ប្រជាពលរដ្ឋប្រមាណ២០០នាក់រួមជាមួយសហមេធាវីជាតិនិងអន្តរជាតិ រួមទាំងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលបានជួបប្រជុំគ្នាជាលើកដំបូងជាមួយជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីត្រៀមខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងលេខ០០២ ប្រឆាំងនឹងអតីតក្រុមមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលកំពុងជាប់ឃុំរង់ចាំការជំនុំជម្រះ។
ជំនួបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់តំបន់មួយកាលពីថ្ងៃសៅរ៍ ទី២៣ ខែមករា នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានជនរងគ្រោះមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់និងខេត្តបាត់ដំបង ក្រោមការរៀបចំរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។
លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ជនរងគ្រោះអាចចូលខ្លួន (អាចចូលរួម ឬអាចសុំតាំងខ្លួន)ជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងលេខ០០២បាន ប៉ុន្តែពួកគេចាំបាច់ត្រូវការមេធាវីដើម្បីរៀបចំពាក្យបណ្តឹងដាក់ទៅសាលាក្តីខ្មែរក្រហម។
លោក ធន សារាយ បញ្ជាក់បន្ថែមថា ៖ «អ៊ីចឹងបងប្អូនយើងត្រូវត្រៀមខ្លួនឲ្យហើយថា បើសិនក្នុងករណីពាក្យសុំរបស់យើងត្រូវបានសាលាក្តីលោកទាត់ចោលនោះ យើងត្រូវធ្វើការឧទ្ធរណ៍ប្តឹងនឹងការដែលសម្រេចហ្នឹង អ៊ីចឹងយើងត្រូវតែប្រើប្រាស់ពឹងពាក់មេធាវីឲ្យគាត់ជួយ»។
លោកបានបន្តថា នៅក្នុងសំណុំរឿងលេខ០០២នេះ មានអ្នកតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីចំនួនជាង៣.៥០០នាក់ ហើយដែលបានដាក់ពាក្យប្តឹងទៅសាលាក្តីខ្មែរក្រហម។
នៅក្នុងការជជែកដេញដោលគ្នាទាក់ទិនសំណុំរឿងលេខ០០២ ក្រុមជនរងគ្រោះក្នុងរបបខ្មែរក្រហមក៏បានចោទសួរសំណួរជាច្រើនក្នុងការទាមទាររកយុត្តិធម៌និងសំណងរដ្ឋប្បវេណី។
ចំណែកសហមេធាវីជាតិនិងអន្តរជាតិក្រៅពីបានពន្យល់ក្បោះក្បាយទាក់ទិនសំណួរនានា ពួកគេក៏បានសន្យាថា នឹងជួយកូនក្តីពួកគេក្នុងការតតាំងជាមួយសាលាក្តីខ្មែរក្រហមផងដែរ។
ជនរងគ្រោះម្នាក់បានមានប្រសាសន៍ថា ៖ «គឺថា ខ្ញុំបានបាត់បង់គ្រួសារទាំងអស់៣២នាក់នៅក្នុងរបប ប៉ុល ពត ដែលក្នុងនោះមានទាំងប្តីផងដែរ»។
សំណុំរឿងលេខ០០២ ត្រូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហៅកាត់ថា សាលាក្តីខ្មែរក្រហម ប្រកាសកាលពីថ្ងៃទី១៤ ខែមករា កន្លងទៅថា បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនហើយៗ
នៅក្នុងសំណុំរឿងនេះមានអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ចំនួន៥រូប គឺ ខៀវ សំផន, នួន ជា, អៀង សារី, អៀង ធីរិទ្ធ និង កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែលត្រូវចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាមនិងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តឡើងចន្លោះពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។
សាលាក្តីខ្មែរក្រហមបានប្រកាសថា រយៈពេលទទួលពាក្យបណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី សាលាក្តីនឹងឈប់ទទួលត្រឹមម៉ោង៧ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០នេះហើយ៕
