អគារមួយខ្នងនៅក្នុងសាលានេះ បានសាងសង់ឡើងដោយជំនួយសប្បុរសធម៌ពីក្រៅប្រទេស និងមួយខ្នងទៀត កសាងឡើងដោយរដ្ឋាភិបាលកម្ពុជា។ អ្នកភូមិរស់នៅតំបន់នោះចង់ឲ្យមានការអភិវឌ្ឍបន្ថែមទៀតលើវិស័យអប់រំនៅតំបន់ជនបទ ដើម្បីកូនចៅរបស់ពួកគាត់ទទួលបានចំណេះដឹង និងមានអនាគតល្អ។
បើគេធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ ចូលតាមខ្លោងទ្វារវត្តកំណប់ តាមផ្លូវដីក្រាលគ្រួសក្រហមតូចល្មមមួយខ្សែ លាយឡំនឹងភក់ប៉ប៉ិកប៉ប៉ាច់ ចម្ងាយជាង ៥គីឡូម៉ែត្រ នឹងទៅដល់ភូមិចុងកាត់មាត់ញកមួយមានឈ្មោះថា ភូមិដំបូកខ្ពស់ ស្ថិតនៅក្នុងឃុំអូរដំបងពីរ ស្រុកសង្កែ ខេត្តបាត់ដំបង។
ទៅដល់ទីនោះ គេនឹងបានឃើញសាលារៀនពីរខ្នងសង់ឡើងពីថ្មប្រក់ក្បឿងមានកម្ពស់ខ្ពស់សន្លឹម ហើយនៅជុំវិញទីទួលនៃសាលានោះ មានវាលស្រែស្រូវសន្ទូងបែកគុម្ពពណ៌បៃតងខៀវស្រងាត់ និងមានទឹកអូរ ទឹកប្រឡាយព័ន្ធជុំវិញ។ មានលំនៅឋានរបស់អ្នកភូមិតូចធំ សាងសង់ដាច់ពីគ្នានៅតាមផ្លូវចូលជាហូរហែរហូតទៅដល់សាលាបឋមសិក្សាគគីរ។
នៅក្នុងថ្នាក់រៀនមានកុមារាកុមារីជាច្រើននាក់ ក្នុងសំលៀកបំពាក់អាវស ខោខៀវ អ្នកខ្លះកំពុងអង្គុយមើលសៀវភៅ ខ្លះសូត្រមេរៀន និងខ្លះទៀតអង្គុយស្ដាប់លោកគ្រូអ្នកគ្រូពន្យល់មេរៀន ក្នុងទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។
សាលាបឋមសិក្សាគគីរ មានអគារពីរខ្នង មានថ្នាក់រៀន ៦បន្ទប់ និងការិយាល័យមួយបន្ទប់។ អគារមួយខ្នងមានបីបន្ទប់ ជាអគារដែលកសាងឡើងដោយរដ្ឋាភិបាល និងអគារមួយខ្នងទៀត មានបួនបន្ទប់ បានសាងសង់ឡើងក្រោមជំនួយសប្បុរសធម៌របស់សប្បុរសជននៅសហរដ្ឋអាមេរិក ដែលចំណាយថវិកាអស់ប្រមាណជាង ៤ម៉ឺនដុល្លារ។

លោកស្រី ផាត ផល្លា ជាគ្រូបង្រៀននៅទីនោះ បានឲ្យដឹងថា កាលពីឆ្នាំ១៩៨៦ នៅក្នុងភូមិដំបូកខ្ពស់ មានសាលារៀនមួយខ្នងមួយបន្ទប់ មានជញ្ជាំងបាំងស្លឹក ដំបូលប្រក់ស្បូវ កសាងឡើងដោយសហគមន៍នៅក្នុងភូមិ។ ក្រោយមក នៅឆ្នាំ១៩៩០ មានសប្បុរសជនឈ្មោះ អ៊ុច ភូ និងក្រុមគ្រួសារ ជួយសាងសង់អគារមួយខ្នង មានពីរបន្ទប់ សង់ពីឈើប្រក់ស័ង្កសី។ លុះដល់ឆ្នាំ២០០២ រដ្ឋាភិបាលកម្ពុជា បានកសាងសាលាមួយខ្នងទៀត មានបីបន្ទប់ នៅក្បែរគ្នានោះ ដើម្បីជួយសម្រួលដល់ការសិក្សាកូនអ្នកភូមិដំបូកខ្ពស់។
លោកស្រី ផាត ផល្លា៖ «ទើបមកដល់ឆ្នាំ២០១២ នេះ លោក អ៊ុច តេជា និងអ្នកស្រី ង៉ែត ផារី បានជួយកសាងអគារថ្មីមួយខ្នងទៀត គឺមាន ៤បន្ទប់ ដោយរុះរើអគារចាស់ចេញ។ អគារនេះផ្ដើមឡើងដោយលោក អ៊ុច តេជា និងអ្នកស្រី ង៉ែត សុផារី គាត់នៅសហរដ្ឋអាមេរិក រួមទាំងសប្បុរសជនច្រើន រួមចំណែកសាងសង់ អស់ជាង ៤ម៉ឺនដុល្លារ មានដងទង់ជាតិនៅខាងមុខហ្នឹង ចាក់សាប មានខ្លោងទ្វារ និងជញ្ជាំងទប់ដីកុំឲ្យបាក់ទៅអូរ។ និយាយទៅ សាលាហ្នឹងបំពាក់គ្រប់គ្រឿងទាំងអស់ មានតុគ្រូ តុសិស្ស កៅអីគ្រូ»។
