ការជួបជុំគ្នារបស់ពលករនិងពលការិនីកម្ពុជាទាំងប្រមាណ៦ពាន់នាក់ ដែលសម្រុកមកសុំពាក្យប្រឡងនេះ បានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យារបស់ក្រសួងការងារនៅឯក្រុងភ្នំពេញ ក្នុងគោលបំណងស្វែងរកឱកាសទៅធ្វើការនៅប្រទេសកូរ៉េ។
លោកសាស្រ្តាចារ្យ ប៊ុន ភារិន្ទ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលកំពុងសម្របសម្រួលទីកន្លែងនិងការចែកចាយពាក្យសុំប្រឡងដល់ពលករខ្មែរថ្លែងថា ពាក្យសុំប្រឡងភាសាកូរ៉េ ដែលកំពុងផ្តល់ជូនគឺមានធ្វើឡើងនៅតែក្នុងបរិវេណវិទ្យាស្ថាននេះប៉ុណ្ណោះ និងចែកជូនដោយឥតគិតថ្លៃ។
លោកសាស្រ្ដាចារ្យ ប៊ុន ភារិន្ទ បានឲ្យដឹងដូច្នេះ ៖ «ទីនេះដោយសារថា ទីតាំងល្អហើយធំទូលាយ អ៊ីចឹងទេយើងជ្រើសរើសកន្លែងសម្រាប់ចែកជូននូវពាក្យសុំប្រឡង។ ក្រោយពីបានពាក្យសុំប្រឡងយើងយកទៅបញ្ចូលក្នុងប្រព័ន្ធគណនេយ្យរបស់យើង ឯកសាររបស់យើង ហើយយើងនឹងបញ្ចេញមកវិញនូវឈ្មោះបេក្ខជនដែលសុំប្រឡង ហើយនិងមណ្ឌលដែលគាត់ត្រូវសុំប្រឡង។ អាចមាននៅកន្លែងនេះ អាចមាននៅសាលាមួយចំនួនទៀតក្នុងក្រុងភ្នំពេញ ប៉ុន្តែគាត់ត្រូវតែមកទទួលពាក្យនៅកន្លែងហ្នឹង ហើយពាក្យដែលគាត់បានទទួលនៅថ្ងៃនេះ គឺជាពាក្យដែលគាត់ត្រូវទទួលបានដោយឥតគិតថ្លៃ ...»។
ពលការិនីមកពីខេត្តសៀមរាបមួយរូបឈ្មោះ ពឹង ស៊ីណាត ដែលនៅក្នុងដៃមានកាន់ពាក្យសុំប្រឡងទើបទទួលបានមួយសន្លឹក ហើយសម្តែងក្តីសង្ឃឹមច្រើននៅក្នុងការប្រឡងខាងមុខ ដោយសារតែខ្លួនអះអាងថា ចេះនិយាយភាសាកូរ៉េផងនិងអង់គ្លេសផងនោះ បាននិយាយឲ្យដឹងថា ៖ «មិនមានទារលុយទេពេលចែក(ពាក្យ)ហ្នឹង ប៉ុន្តែពេលយើងដាក់១៧ដុល្លារ។ ពេលយើងដាក់ទៅវិញគឺជាសេវាកម្មសម្រាប់បម្រើការជាសោហ៊ុយសម្រាប់អ្នកធ្វើការ អ៊ីចឹងយើងអត់មានបញ្ហាទេ»។
លោក ប៊ុន ភារិន្ទ សាស្រ្តាចារ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ថ្លែងឲ្យដឹងថា ក្នុងចំណោមពលករពលការិនីប្រមាណ៦ពាន់អ្នកនេះ នឹងត្រូវប្រឡងជ្រើសរើសយកចំនួនតែ៧រយនាក់ប៉ុណ្ណោះ ដើម្បីទៅបំពេញការងារកសិកម្មនៅប្រទេសកូរ៉េ។
ទន្ទឹមគ្នានេះដែរ ពលករមកពីខេត្តកណ្តាលមួយរូបឈ្មោះ ភុន ភឿន និយាយថា គាត់បានបោះបង់គោលបំណងសុំពាក្យប្រឡងរបស់គាត់វិញដោយសារចំនួនអ្នកសុំពាក្យច្រើនពេក និងម្យ៉ាងទៀតគាត់រង់ចាំការងារឧស្សាហកម្ម ៖ «ខ្ញុំពិបាកក្នុងការយកពេក ម្ល៉ោះហើយបានជាខ្ញុំណាយ ខ្ជិលចង់ទៅទៀត ព្រោះមនុស្សច្រើនពេកពិបាក»។
លោកសាស្រ្តាចារ្យ ប៊ុន ភារិន្ទ បានឲ្យដឹងដែរថា នៅក្នុងដំណាក់កាលរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃអាទិត្យ ទី២៨ កុម្ភៈ គឺគ្រាន់តែជាការចែកទម្រង់ពាក្យសុំប្រឡងឲ្យយកទៅបំពេញប៉ុណ្ណោះ រីឯពេលវេលាប្រឡងពិតប្រាកដនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ៕