សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដន្ទា​ទោស​អ្នក​បាញ់​​ក្មេង​ស្រី​នៅ​ក្រចេះ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អំពើ​ហិង្សា​បាន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ រហូត​ដល់​មាន​ផ្ទុះ​អាវុធ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ដើម្បី​ការ​បង្ក្រាប​ក្នុង​រឿង​ជម្លោះ​ដីធ្លី។

0:00 / 0:00

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​មិន​ទាន់​មាន​ជំហរ​ច្បាស់លាស់​នៅ​ឡើយ​រហូត​មក​ទល់​ពេល​នេះ ទៅ​លើ​ករណី​សមត្ថកិច្ច​ខែត្រ​ក្រចេះ បាញ់​សម្លាប់​កុមារី ហេង ចន្ថា នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ ដែល​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ជា​ក្រុម​ប៉ុនប៉ង​ធ្វើ​អបគមន៍​នោះ។

អស់​រយៈពេល​ជាង​១​សប្ដាហ៍​កន្លង​មក​ហើយ ជនល្មើស​សម្លាប់​កុមារី ហេង ចន្ថា នៅ​ខែត្រ​ក្រចេះ កំពុង​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។ រដ្ឋាភិបាល​មិន​ទាន់​ចេញ​សេចក្ដី​ប្រកាស​ដើម្បី​តាម​ចាប់​ខ្លួន​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខែត្រ​ក្រចេះ និង​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​អំពើ​មួយ​ប្រឆាំង​ទៅ​នឹង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​កុមារ ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​រួច​ហើយ​នោះ។

កុមារី ហេង ចន្ថា មាន​អាយុ ១៤​ឆ្នាំ ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ក្នុង​ផ្ទះ​ទាំង​មិន​ដឹង​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ ហើយ​នាង​បាន​ស្លាប់​នៅ​តាម​ផ្លូវ នៅ​ពេល​គេ​ដឹក​ជញ្ជួន​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​ក្ដី​អាឡោះ​អាល័យ​ពី​ក្រុម​គ្រួសារ​របស់​នាង និង​មនុស្ស​ទូទៅ​ក្ដី ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​ទៅ​ទៀត​នោះ ក្រុម​គ្រួសារ​របស់​នាង​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​នៅ​ពេល​បច្ចុប្បន្ន។

ឪពុក​កុមារី​រង​គ្រោះ​លោក ហេង គឹមលាង បាន​រៀបរាប់​ទាំង​ភាព​ភ័យ​ខ្លាច​ថា ទោះ​បី​ជា​លោក​បាន​បាត់បង់​កូន​ជា​ទី​ស្រឡាញ់​ទាំង​នៅ​វ័យ​កុមារភាព​ទៅ​ហើយ​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​ប្រឈម​នឹង​ភាព​ភ័យ​ខ្លាច​ទៅ​វិញ។ លោក ហេង គឹមលាង បាន​លើក​ឡើង​ថា ទោះ​បី​ជា​លោក​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ជួន​កូន​ស្រី​របស់​លោក។

កុមារី ហេង ចន្ថា ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់​នៅ​ពេល​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ខែត្រ​ក្រចេះ រាប់​រយ​នាក់ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ទៅ​លើ​ក្រុម​របស់​លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ក្រុម​នេះ​ថា ជា​ក្រុម​ប៉ុនប៉ង​ចង់​ធ្វើ​អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខែត្រ​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​មួយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ចាប់​ខ្លួន​ជន​ដៃដល់​បាញ់​សម្លាប់​កុមារី ហេង ចន្ថា នេះ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ឲ្យ​បាន ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​និទណ្ឌភាព ឬ​ហៅ​ថា ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។

ការ​បាញ់​សម្លាប់​កុមារី ហេង ចន្ថា នេះ នៅ​បន្ទាប់​ពី​សមត្ថកិច្ច​ខែត្រ​កោះកុង បាន​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី និង​មន្ត្រី​កង​រាជ​អាវុធហត្ថ អ៊ិន រតនា កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ​នេះ។

ប្រធាន​អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្ត្រី អ្នកស្រី លី វិជ្ជតា មាន​ប្រសាសន៍​ថា ការ​អនុវត្ត​របស់​កម្លាំង​ចម្រុះ​ខែត្រ​ក្រចេះ​នេះ ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​កុមារ ហើយ​ករណី​ទាំង​នេះ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ។

