​អ្នក​ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​ពេជ្រ ដែល​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ បាន​សម្ដែង​ការ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​ពួកគេ​នឹក​រលឹក​ឡើង​វិញ​ចំពោះ​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពួកគេ។

លោកស្រី សុំ សុភាព អាយុ ៤៦​ឆ្នាំ ដែល​បាន​អុជ​ធូប​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​កូន​ប្រុស​អាយុ ១៨​ឆ្នាំ​ដែល​បាន​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ​នេះ បាន​និយាយ​ទាំង​ទឹក​ភ្នែក​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​នេះ គាត់​នៅ​តែ​នឹក​ឃើញ​កូន​ជា​ទី​ស្រលាញ់​របស់​គាត់​ដែល​បាន​មក​ចោល​ជីវិត​នៅ​លើ​ស្ពាន​នេះ៖ «ឲ្យ​កូន​ចាប់​ជាតិ​រក​ភព​ថ្មី កុំ​ឲ្យ​នៅ​ទី​នេះ​ទៀត សូម​ឲ្យ​កូន​មាន​សេចក្ដី​សុខ អាយុ​វែង កុំ​ឲ្យ​មាន​អាយុ​ខ្លី​ដូច​ជាតិ​នេះ»

ខែ សុណង៖ តើ​បង​មាន​ការ​ពេញ​ចិត្ត​ទេ ដែល​ខាង​អាជ្ញាធរ​គេ​ធ្វើ​ស្តូប​ធ្វើ​អី​ឲ្យ​ដូច្នេះ? សុំ សុភាព៖ គ្មាន​ពេញ​ចិត្ត​អី​ទេ ខ្ញុំ​ស្ដាយ​កូន​ខ្ញុំ។

លោកស្រី តឹក សំអាត អាយុ ៤០​ឆ្នាំ មក​ចូល​រួម​ពិធី​នេះ​ដែរ ឲ្យ​ដឹង​ថា កូន​ប្រុស​គាត់​ម្នាក់​អាយុ ១២​ឆ្នាំ​បាន​ស្លាប់ និង​កូន ២​នាក់​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​លើ​ស្ពាន​នេះ នាំ​ឲ្យ​គាត់​ចងចាំ​មិន​ភ្លេច។ យ៉ាង​ណា​គាត់​ពេញ​ចិត្ត​ចំពោះ​ការ​សាងសង់​ឲ្យ​មាន​ស្តូប ដើម្បី​រំលឹក​នូវ​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ​កុំ​ឲ្យ​មាន​លើក​ក្រោយ​ទៀត។

លោកស្រី​បន្ត​ថា៖ «មក ៥​នាក់ បង​ប្អូន​វា​ហ្នឹង ជាប់​តែ​វា​មួយ​ទេ មួយ​ទៀត​ស្រី ដេក​ពេទ្យ​កាល់ម៉ែត។ មាន​ធ្វើ​ការ​អី​កើត​ឥឡូវ​មក​ធ្វើ​ការ​រោងចក្រ​រវល់​តែ​សន្លប់។ តូច​ចិត្ត​អាណិត​តែ​កូន វា​ស្ដាយ​កូន ទោះ​បី​លុយ​កាក់​ប៉ុន្មាន​ក៏​ខ្ញុំ​អត់​ចង់​បាន​ដែរ។ ថ្ងៃ​ស្លាប់​ហើយ​គេ​ហៅ​មក​យក​លុយ សម្ដេច​ហ្នឹង ខ្ញុំ​ហួស​មក​ហ្នឹង​មួយ​ភ្លែត ក៏​នឹក​ឃើញ​ស្ពាន​នេះ​ខឹង។ គេ​សួរ​រាល់​ថ្ងៃ​ហ្នឹង​ក៏​ខឹង​ដែរ នឹក​ឃើញ​ថា មិន​ដែល​មាន​ឧបទ្ទវហេតុ​អ៊ីចឹង បើ​ប្ដី​ខ្ញុំ​រឹតតែ​ស្អប់​ទៀត»

កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ ក្នុង​ពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់ ដែល​ជា​រឿង​សែន​សោកស្ដាយ​ជាទី​បំផុត ធ្វើ​ឲ្យ​ការ​ចូល​រួម​សប្បាយ​ថ្ងៃ​បុណ្យ​ក្លាយ​ជា​ការ​កាន់​ទុក្ខ​ទៅ​វិញ៕