សង្គម​ស៊ីវិល៖ ការ​បង្ក្រាប​ពលរដ្ឋ​នៅ​ក្រចេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី នៅ​ខេត្ត​ក្រចេះ ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា បណ្ដាល​ឲ្យ​ស្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​ក្នុង​ហេតុការណ៍​នោះ។ សង្គម​ស៊ីវិល​បាន​ហៅ​ករណី​បង្ក្រាប​នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល ដែល​បាន​ជ្រើសរើស​នីតិ​វិធី ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ ជា​ជាង​ការ​ដោះស្រាយ​តាម​គោលការណ៍​សន្តិវិធី​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ ប្រដាប់​អាវុធ​នោះ។

ប្រធាន​បច្ចេកទេស​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ លោក អំ សំអាត ដែល​កំពុង​តាម​ដាន​សភាព​ជម្លោះ​ដីធ្លី​ដ៏​ចម្រូងចម្រាស​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ទី​នោះ​មិន​ទាន់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ រហូត​ដល់​ដំណាក់កាល​ប្រើ​កម្លាំង​ប្រដាប់​​អាវុធ​លើ​ប្រជាពលរដ្ឋ​ដែល​ទៅ​ កាន់កាប់​ដីធ្លី​នៅ​តំបន់​នោះ​ទេ។

តែ​ទោះ​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ឧសភា ថា អ្នក​ដែល​បង្ក​ភាព​អនាធិបតេយ្យ គឺ​មនុស្ស​មួយ​ក្រុម​ដែល​​ដឹក​នាំ​ដោយ​សមាជិក​នៃ​សមាគម​អ្នក​ប្រជាធិបតេយ្យ​ ឈ្មោះ ប៊ុន រដ្ឋា បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ជាតិ ហើយ​និង​ច្បាប់​នានា​ដែល​កំពុង​ស្ថិត​នៅ​ជា​ធរមាន។

លោក​បន្ត​ថា ការ​ប្រព្រឹត្ត​បទល្មើស​នេះ សរុប​មាន ៦​ចំណុច​ធំៗ។ ទី​១ បាន​តាំង​ខ្លួន​ធ្វើ​នាទី​ជំនួស​អាជ្ញាធរ​រដ្ឋ ដោយ​បាន​ធ្វើ​ការ​វាស់វែង​ដីធ្លី​បែងចែក​ឲ្យ​ប្រជាជន​ដែល​ខ្លួន​បាន​បោក​ បញ្ឆោត​ឲ្យ​ចូល​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ។ ទី​២ បាន​រារាំង​សមត្ថកិច្ច​នគរបាល មិន​ឲ្យ​បំពេញ​តួនាទី​ក្នុង​ការ​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​កំពុង​ ស្នាក់​នៅ​ក្នុង​មូលដ្ឋាន។ ទី​៣ គឺ​​បាន​ចាប់​ខ្លួន​យោធា ២​រូប បង្ខាំង​ទុក និង​បាន​ដក​ហូត​យក​អាវុធ ២​ដើម ដោះ​យក​គ្រាប់​ចេញ។ ទី​៤ ធ្លាប់​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​បិទ​ផ្លូវ​ជាតិ​ជា​ច្រើន​លើក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ ពិសេស​ផ្លូវ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។ ទី​៥ ធ្ងន់ធ្ងរ​បំផុត​ គឺ​បាន​បង្កើត​ភូមិ​ថ្មី​មួយ​ចំនួន ហើយ​ប្រកាស​រំសាយ​ភូមិ​ចាស់ នៅ​ក្នុង​ឃុំ​កំពង់ដំរី ដែល​បាន​បង្កើត​ដាក់​បារាស​ឆែកឆេរ គំរាមកំហែង​ប្រជាពលរដ្ឋ និង​វាយ​ធ្វើ​បាប​ប្រជាពលរដ្ឋ ដែល​មិន​ស្ដាប់​តាម​ក្រុម​របស់​ពួក​គេ ហើយ​ទី​៦ បាន​គាប​សង្កត់​អ្នក​ដឹក​នាំ​ក្នុង​ភូមិ ឃុំ មិន​ឲ្យ​ទាក់ទង​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​បង្ខាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​នោះ។