សេចក្ដី​ថ្លែងការណ៍​ដែល​មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី បាន​ចុះ​ហត្ថលេខា​រួម​គ្នា​នោះ គឺ​អង្គការ​សីលការ អង្គការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្ត្រី និង​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ពី​ការ​រើស​អើង​ទៅ​លើ​ស្ត្រី និង​កុមារី ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ​ដោយ​ឯករាជ្យ​ជា​បន្ទាន់ ចំពោះ​ករណី​នេះ ដើម្បី​កំណត់​ថា តើ​កុមារី ហេង ចន្ថា រង​គ្រោះ​ដោយ​របៀប​ណា ដោយ​អ្នក​ណា និង​ដោយសារ​មូលហេតុ​អ្វី? ហើយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ ដើម្បី​ធានា​ថា ជនល្មើស​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នេះ ត្រូវ​នាំ​យក​មក​កាត់​ទោស​ចំពោះ​មុខ​ច្បាប់។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អភិបាល​ខែត្រ​ក្រចេះ លោក ស ចំរុង បាន​អះអាង​ថា អាជ្ញាធរ​ខែត្រ​កំពុង ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​បញ្ហា​នេះ​ទេ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា បន្ទាប់​ពី​កើត​ហេតុ​ភ្លាមៗ​ថា រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​កុមារី ហេង ចន្ថា ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​នេះ។

រហូត​មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​ថវិកា​ចំនួន ៥០០​ដុល្លារ និង​អភិបាល​ខែត្រ​ប្រមាណ ២៥០​ដុល្លារ​ទៀត ដើម្បី​ធ្វើ​បុណ្យ​សព​កុមារី ហេង ចន្ថា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ខែត្រ​បាន​យាម​យ៉ាង​តឹងរ៉ឹង​បំផុត​នៅ​ពេល​គ្រួសារ​របស់ ហេង ចន្ថា បាន​ធ្វើ​បុណ្យ​នាង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា នោះ សមត្ថកិច្ច​ហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន មន្រ្តី​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ ទៅ​ចូល​រួម​បុណ្យ​សព​នោះ​ទេ។

ប្រធាន​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព បាន​ពន្យល់​ថា ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នេះ​ជា​រឿង​ខុស​ច្បាប់ និង​ផ្ទុយ​ពី​អ្វី​ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​កុមារ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា​ឡើង​វិញ​ចំពោះ​ករណី​នេះ។

មាត្រា​៦ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​កុមារ​បាន​ចែង​ថា រដ្ឋ​ភាគី​ទទួល​ស្គាល់​ថា កុមារ​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត​ជាប់​ពី​កំណើត។ រដ្ឋ​ភាគី​ត្រូវ​ធានា​ក្នុង​កម្រិត​អតិបរមា តាម​ដែល​អាច​ធ្វើ​ទៅ​បាន ចំពោះ​ការ​រស់​រាន និង​ការ​លូតលាស់​របស់​កុមារ។

បន្ថែម​ពី​លើ​នេះ ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា ត្រូវ​ស្ថិត​នៅ​ក្រោម​ផ្លូវ​ច្បាប់​មួយ​នេះ ដើម្បី​ធានា​ថា កុមារ​ទាំង​អស់​ត្រូវ​បាន​ការពារ​ឲ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​ឡាយ មិន​មែន​ឲ្យ​កុមារ​រង​គ្រោះ​ពី​ភ្នាក់ងារ​របស់​រដ្ឋ​ណា​មួយ​នោះ​ទេ។

ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីដា ឃិះ បាន​ពន្យល់​ថា រដ្ឋាភិបាល ឬ​តុលាការ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​ថា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្គម​ដែល​មាន​ច្បាប់​ការពារ និង​មិន​ស្ថិត​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច។

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ទៀត​ថា ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អនាធិបតេយ្យ​លើ​ការ​ប្រើប្រាស់​អាវុធ ដើម្បី​បង្ក្រាប​ទៅ​លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​នៅ​ក្នុង​ការ​តវ៉ា​ទាមទារ​សិទ្ធិ​រស់​រាន​មាន​ជីវិត​សមរម្យ​នោះ។

របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បាន​សរសេរ​ថា នៅ​ក្នុង​រយៈពេល ៥​ខែ ដើម​ឆ្នាំ​២០១២ ​មាន​អំពើ​ហិង្សា​ប្រើ​អាវុធ​យ៉ាង​តិច ៤​ករណី និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​នោះ​ចំនួន​បី​នាក់ និង​ចាប់​ខ្លួន​ប្រមាណ ២៤​នាក់។

អង្គការ​សង្គម​ស៊ីវិល​​បញ្ជាក់​ថា សហគមន៍​ជាតិ និង​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​​រដ្ឋាភិបាល មិន​អាច​គ្រប់គ្រង​លើ​កង​កម្លាំង​យោធា និង​ប៉ូលិស ដែល​ប្រើ​​ហិង្សា​បង្ក្រាប​អ្នក​តវ៉ា ដើម្បី​ការ​ពារ​ប្រយោជន៍​ក្រុមហ៊ុន​ឯក​ជន​នោះ។ បញ្ហា​ទាំង​នេះ​រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​បង្ហាញ​​គំរូអា​ក្រក់​ដល់​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​តំបន់​អាស៊ាន ក្នុង​ឋានៈ​ខ្លួន​ជា​ប្រធាន​សមាគម​អាស៊ាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។