អតីតអ្នកទោសនៅមន្ទីរស.២១ ឬគុកទួលស្លែង លោក ជុំ ម៉ី បានដាក់សំណើទៅក្រសួងមហាផ្ទៃសុំបើកសមាគមមួយមានឈ្មោះថា "សមាគមក្សេមក្សាន្តទ្រទ្រង់ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ"។ លោកឲ្យដឹងថា សំណើបើកសមាគមនេះក្រសួងមហាផ្ទៃមិនបានជំទាស់ឡើយ។
លោក ជុំ មី បានបញ្ជាក់ឲ្យដឹងពីគោលបំណងនៃការបើកសមាគម គឺធ្វើឡើងដើម្បីចូលរួមក្នុងការផ្សះផ្សាជាតិនិងអំពាវនាវឲ្យមានការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
លោក ជុំ មី បានបញ្ជាក់ដូច្នេះ ៖ «យើងបង្កើតសមាគមហ្នឹងដើម្បីយើងប្រមូលជនរងគ្រោះឲ្យបានច្រើន ហើយយើងដាក់ពាក្យបណ្ដឹងរួចហើយ។ យើងចង់បានយុត្តិធម៌សម្រាប់បងប្អូនបាត់បង់ជីវិតទៅហ្នឹង ហើយអ្នកនៅរស់អី ចង់ឲ្យមានយុត្តិធម៌សម្រាប់គាត់ទាំងអស់គ្នា ហ្នឹងទី១។ ទី២ យើងចង់បានសមាជិកច្រើនទៅ យើងទាមទារសំណង»។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រសួងមហាផ្ទៃមិនជំទាស់ទៅនឹងសំណើបង្កើតសមាគមស្នើដោយអតីតអ្នកទោសគុកទួលស្លែងនេះទេ ព្រោះសមាគមនេះបានបំពេញលក្ខន្តិកៈក្នុងការបង្កើតសមាគមបានត្រឹមត្រូវ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ការបង្កើតសមាគមរបស់អតីតអ្នកទោសគុកទួលស្លែងនេះ អាចមានផលវិជ្ជមាននិងផលអវិជ្ជមាន គឺវាអាស្រ័យទៅលើទិសដៅរបស់សមាគមដែលបានដាក់ចេញ។
លោក ឆាំង យុ មានប្រសាសន៍ដូច្នេះ ៖ «កិច្ចការនេះមិនអាចធ្វើឡើងដោយម្នាក់ឯងបាន ឬក្រុមមួយ ស្ថាប័នមួយបានទេ អ៊ីចឹងវាអាស្រ័យទៅលើកម្មវត្ថុរបស់សមាគមនេះ។ បើសិនជាយើងផ្ដោតជាសំខាន់ទៅលើបញ្ហាមួយ ប្រធានបទមួយ ខ្ញុំគិតថា វាមានសារសំខាន់ ហើយគួរតែត្រូវបានទទួលការស្វាគមន៍ ប៉ុន្តែបើសិនជាយើងបង្កើតសមាគមមួយក្នុងនាមគ្រាន់តែជារូបរាង ហើយកម្មវត្ថុមានភាពទូលំទូលាយពេក ខ្ញុំគិតថា វាអាចបង្កការប៉ះពាល់ទៅដល់ផ្លូវចិត្តទៅវិញ ដោយសារថា កម្មវត្ថុវាអាចផ្ដល់នូវក្ដីសង្ឃឹមមួយដែលយើងមិនអាចឈានទៅដល់»។
លោក រាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា ការបង្កើតសមាគមរបស់អតីតជនរងគ្រោះពីរបបខ្មែរក្រហមនេះ គឺមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការកាត់ក្តីទៅលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរបស់សាលាក្តីខ្មែរក្រហមឡើយ។
ផ្ទុយទៅវិញលោក រាជ សម្បត្តិ បានសាទរចំពោះការបង្កើតសមាគមនេះ ៖ «អត់មានការប៉ះពាល់អីទេ បង្កើតទៅល្អហើយ។ យើងសប្បាយចិត្តនៅពេលដែលឃើញជនរងគ្រោះចេះរួបរួមគ្នាចងក្រងជាក្រុមអីអ៊ីចឹង ពួកគាត់អាចមានសំឡេងនិយាយជាមួយអ្នកដទៃដើម្បីឲ្យគេឈឺឆ្អាលពីរឿងការឈឺចាប់របស់ពួកគាត់ហ្នឹង»។
លោក ជុំ ម៉ី បញ្ជាក់ឲ្យដឹងថា ការបង្កើតសមាគមជនរងគ្រោះពីរបបខ្មែរក្រហមនេះ គឺមានសមាជិកប្រមាណពី៨០០ ទៅ ៩០០នាក់រួចហើយ។ ទោះយ៉ាងនេះក្តី សមាគមរបស់លោកមិនមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសប្បុរសជនណាមួយនៅឡើយទេ។
គួររំឭកថា លោក ជុំ ម៉ី អតីតអ្នកទោសនៅមន្ទីរស.២១ ឬគុកទួលស្លែង គឺជាអតីតអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសជាង១០នាក់ផ្សេងទៀតដែលរួចផុតពីសេចក្តីស្លាប់នៅក្នុងគុកទួលស្លែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម៕
