ការ​កសាង​សារមន្ទីរ​ខ្មែរ​ក្រហម​នៅ​អន្លង់វែង មិន​ទាន់​ចេញ​ជា​រូប​រាង​ទេ

ផែនការ​កសាង​សារមន្ទីរ​មួយ​នៅ​អន្លង់វែង​ដែល​នឹង​ដាក់​តាំង​រូបថត​ចំនួន ១.២០០​ផ្ទាំង ដែល​បាន​ត្រូវ​ថត​កាល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ពុំ​ទាន់​ចេញ​ជា​រូបរាង​ទេ ក្នុង​ពេល​ដែល​ខ្វះ​ថវិកា ខណៈ​ដែល​គេ​ខ្លាច​ថា ដំណើរការ​តាំង​ពិព័រណ៍​នេះ អាច​នាំ​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សំណាក់​សហគមន៍​នៅ​តំបន់​អតីត​ខ្មែរ​ក្រហម​នោះ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​រាយការណ៍​កាល​ពី​ចុង​សប្តាហ៍​ថា លោក ញ៉ែម អេន ដែល​ជា​អ្នក​ថត​រូប​នៅ​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល កាល​ជាង​២​ឆ្នាំ​មុន លោក​បាន​ទិញ​ដី​២៧​ហិកតារ ចម្ងាយ​ប្រមាណ ២​-៣​ គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ស្រុក​អន្លង់វែង ហើយ​ឥឡូវ​មិន​អាច​រក​អ្នក​គាំទ្រ​គម្រោង​នេះ​បាន​នៅ​ឡើយ។

លោក​ថា ពី​ដំបូង ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មាន​បំណង​បោះ​ទុន​លើ​គម្រោង​នេះ​ដែរ ប៉ុន្តែ​ថ្មី​ៗ​នេះ គេ​មាន​ការ​រួញរា​ដោយ​ដឹង​ថា សាលាក្តី​ខ្មែរ​ក្រហម​នៅ​តែ​ដំណើរការ​នោះ។ ហើយ​ថា ពលរដ្ឋ​នៅ​ម្តុំ​នោះ មាន​ការ​បារម្ភ​ថា តុលាការ​នោះ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​ខ្លួន។

ព័ត៌មាន​បន្ត​ថា គេ​រំពឹង​ថា ប្រាក់​ប្រមាណ​៣២​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​សង់​សារមន្ទីរ​នឹង​ត្រូវ​ឧបត្ថម្ភ​ដោយ​ក្រុម​រក​ស៊ី​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន។

លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​លោក​អាច​ជួយ​ឧបត្ថម្ភ​ផ្នែក​រដ្ឋបាល​ដល់​លោក ញ៉ែម អេន នៅ​ពេល​ណា​ដែល​សារមន្ទីរ​នោះ​ចេញ​ជា​រូបរាង​ហើយ​ដំណើរការ ដូច​ជា​ជួយ​រៀបចំ​ជា​សិក្ខាសាលា​និង​រៀប​ការ​តាំង​ពិព័រណ៍ ក៏​ប៉ុន្តែ​មិន​អាច​ផ្តល់​ថវិកា​ឲ្យ​ទេ៕