ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​ប្រតិកម្ម​នឹង​ការ​ផ្ដន្ទា​ទោស ឌុច

គ្រួសារ និង​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ឃុំ​រំលេច ខេត្ត​ពោធិ៍សាត់ ជា​ច្រើន​នាក់ ​បាន​សម្ដែង​នូវ​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ចំពោះ​សាលក្រម ដែល​បាន​សម្រេច​ផ្ដន្ទា​ទោស​ឲ្យ​មេ​គុក​ទួល​ស្លែង​ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យ​ជាប់​ពន្ធនាគារ ៣៥​ឆ្នាំ និង​មាន​ការ​បន្ធូរបន្ថយ​ទោស​ឲ្យ​មក​នៅ​ប្រហែល ១៩​ឆ្នាំ​នោះ។

0:00 / 0:00

លោក មាស ចាន់ថន បុរស​វ័យ ៦៧​ឆ្នាំ អតីត​ជន​រង​គ្រោះ​ដែល​បាន​រួច​ជីវិត​ដោយ​ចៃដន្យ​ពី​ការ​យក​ទៅ​សម្លាប់​ដោយ​ពេជ្ឈឃាដ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ចុង​ឆ្នាំ​១៩៧៨ នៅ​ឃុំ​រំលេច បាន​ប្រតិកម្ម​ចំពោះ​ការ​ផ្ដន្ទា​ទោស​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យ​ជាប់​គុក ៣៥​ឆ្នាំ​ថា មិន​សម​ល្មម​នឹង​អំពើ​ដែល ឌុច បាន​ប្រព្រឹត្ត​មក​លើ​ប្រជាជន​ស្លូត​ត្រង់ ដែល​ត្រូវ​បាន ឌុច ធ្វើ​ទារុណកម្ម និង​កាប់​សម្លាប់​ក្នុង​គុក​ទួលស្លែង​នោះ​ទេ។

លោក មាស ចាន់ថន មាន​ប្រសាសន៍​ថា ៖ «កម្រិត​ដែល​ខុស​ឆ្គង​នោះ ឌុច មិន​គួរ​ជាប់​គុក​តែប៉ុណ្ណឹង​ទេ បើ​និយាយ​តាម​ច្បាប់។ ខ្ញុំ​មិន​ប្រឆាំង​នឹង​ការ​កាត់​ទោស​របស់​សាលាក្ដី​ទេ តែ​ខ្ញុំ​ចង់​ឲ្យ ឌុច មាន​ទោស​ធ្ងន់​ជាង​នេះ​ទើប​សម​តាម​អំពើ​ដែល​គាត់​ធ្វើ»

ស្ត្រី​វ័យ ៦៣​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​រំលេច ឃុំ​រំលេច ស្រុក​បាកាន មាន​ប្រតិកម្ម​ថា ឌុច បាន​ប្រព្រឹត្ត​អំពើ​បាបកម្ម​ធ្ងន់ធ្ងរ​មក​លើ​ប្រជារាស្ត្រ​ហេតុ​នេះ ឌុច ត្រូវ​តែ​ទទួល​ទោស​ឲ្យ​ធ្ងន់​ជាង​នេះ​ទើប​សម ៖ «តាម​គំនិត​ខ្ញុំ បើ​មិន​មាន​ទោស​ប្រហារ​ជីវិត​ទេ គឺ​ដាក់​ទោស​គាត់​មួយ​ជីវិត​ទៅ ព្រោះ​កំហុស​គាត់​ធ្ងន់​ណាស់»

ឌុច ៣០៥
២៦-កក្កដា-២០១០: អតីត​មេ​គុក​ទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច បង្ហាញ​មុខ​ក្នុង​សវនាការ នៅ​ឯ​សាលាក្ដី​ខ្មែរ​ក្រហម (រូប​ថត​ពី​កញ្ចក់​ទូរទស្សន៍​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម) (RFA/Uon Chhin)

ទោះ​ជា​យ៉ាង​នេះ​ក្ដី បុរស​វ័យ​ជាង ៤០ ឈ្មោះ ណំ ភន ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរតាប៉ោង បាន​យល់​ស្រប​ទាំង​ស្រុង​តាម​ការ​សម្រេច​របស់​ចៅក្រម​សាលាក្ដី​ខ្មែរ​ក្រហម ទោះ​បី​ជា​គ្រួសារ​ឪពុក​ម្ដាយ និង​បង​ប្អូន​គាត់​ចំនួន ៨​នាក់ ត្រូវ​បាន​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម ប៉ុល ពត ក៏ដោយ។

លោក ណំ ភន មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យល់​ស្រប​ចំពោះ​ការ​កាត់​ទោស ៣៥​ឆ្នាំ​នេះ។ទោះ​បី​ជា​គ្រួសារ​ខ្ញុំ​ស្លាប់​អស់ ៨​នាក់​ក៏ដោយ ព្រោះ​ខ្ញុំ​ជឿជាក់​លើ​អ្នក​ច្បាប់​នៃ​សាលាក្ដី​ដែល​សុទ្ធ​តែ​ជា​អ្នក​មាន​ការ​វិនិច្ឆ័យ​តាម​ច្បាប់។ ម្យ៉ាង ឌុច ក៏​ចាស់​ណាស់​ទៅ​ហើយ»

យ៉ាង​ណា​ក៏ដោយ ទាំង​អ្នក​យល់​ស្រប និង​អ្នក​មិន​យល់​ស្រប​ចំពោះ​សាលក្រម​សម្រេច​ផ្ដន្ទា​ទោស ឌុច នេះ។ ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ទាមទារ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​និយម​ហៅ​ថា សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដល់​ជា​សំណង​រដ្ឋប្បវេណី ដូច​ជា​ការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ ឬ​បូជនីយដ្ឋាន​មួយ​កន្លែង​សម្រាប់​ឲ្យ​ពួកគាត់​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នោះ​ទើប​គាត់​អស់​ចិត្ត៕