លោក ខៀវ សភ័គ៖ «ដូច្នេះ​រាល់​ទង្វើ​ល្មើស​ច្បាប់​ដែល​ពួក​មេខ្លោង​ អនាធិបតេយ្យ​បាន និង​កំពុង​ធ្វើ​នេះ គឺ​ជា​ការ​ប្រឆាំង​នឹង​តួនាទី​របស់​រដ្ឋ។ តួនាទី​នេះ​យើង​ដឹង​ហើយ អាជ្ញាធរ​រដ្ឋ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ។ ការ​ប៉ុន​នេះ យើង​វាយ​តម្លៃ​ថា គឺ​ជា​ការ​ប៉ុន​ប៉ង ដើម្បី​ឈាន​ទៅ​បង្កើត​តំបន់​អបគមន៍»

ទាក់ទង​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ស្វែង​រក​ការ​បំភ្លឺ​ពី​ក្រុម​លោក ប៊ុន រដ្ឋា និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់​នោះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២ ដោយ​ពួក​គាត់​មួយ​ចំនួន​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​ សមត្ថកិច្ច និង​មួយ​ចំនួន​ទៀត​ត្រូវ​អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​ហើយ។

លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ដាក់​បន្ទុក​របស់​រដ្ឋាភិបាល​លើ​ប្រជាពលរដ្ឋ​ទាំង​នោះ​ថា មាន​បំណង​ចង់​បង្កើត​តំបន់​អបគមន៍​នៅ​តំបន់​នោះ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​បង្ក្រាប​ជា​បន្ទាន់​នេះ។ លោក​សូម​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ និង​ស៊ី​ជម្រៅ​រវាង​ការ​បង្កើត​តំបន់​អបគមន៍ និង​ការ​តវ៉ា​ទាមទារ​សុំ​សិទ្ធិ​កាន់កាប់​ដី​ស្រប​ច្បាប់។

លោក​បាន​ពន្យល់​ថា ការ​បង្កើត​តំបន់​អបគមន៍ និង​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ធ្លី​គឺ​មាន​ស្ថានភាព​ខុស​គ្នា៖ «ហើយ ​ជម្រើស​អបគមន៍​វា​ទាល់​តែ​ការ​បង្កើត​ឡើង​ដើម្បី​ធ្វើ​បដិវត្តន៍ ឬ​ប្រឆាំង​រដ្ឋាភិបាល ផ្ដួល​រដ្ឋាភិបាល ដោយ​កម្លាំង​ប្រដាប់​អាវុធ​ទើប​ត្រូវ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី ​ទប់ស្កាត់ ដើម្បី​បង្ក្រាប​នៅ​ក្នុង​ស្ថិរភាព​សង្គម»

មុន​នឹង​មាន​ការ​បង្ក្រាប​ពី​កម្លាំង​រដ្ឋាភិបាល​នៅ​ពេល​នេះ ប្រជាពលរដ្ឋ​ដែល​មាន​នៅ​តំបន់​កំពង់ដំរី ធ្លាប់​​ធ្វើ​ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តំបន់​នោះ រវាង​ប្រជាពលរដ្ឋ​ប្រមាណ​មួយ​ពាន់​គ្រួសារ​​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​ សេដ្ឋកិច្ច​មួយ​ឈ្មោះ កាសូទីម (Kasotim Company) ដោយ​បាន​ធ្វើការ​បិទ​ផ្លូវ​ជាតិ​លេខ ៧៣ ក្នុង​ស្រុក​ស្នូល ចំនួន​ពីរ​លើក​កន្លង​មក​ហើយ។ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ច្បាស់លាស់​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី។ លោក​មាន​ប្រសាសន៍​ថា ការ​រៀបចំ​របស់​ប្រជាពលរដ្ឋ​មិន​ជា​ការ​ខុស​ច្បាប់​អ្វី​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​ក៏​មាន​គោលនយោបាយ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើត​ជា​សហគមន៍​ ផ្សេងៗ ដូចជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច សហគមន៍​ព្រៃ​ឈើ សហគមន៍​នេសាទ​ជាដើម ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​។

