ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ខឹង​សម្បា​នឹង​ការយឺត​យ៉ាវ​ក្នុង​ការ​កាត់​ក្តី​អតីត​មេ​ខ្មែរ​ក្រហម

ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​បាន​សម្តែង​ការ​ខឹង​សម្បា​នឹង​សាលាក្តី​ខ្មែរ​ក្រហម​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​កាត់​សេចក្តី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។

កាសែត​ភ្នំប៉ុស្តិ៍​បាន​រាយការណ៍​ឲ្យ​ដឹង​ថា នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្តីពី​ការ​ស្វែងរក​យុត្តិធម៌​និង​ការ​ផ្សះផ្សា​គ្នា ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ អ្នក​ចូលរួម​ជា​ច្រើន​នាក់​បាន​សម្តែង​ក្តី​អស់​សង្ឃឹម​និង​បាត់​ជំនឿ​ជឿ​ជាក់​លើ​សាលាក្តី​ខ្មែរ​ក្រហម បន្ទាប់​ពី​សាលាក្តី​កូន​កាត់​នេះ ចេះ​តែ​មាន​រឿង​អាស្រូវ​ចោទ​ប្រកាន់​ថា មាន​ពុករលួយ​និង​ការ​ដែល​ចេះ​តែ​ពន្យារ​ពេល​កាត់​សេចក្តី​ដោយ​ពុំ​មាន​សេចក្តី​ពន្យល់​នូវ​ហេតុផល​ច្បាស់​លាស់។

ទោះ​ជា​យ៉ាង​ណា​ក្តី យោង​តាម​ប្រភព​ពី​សាលាក្តី​ខ្មែរ​ក្រហម​សវនាការ​កាត់​សេចក្តី​អតីត​មេគុក​ទួលស្លែង កាំង ហ្កិចអ៊ាវ ហៅ ឌុច ទំនង​ជា​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ៕