ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​ត្អូញត្អែរ​អំពី​បញ្ហា​តម្លៃ​ទំនិញ​ឡើង​ខ្ពស់

ប្រជាពលរដ្ឋ​និង​មន្រ្តី​រាជការ​នៅ​ខេត្ត​ក្រចេះ បាន​ត្អូញត្អែរ​ថា តាំង​ពី​មុន​បោះឆ្នោត​រហូត​ដល់​ក្រោយ​បោះឆ្នោត តម្លៃ​ទំនិញ​សព្វ​សារពើ​នៅ​ទីផ្សារ នៅតែ​រក្សា​តម្លៃ​នឹង មិន​កើន​ឡើង មិន​ថយ​ចុះ។

0:00 / 0:00

តម្លៃ​ទំនិញ​ហូប​ចុក​នៅ​ទីផ្សារ​ខេត្ត​ក្រចេះ ថ្ងៃ​អាទិត្យ ទី​១០ សីហា​នេះ អង្ករ​ល្អ មួយ​គីឡូក្រាម ២.៨០០​រៀល សាច់​ជ្រូក​បី​ជាន់ ១៦.៥០០​រៀល សាច់​គោ ២៤.០០០​រៀល សាច់​មាន់​ធ្វើ​ស្រាប់ ២២.០០០​រៀល ត្រី​ឆ្ដោរ ១៥.០០០​រៀល។ ឯ​តម្លៃ​គ្រឿង​ទេស កាន់តែ​ឡើង​ថ្លៃ​ទៅ​វិញ ដូចជា ស្ករ​ស មួយ​គីឡូក្រាម ២២០០​រៀល ប៊ីចេង​មួយ​កញ្ចប់​តូច ពី​មុន​ធ្លាប់​តែ ៥០០ ទៅ ៧០០​រៀល ឥឡូវ​ឡើង​ដល់ ១​ពាន់​រៀល ដែល​បញ្ហា​នេះ ស្រ្តី​នៅ​ភូមិ​ដូនជ្រាំ ឃុំ​ក្រចេះ​ថា នេះ​ជា​កង្វល់​របស់​មេផ្ទះ​គ្រប់​ៗ​រួប។

ស្ត្រី​រូប​នោះ​មានប្រសាសន៍​ដូច្នេះ​ថា ៖ «ព្រួយ​បារម្ភ​គ្រប់​តែ​គ្នា​តែ​ម្ដង មិនមែន​តែ​ខ្ញុំ​ម្នាក់​ទេ ស្រីៗ​ផ្សេង​ៗ​ទៀត នៅ​ផ្សារ​ប្រជុំ​គ្នា​រឿង​ទំនិញ ឡើង​ថ្លៃ​ហ្នឹង​តែ​ម្ដង»

ស្រ្ដី​ម្នាក់​លក់​ម្ហូប​ចំអិន​ស្រាប់​នៅ​ឃុំ​ហានជ័យ ស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​ថា អង្ករ ត្រី សាច់ មាន​តម្លៃ​ខុស​គ្នា ប្រមាណ​តែ ១០០​រៀល​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​ទំនិញ​នៅ​ទីផ្សារ​ខេត្ត​ក្រចេះ ដែល​បញ្ហា​នេះ អ្នកស្រី​ត្រូវ​សម្រេចចិត្ត​លក់​ក្នុង​តម្លៃ​ដដែល ប៉ុន្តែ​បន្ថយ​ចំនួន​ម្ហូប ៖ «ធ្លាប់​ដួស​ពីរ​វែក​អ៊ីចឹង យើង​ដួស​មួយ​វែក​កន្លះ។ គេ​ចេះ​តែ​ស្រែក​ថា លក់​ថ្លៃ​ម៉្លេះ? មិន​ថ្លៃ​យ៉ាង​ម៉េច បើ​អីវ៉ាន់​ឥឡូវ ឡើង​ថ្លៃ»

គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះកុសមៈ បាន​ត្អូញត្អែរ​ថា តម្លៃ​ប្រេងសាំង​ដែល​មុន​បោះឆ្នោត​មាន​តម្លៃ ៥.៤០០ ទៅ ៥.៥០០​រៀល លុះ​បោះឆ្នោត​ភ្លាម ឡើង​ដល់ ៥.៨០០​រៀល មាន​ថ្ងៃ​មួយ​ដល់​ទៅ ៦​ពាន់​រៀល តែ​បច្ចុប្បន្ន​នៅ​នឹង ត្រឹមតែ ៥.៧០០​រៀល។

លោក​បាន​អះអាង​ថា ប្រាក់​ខែ​រត់​តាម​តម្លៃ​ទំនិញ​មិនទាន់ ទោះបី​ជា​មាន​ការប្រកាស​ឲ្យ​ដំឡើង​ប្រាក់​ខែ​ខ្លះ​ក៏​ដោយ ៖ «ធ្វើ​ម៉េច​ឲ្យ​មាន​តុល្យភាព រវាង​ចំណូល​និង​ចំណាយ។ ឲ្យ​រដ្ឋាភិបាល​គិត​ពី​បញ្ហា​ទឹក ភ្លើង អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ សេវា​សុខភាព​គ្រប់គ្រាន់ អាហ្នឹង​ទៅ​ជា​ប្រាក់​ខែ គាត់​បន្ថែម​បន្តិច​បន្តួច ហៅថា​ប្រាក់​ឧបត្ថម្ភ វា​មិន​គ្រប់គ្រាន់​សម្រាប់​មន្រ្តី​រាជការ ដូច​គ្រូ​បង្រៀន យើង​ខ្ញុំ​ទេ»

ការដំឡើង​ថ្លៃ​ប្រេង​សាំង ធ្វើ​ឲ្យ​មាន​ការឡើង​ថ្លៃ​ជាវ​អគ្គិសនី ដែល​មុន​ការបោះឆ្នោត​គេ​បាន​កំណត់​តម្លៃ ១.៨០០​រៀល ក្នុង​មួយ​គីឡូវ៉ាត់ បាន​ចំនួន ២​ខែ តែ​ក្រោយ​ការបោះឆ្នោត​គេ​ដំឡើង​ដល់​ទៅ ២.៦៥០​រៀល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ថា នឹង​ប្ដឹង​តវ៉ា​ទៅ​មន្រ្តី​ទទួល​បន្ទុក​ការងារ​ខេត្ត​ក្រចេះ។

តម្លៃ​ប្រេង​សាំង ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​មុន​ការបោះឆ្នោត​ថា បាន​ធ្វើ​សម្បទាន​ជាច្រើន​លាន​ដុល្លារ​ក្នុង​មួយ​ខែ​ៗ ដើម្បី​ឲ្យ​តម្លៃ​ប្រេង​ចុះ​ទាប ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ តម្លៃ​ប្រេង​នៅតែ​មាន​ការកើន​ឡើង​ដដែល។

តំណាងរាស្រ្ដ​ទាំង​ពីរ​គណបក្ស ដែល​ជាប់​ឆ្នោត​និង​អាជ្ញាធរ​ខេត្ត មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​អាទិត្យ​នេះ ដោយ​ទូរស័ព្ទ​រោទិ៍​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល៕