លោក កែម ឡី៖ «ក្នុង​ករណី​ដែល​មិន​មាន​ភាព​ជឿជាក់​ច្រើន​អ៊ីចឹង គឺ​ត្រូវ​យក​យន្តការ​មួយ​មក​ជំនួស ដើម្បី​ដោះស្រាយ​បញ្ហា គឺ​យន្តការ​ដែល​គាត់​បាន​ត្រៀម​ទុក​រួច​ជា​ស្រេច​ហ្នឹង ទាក់​ទង​នឹង​របៀប​បង្កើត​សហគមន៍ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ពួក​គាត់​ ហើយ​បើ​យើង​គិត​ថា ការ​រៀបចំ​របៀប​នេះ​ជា​យន្តការ ឬ​ចលនា​ថ្មី​សម្រាប់​ធ្វើ​អបគមន៍​អ៊ីចឹង ខ្ញុំ​គិត​ថា ប្រហែល​ជា​យើង​មិន​បាន​សិក្សា​ស៊ី​ជម្រៅ ហើយ​យើង​មិន​បាន​រក​មូលហេតុ​ច្បាស់លាស់ ហើយ​យើង​តែ​ភ័យ​ខ្លាច​ចលនា​របៀប​នេះ ខ្ញុំ​គិត​ថា មិន​សមស្រប​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ លោក ខៀវ សុភ័គ ពន្យល់​ថា៖ «វា​មិន​មែន​អ៊ីចឹង​ទេ ការ​ធ្វើ​ដូច្នេះ​ធ្វើ​តាម​ផ្លូវ​ច្បាប់​បាន បើ​ធ្វើ​ដោយ​ខុស​ច្បាប់​អាជ្ញាធរ​រដ្ឋ ក៏​មាន​កាតព្វកិច្ច ដើម្បី​បង្ខំ​ចិត្ត​ប្រើ​វិធាន​ការ​ច្បាប់​ដើម្បី​ឆ្លើយ​តប​ដែរ»

លោក កែម ឡី ពន្យល់​ថា បញ្ហា​ដែល​ប្រជាពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ធ្វើ​បែប​នេះ​ដោយ​សារ​ពួក​គាត់​អស់​ជំនឿ​លើ​ស្ថាប័ន​ផ្សេងៗ ដែល​មាន​តួនាទី​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ឲ្យ​ទទួល​បាន​យុត្តិធម៌។ ស្ថាប័ន​ទាំង​នោះ​មាន​ដូចជា តុលាការ​ រដ្ឋាភិបាល អង្គទូត​នានា ឬ​សង្គម​ស៊ីវិល ហើយ​មក​ដល់​ដំណាក់កាល​ទី​បី គឺ​គាត់​ត្រូវ​ពឹង​លើ​ខ្លួន​ឯង ដោយ​រួម​គ្នា​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ការ​បិទ​ផ្លូវ​ជាតិ បង្កើត​សហគមន៍ រហូត​មាន​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា បង្កើត​តំបន់​អបគមន៍។

លោក កែម ឡី៖ «តាម​ការ​វិភាគ​របស់​ខ្ញុំ នឹង​មាន​ការ​កើត​ឡើង​ករណី​របៀប​នេះ​ច្រើន​បន្ត​ទៀត នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​អស់​ជំនឿ ហើយ​រក​ដំណោះស្រាយ​ដោយ​ខ្លួន​ឯង​ជាមួយ​អាជ្ញាធរ​ជាមួយ​នឹង​អ្នក​ដែល​ត្រូវ​ រំលោភ​យក​ដីធ្លី​របស់​គាត់ ឬ​បញ្ហា​សេវា​សាធារណៈ​ជាដើម»

កាល​ពី​ឆ្នាំ​២០០៥ រដ្ឋាភិបាល​ធ្លាប់​បាន​បង្ក្រាប​ដោយ​ប្រដាប់​អាវុធ លើ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​តំបន់​ដំរីផុង តាកែនកោះសា្ល ស្រុក​ឈូក ខេត្ត ម្ដង​រួច​មក​ហើយ ដោយ​បាន​ចាប់​តំណាង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដាក់​ពន្ធនាគារ​ដោយ​ចោទ​ថា ពួកគាត់​បាន​បង្កើត​តំបន់​អបគមន៍​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ គឺ​ស្រដៀង​គ្នា​នឹង​ករណី​ដែល​កើត​មាន​នៅ​តំបន់ កំពង់ដំរី នៅ​ខេត្ត​ក្រចេះ នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។