មន្ត្រី​បរិស្ថាន​ខេត្ត​ក្រចេះ​បាញ់​គំរាម​ពលរដ្ឋ​ដោយ​ចោទ​ថា​រស់​នៅ​លើ​ដី​ហាម​ឃាត់

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៧៦ ពី​ស្រុក​ស្នួល​ទៅ​ខេត្ត​មណ្ឌលគិរី បាន​ចោទ​ប្រកាន់​មន្រ្តី​បរិស្ថាន​ខេត្ត​ក្រចេះ​ថា បាន​បំផ្លាញ​ជម្រក​ខ្លួន ហើយ​បាញ់​គំរាម​ទៀត ដោយ​ចោទ​ថា បាន​ទៅ​រស់​នៅ​ខុស​ច្បាប់​លើ​ដី​ហាម​ឃាត់​ដោយ​ព្រះរាជ​ក្រឹត្យ។

0:00 / 0:00

លោក ផង់ ប្រជាពលរដ្ឋ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា លោក រួមទាំង​អ្នក​ស្រុក​ប្រមាណ ៨០​គ្រួសារ​ទៀត បាន​ទៅ​តាំង​ទី​លំនៅ​ប្រកប​របរ​ដាំ​ដំឡូង តាំង​ពី​ឆ្នាំ​១៩៩៨ មក​ម្ល៉េះ នៅ​លើ​ទី​វាល​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ១១៤។ ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ តុលា វេលា​ម៉ោង​ប្រមាណ​ជាង ៤​រសៀល មាន​មន្រ្តី​បរិស្ថាន​គ្រប់គ្រង​ដែន​ជម្រក​សត្វ​ព្រៃ បាន​យក​រណារ​យន្ត ទៅ​អារ​កាត់​បំផ្លាញ​ជម្រក​របស់​លោក ហើយ​បាញ់​គំរាម​បណ្ដេញ​ចេញ​ទៀត។

លោក ផង់ ថ្លែង​ដូច្នេះ​ថា ៖ «យក​ម៉ាស៊ីន​កាត់ រុះរើ ខឹង​ខ្ញុំ​ហាមឃាត់ គេ​ចង់​កាំភ្លើង​បាញ់ មាន​កាំភ្លើង​ខ្លី​មួយ​ដើម កាំភ្លើង​វែង ២​ដើម។ អ្នក​ដែល​បាញ់​ខ្ញុំ​នោះ ឈ្មោះ ថាល បាញ់​នឹង​កាំភ្លើង​ខ្លី បាញ់​២​គ្រាប់ បាញ់​នឹង​ដី ចម្ងាយ​ប្រហែល​ជា ២​ម៉ែត្រ​ពី​ខ្លួន​ខ្ញុំ»

ស្រ្ដី​នៅ​ក្នុង​ហេតុការណ៍​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​២៤ តុលា​នោះ ក្រោយ​ការ​អារ​ផ្ដួល​រំលំ​ផ្ទះ ហើយ​មន្រ្តី​អភិរក្ស​បាន​បាញ់​គំរាម​នៅ​ពេល​ដែល​ប្រជា​ពលរដ្ឋ​ចូល​ទៅ​តវ៉ា។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ក្រុម​អភិរក្ស​បាន​ទៅ​បំផ្លាញ​បង្ហើយ​លំនៅ​នោះ​ទៀត ៖ «ឈ្មោះ ថាល ឈ្មោះ ខា មួយ​ទៀត។ ដល់​ភ្លាម​គេ​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ កាត់​រោង ដល់​ពេល​ស្អែក​ឡើង ម្ចាស់​ផ្ទះ​គាត់​ហ្នឹង​ទៅ​ផ្គុំៗ​នៅ​ទៀត គេ​មក​រំលំ​បន្ថែម​ទៀត យក​សាំង​យក​អី​ចាក់​ដុត​បង្ហើយ​តែ​ម្ដង ដុត​ទាំង​ខោ​អាវ​ផ្ទះ​គាត់​ទៀត»

មិន​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​សុំ​ការបំភ្លឺ​ពី​មន្រ្តី​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ​អភិបាល​ស្រុក​ស្នួល គឺ​លោក អ៊ីវ សោភុម បាន​បំភ្លឺ​ថា ក្រុម​អភិរក្ស​ដែន​ជម្រក ទោះ​ជា​មាន​បាញ់ ឬ​ក៏​ចាប់​ប្រជាពលរដ្ឋ ក៏​ពុំ​ដែល​ឆ្លង​ឲ្យ​លោក​ដឹង​ដែរ ប៉ុន្តែ​លោក​នឹង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ។

លោក អ៊ីវ សោភុម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ត្រូវ​តែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​ហើយ ហើយ​មិន​ឲ្យ​អ្នក​ណា​ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​ទេ ហើយ​បើ​សិន​ជា​បង​ប្អូន​ណា ដែល​គាត់​អនុវត្ត​ខុស​ឆ្គង អាហ្នឹង​ក៏​ទទួល​ខុស​ត្រូវ​ទៅ»

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ប្រជាពលរដ្ឋ​នៅ​ភូមិ​វាល​៣ ឃុំ​ពីរ​ធ្នូ ចំនួន ៦០​នាក់ បាន​ផ្ដិត​មេដៃ​លើ​ពាក្យ​បណ្ដឹង​ចោទ​ប្រកាន់​មន្រ្តី​បរិស្ថាន ដាក់​ជូន​ទៅ​អាជ្ញាធរ​ខេត្ត ដោយ​ចោទ​ថា ក្រុម​បរិស្ថាន ១៣​នាក់ ប្រដាប់​ដោយ​អាវុធ ៧​ដើម បាន​ចុះ​ទៅ​រុះរើ​ផ្ទះ​អ្នក​ស្រុក ហើយ​បាញ់​គំរាម​មនុស្ស ២​នាក់ ថែម​ទាំង​ចាប់​ចង​ប្រតែង​គ្នា ហើយ​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​ទៅ​នឹង​ការ​ដោះលែង​វិញ ដែល​បញ្ហា​នេះ រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​តែ​សង្កេត​ឃើញ​មាន​ដដែល៕