សាលាដំបូងខេត្តក្រចេះបានកោះអញ្ជើញប្រជាពលរដ្ឋបីនាក់ ឲ្យចូលបំភ្លឺកាលពីថ្ងៃទី៣ កញ្ញា ពីបញ្ហាចោទប្រកាន់ក្នុងដីកាថា បានធ្វើឲ្យខូចខាតដោយចេតនា តែមិនបានបញ្ជាក់ថា
ខូចខាតអ្វីឡើយ។
លោក ឡឹង ឡេង នៅភូមិត្រពាំងទ្រាំង ឃុំចង្ក្រង់ ស្រុកចិត្របូរី ខេត្តក្រចេះ ដែលត្រូវបានតុលាការកោះអញ្ជើញដើម្បីសាកសួរ បានបញ្ជាក់ជូនវិទ្យុអាស៊ីសេរី ៣០នាទីមុនចូលជួបមន្ត្រីតុលាការថា លោកមិនដឹងខ្លួនថា គេចោទលោកពីបញ្ហាអ្វីឡើយ។
នៅក្នុងដីការបស់តុលាការលេខ២៩៦ ចេញថ្ងៃ១៦ សីហា ដែលពលរដ្ឋទើបទទួលបាន នៅដើមខែកញ្ញា បានចោទប្រកាន់ថា ពលរដ្ឋទាំងនោះ បានធ្វើឲ្យខូចខាតដោយចេតនា តែមិនបានបញ្ជាក់ថាខូចខាតអ្វីឡើយ។
លោក ម៉ាក់ រី អាយុ២៥ឆ្នាំ ដែលតុលាការបានកោះអញ្ជើញនៅថ្ងៃទី៣ កញ្ញាដែរ បានអះអាងថា លោកព្រមទាំងអ្នកស្រុកប្រមាណជាងមួយរយនាក់ គ្រាន់តែទៅទប់ស្កាត់មិនឲ្យក្រុមហ៊ុនទៅបោះបង្គោលលើដីទំនាស់របស់ប្រជាពលរដ្ឋ ប្រមាណជាង ១២០០ហិកតារ ដែលមិនទាន់ដោះស្រាយរួចតែប៉ុណ្ណោះ កាលពីថ្ងៃទី៦ សីហា។
អ្នកស្រី ធីម ណារីន មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក បានឲ្យដឹងតាមការស៊ើបអង្កេតថា ក្រុមហ៊ុនហាម៉ានីប៉្លេនថេសិន បានទទួលការអភិវឌ្ឍលើផ្ទៃដីប្រមាណជាង ៦០០០ហិកតារ ដែលប្រជាពលរដ្ឋនៅទីនោះ មានជនជាតិភាគតិច និងពលរដ្ឋពីស្រុកផ្សេងរស់នៅលើដីទំនាស់រយៈពេល ៦ឆ្នាំមកហើយ។ អ្នកស្រី ណា រីម បន្ថែមថា នៅឆ្នាំ២០០៨ ក៏មានបាតុកម្មតវ៉ាប្រឆាំងមិនឲ្យក្រុមហ៊ុនចូលអភិវឌ្ឍ រហូតមានការអន្តរាគមន៍ពីតំណាងរាស្ត្រ ទៅប្រធានរដ្ឋសភា នៅឆ្នាំ២០០៨ រឿងទំនាស់នោះក៏ស្ងប់មួយរយៈ។ អ្នកស្រីសំណូមពរឲ្យភាគីក្រុមហ៊ុនប្រើមធ្យោបាយសម្រុះសម្រួលតាមរយៈអាជ្ញាធរជាជាងប្រើប្រាស់ប្រព័ន្ធតុលាការ។
កាលពីថ្ងៃទី១ កញ្ញា ក៏មានប្រជាពលរដ្ឋបីនាក់ផ្សេងទៀតដែរ នៅភូមិឃុំដដែលនោះ ត្រូវបានតុលាការកោះអញ្ជើញឲ្យចូលសាកសួរដូចករណីថ្ងៃទី៣ កញ្ញាដែរ ដែលរាល់ការអញ្ជើញគេសង្កេតឃើញមានប្រជាពលរដ្ឋ ប្រមាណជាង ១០០នាក់ តែងតាមមកជាមួយ ដែលពួកគេអះអាងថា ខ្លាចមានការចាប់ខ្លួន ប៉ុន្តែទាំងពីរលើកពុំមានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានចាប់ខ្លួនឡើយ តែពួកគេនៅតែបារម្ភខ្លាចថា មានបញ្ហាទៅថ្ងៃក្រោយ។
តំណាងក្រុមហ៊ុនធ្លាប់បានបញ្ជាក់ថា បានកាត់ដីប៉ះពាល់ជូនប្រជាពលរដ្ឋជាច្រើនពាន់ហិកតារហើយ តែពុំបានបំភ្លឺ ឬបញ្ជាក់ជាថ្មីទៀតឡើយ ដោយអ្នកគ្រប់គ្រងក្រុមហ៊ុនត្រូវបានប្ដូរទៅអ្នកផ្សេង។ លោក ធុន គ្រី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថាលោកមានគោលបំណងសម្របសម្រួលទាំងសងខាងដែរ តែភាគីប្រជាពលរដ្ឋមិនសូវទទួលការអប់រំណែនាំ ដោយចេះតែបង្កើនការទន្ទ្រានដីថ្មីជាបន្ត ដែលធ្វើឲ្យក្រុមហ៊ុនបង្ខំចិត្តត្រូវតែទៅបោះបង្គោលកំណត់ព្រំដីរបស់ខ្លួន ដែលលោកថា ការប្រព្រឹត្តខុសនឹងច្បាប់ លោកមិនដឹងជួយដោយរបៀបណាទេ៕
