កងកំលាំងសមត្ថកិច្ចបន្តដេញប្រជាពលរដ្ឋ ២២គ្រួសារ និងហាមឃាត់ប្រជាពលរដ្ឋទាំងនោះមិនឲ្យបន្តដាំដុះដំណាំលើផ្ទៃដីជិត ៣០ហិកតារ នៅតំបន់ដែលគេចាត់ទុកថា មានសកម្មភាពធ្វើអបគមន៍។ តំណាងប្រជាពលរដ្ឋម្នាក់នៅភូមិកំពង់ដំរី ឃុំកំពង់ដំរី លោក តក់ ដន ឲ្យដឹងនាថ្ងៃទី៣០ ខែឧសភា ថា លោកត្រូវបានទាហានគំរាមឲ្យឈប់ដាំដំណាំលើក្បាលដីមួយកន្លែង ដែលស្ថិតក្នុងតំបន់នៃផ្ទៃដីជិត ៣០ហិកតារនោះ។
លោកលើកឡើងបន្តថា ទាហានឈ្មោះ ប្រាក់ វណ្ណា បានដកកាំភ្លើងខ្លីចេញពីចង្កេះ ហើយយកកាំភ្លើងនោះចង្អុលលោក និងស្រែកគំរាមលោកឲ្យបញ្ឈប់ការដាំដុះជាបន្ទាន់ ដោយលោកទាហាននោះអះអាងថា ដីនោះជាដីរបស់មេគាត់។
ទាក់ទិននឹងករណីផ្ទៃដីជិត ៣០ហិកតារនេះដែរ លោក តក់ ដន បញ្ជាក់ថា ដីនេះមានលិខិតបញ្ជាក់ច្បាស់លាស់ថា ជាដីរបស់ប្រជាពលរដ្ឋ ដោយហេតុថា ដីនេះត្រូវបានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានចេញលិខិតមួយដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ឲ្យអាជ្ញាធរខេត្តប្រគល់ដីនេះជូនប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ អាជ្ញាធរមិនត្រឹមតែមិនដោះស្រាយជូនប្រជាពលរដ្ឋ បែរជាប្រើកងកម្លាំងសមត្ថកិច្ចបណ្ដេញប្រជាពលរដ្ឋឲ្យចេញពីតំបន់នោះទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញបញ្ហានេះពីអភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង បានទេ នៅថ្ងៃទី៣០ ខែឧសភា នេះ ដោយលោកអះអាងថា លោករវល់ប្រជុំ។
ទោះយ៉ាងនេះក្ដី អនុប្រធានស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា រដ្ឋាភិបាលគួរចាត់វិធានការដោះស្រាយបញ្ហាឲ្យបានត្រឹមត្រូវ ដោយផ្អែកលើគោលការណ៍ច្បាប់ ជាជាងដោះស្រាយដោយប្រើកំលាំងប្រដាប់អាវុធទៅបង្ក្រាបប្រជាពលរដ្ឋ។
លោកថ្លែងបន្តថា ក្រុមហ៊ុនមានបញ្ហាជាមួយប្រជាពលរដ្ឋ ដូច្នេះក្រុមហ៊ុន និងប្រជាពលរដ្ឋគួរជួបគ្នាដើម្បីរកដំណោះស្រាយដោយមានអាជ្ញាធរជាអ្នកសម្របសម្រួលមិនមែនឲ្យទាហានទៅដោះស្រាយជំនួសក្រុមហ៊ុននោះទេ។
ទោះយ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលទទួលស្គាល់ចំពោះគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល តែការអភិវឌ្ឍនោះធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានផលពីគំរោងអភិវឌ្ឍន៍នោះផង កុំឲ្យអភិវឌ្ឍតែក្រុមហ៊ុន ឯប្រជាពលរដ្ឋទឹកភ្នែក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។