ពលរដ្ឋ​នៅ​ស្រុក​ស្នួល​គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​គំរាម​ថា នឹង​ធ្វើ​បាតុកម្ម​ទប់​ស្កាត់​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​មួយ ដែល​កំពុង​ឈូស​ឆាយ​ដី​អភិវឌ្ឍន៍​របស់​ខ្លួន ប៉ះពាល់​លើ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ ។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ភូមិ​ទ្រាក ឃុំ​ស្រែចារ បាន​ផ្ដល់​សម្ភាសន៍​ថា ក្រុមហ៊ុន​មួយ​ដែល​មិន​ស្គាល់​ឈ្មោះ បាន​ចាត់​ចែង​កម្លាំង ឲ្យ​យក​ត្រាក់ទ័រ​មក​ឈូស​ឆាយ​ព្រំដី ដើម្បី​ហ៊ុមព័ទ្ធ​ទីតាំង​អភិវឌ្ឍន៍ របស់​ខ្លួន ប៉ះពាល់​លើ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ប្រតិកម្ម​គំរាម​ថា នឹង​ធ្វើ​សកម្មភាព​ផ្សេងៗ ដើម្បី​ទប់​ស្កាត់​ទៅ​នឹង​សកម្មភាព​ឈូសឆាយ​នោះ ៖ «ធ្វើ​បាតុកម្ម អត់​ធ្វើ​អំពើ​ហិង្សា​ទេ គ្រាន់​តែ​ថា ឲ្យ​គេ​ចេញ​ទៅ​វិញ បើ​មិន​ចេញ​ទេ អាច​ខ្ញុំ​ធ្វើ​ម៉េច​ទៀត»

ទន្ទឹម​នឹង​ការ​អះអាង​ថា នឹង​ធ្វើ​បាតុកម្ម​នេះ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​បន្ថែម​ថា កំពុង​តែ​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ដើម្បី​ប្ដឹង​អាជ្ញាធរ​ខេត្ត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទប់​ស្កាត់ ៖ «បើសិនជា​ក្រុមហ៊ុន​ហ៊ាន​មក​ឈូសឆាយ​ត​ទៅ​ទៀត ខ្ញុំ​នឹង​ដាក់​ពាក្យ​បណ្ដឹង​នេះ​ទៅ​ដល់​ខេត្ត ហើយ​ឥឡូវ​ហ្នឹង​ប្រជាជន​រួម​គ្នា​ទាំង​អស់​ដើម្បី​នឹង​ផ្ដិត​មេដៃ​ហ្នឹង​ខ្ទង់​ពាន់​ឡើង​ទៅ​ហើយ»

ការគំរាម​និង​ការ​តវ៉ា​នេះ បាន​កើត​មាន​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ បាន​សង្កេត​ឃើញ​ក្រុមហ៊ុន​បាន​ដាក់​ត្រាក់​ទ័រ​ប្រចាំ​ការឈូសឆាយ ធ្វើ​ក្រវាត់​ហ៊ុមព័ទ្ធ​ទីតាំង​អភិវឌ្ឍន៍​របស់​ខ្លួន ចំនួន​៣​ថ្ងៃ មក​ហើយ ។ ហើយ​កាល​ពី​ថ្ងៃ​ទី ២៤ ឧសភា វេលា​ថ្ងៃ​ត្រង់​ប្រជាពលរដ្ឋ ប្រមាណ​ជិត ៥០០​នាក់ បាន​នាំ​គ្នា​ទៅ​បញ្ឈប់ និង​បណ្ដេញ​ឲ្យ​យក​ត្រាក់ទ័រ​នោះ​ចេញ ដោយ​មិន​ឲ្យ​ឈូសឆាយ​ត​ទៅ​ទៀត ៖ «ប្រជាពលរដ្ឋ​ឃាត់​អាត្រាក់​ដែល​ឈូសឆាយ យក​ដី​អ្នក​ស្រុក​នៅ​ចំណុច​ភូមិ​ទ្រាក ។ ប្រជាពលរដ្ឋ​ទៅ​ហ្នឹង គឺ​បើក​យក​មក​ចូល​ក្នុង​ភូមិ ការ​ឈូសឆាយ​វា​កៀក ក្បែរ​ស្រែ​ហើយ ក្បែរ​ភូមិ មិន​បាន ២០០​ម៉ែត្រ​ផង​ហ្នឹង ។ ឥឡូវ​ប្លង់​វា វា​កាត់​ភូមិ​តែម្ដង»

អភិបាល​ស្រុក​ស្នួល គឺ​លោក អ៊ីវ សាភុម បាន​ជម្រាប​តាម​ទូរស័ព្ទ​ថា ក្រុមហ៊ុន ក្រវេស ប៊ិលឌីង ត្រេតឌីង បាន​ទទួល​ច្បាប់​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​ដាំ​ដំណាំ​កសិឧស្សាហកម្ម លើ​ផ្ទៃដី​ជាង ៧​ពាន់​ហិកតា ដែល​ការដោះស្រាយ​របស់​លោក កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា លោក​បាន​ទូរស័ព្ទ​ឲ្យ​ក្រុមហ៊ុន​ដក​ថយ​សិន ដើម្បី​ចៀសវាង​ទំនាស់​កើត​ឡើង ។

លោក អ៊ីវ សាភុម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​ក៏​បាន​សំណូមពរ​ទៅ​ក្រុមហ៊ុន​ថា តំបន់​ណា កន្លែង​ណា​ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ សូម​ឲ្យ​ក្រុមហ៊ុន​ដក​ថយ​សិន ហើយ​ចាំ​សម្របសម្រួល​តាម​នីតិវិធី​ច្បាប់ ហើយ​អ្វីៗ​មិន​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទេ»

លោក​អភិបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​មុន​នឹង​ផ្ដល់​ដី​សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន គឺបាន​សិក្សា​ច្បាស់​លាស់​នៅ​ឆ្នាំ ២០០២ តែ​ក្រោយ​មក​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ ទៅ​កាប់​ឆ្ការ​ទុក​ចោល ខ្លះ​ទៀត​ក៏​ដោះដូរ​ដើម្បី​យក​ប្រាក់ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​តែ​អះអាង​ថា នឹង​ប្រមូល​ស្នាម​មេដៃ​តវ៉ា​ឡើង​ទៅ​ថ្នាក់​លើ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ការឈូសឆាយ​នោះ ៕