លោក អ៊ុច តេជា និងភរិយាគាត់ឈ្មោះ ង៉ែត សុផារី បច្ចុប្បន្នរស់នៅរដ្ឋកាលីហ្វ័រនីញ៉ា (California) សហរដ្ឋអាមេរិក។ ថវិកាដែលចំណាយកសាងអគារមួយខ្នងមានថ្នាក់រៀនបួនបន្ទប់ ចំណាយថវិកាអស់ជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ការកសាងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ២០១២។ អគារថ្មីបួនបន្ទប់ ពុំទាន់បានរៀបចំដាក់តាំងរូបភាព និងពាក្យស្លោកអប់រំសិស្សនៅឡើយ។
មេឃុំអូរដំបងពីរ លោក ហុក សុគន្ធ បានថ្លែងថា លោក អ៊ុច តេជា និងភរិយា រួមទាំងឪពុកម្ដាយជាអ្នកមានស្រុកកំណើតនៅក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបងពីរ ស្រុកសង្កែ ខេត្តបាត់ដំបង ជាច្រើនឆ្នាំកន្លងទៅនេះ គាត់បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ទៅកាន់ភូមិកំណើត។ ដោយឃើញស្ថានភាពប្រជាពលរដ្ឋនៅក្នុងភូមិដំបូកខ្ពស់ ជួបការលំបាកក្នុងការរៀនសូត្រ ដូច្នេះក៏បានពិគ្រោះគ្នាសាងសង់សាលារៀនមួយខ្នងឲ្យកូនចៅអ្នកភូមិបានរៀនសូត្រ។
លោក ហុក សុគន្ធ៖ «តម្រូវការរបស់ប្រជាពលរដ្ឋ គាត់ចង់បានសាលានៅជិតផ្ទះរបស់គាត់។ នៅក្នុងភូមិមានសាលាពីរកន្លែង មួយកន្លែងទៀតនៅដំបូកខ្ពស់។ អ៊ីចឹង ពីគគីរ មកដំបូកខ្ពស់ ធ្វើដំណើរមកឆ្ងាយ។ អ៊ីចឹង គាត់សម្រេចចិត្តជួយសាងសង់សាលាឲ្យភូមិដំបូកខ្ពស់ មួយខ្នងទៀត ដើម្បីឲ្យកូនចៅគាត់មករៀនជិត មិនពិបាកទៅឆ្ងាយ»។
អ្នកគ្រូ ផាត ផល្លា បានបញ្ជាក់ថា ទោះជាយ៉ាងណា សាលារៀននេះនៅជួបការលំបាកមួយចំនួនទៀត ដូចជាខ្វះគ្រូបង្រៀន ផ្លូវធ្វើដំណើរពិបាក មិនទាន់មានរបងការពារ និងអត់មានទឹកភ្លើងប្រើប្រាស់ជាដើម៖ «តម្រូវការចាំបាច់ ព្រោះយើងមាន ៦កម្រិត ហើយនាយកមួយ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ គ្រូមានតែ ៤នាក់ គឺយើងធ្វើពីរពេល។ ឡើងទៅខាងអប់រំស្រុក ដើម្បីឲ្យគាត់ចេញជាប្រាក់ខែពីរពេលឲ្យគាត់។ អ៊ីចឹងទៅយើងបង្រៀនបានព្រឹកល្ងាច»។
ទីតាំងសាលានេះ មានចម្ងាយពីផ្លូវជាតិលេខ៥ ជាង ៥គីឡូម៉ែត្រ។ គេអាចធ្វើដំណើរទៅកាន់ទីនោះបានតាមផ្លូវដីក្រាលគ្រួសក្រហម។ សាលានេះព័ទ្ធជុំវិញទៅដោយវាលស្រែ និងមានកូនចៅប្រជាពលរដ្ឋនៅក្នុងភូមិដំបូកខ្ពស់ ជាង ១០០គ្រួសារ កំពុងរៀនសូត្រនៅសាលានោះ។
បច្ចុប្បន្ន សាលារៀនបឋមសិក្សាគគីរ មានគ្រូបង្រៀន ៤នាក់ និងនាយកសាលាម្នាក់។ គ្រូបង្រៀនបានចែកវេនគ្នាបង្រៀននៅពេលព្រឹក ៤ថ្នាក់ និងពេលល្ងាច ២ថ្នាក់ ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។
ទោះជាយ៉ាងនេះក្ដី អាណាព្យាបាល និងមាតាបិតាសិស្សនៅក្នុងភូមិដំបូកខ្ពស់ មានការសប្បាយចិត្ត និងថ្លែងអំណរគុណចំពោះសប្បុរសជននៅក្រៅប្រទេស ដែលបានជួយផ្ដល់សាលារៀនឲ្យកូនចៅរបស់ពួកគាត់បានរៀនសូត្រមានចំណេះដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
