អ្នកភូមិបានលើកឡើងថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុន ស៊ី.អាយ.វី. ដាំដើមកៅស៊ូនៅឃុំស្រែចារ ស្រុកស្នូល ខែត្រក្រចេះ ហើយប៉ះពាល់លើដីរបស់ពួកគាត់តាំងពីឆ្នាំ២០០៨ មក ដែលបង្កការលំបាកដល់ពួកគាត់ ដោយសារតែក្រុមហ៊ុនបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យដាំដំណាំលើផ្ទៃចម្ការរបស់ខ្លួន ថែមទាំងបាញ់គំរាមទៀត។
លេខាខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះលោក គង់ ចំរើន បានទៅទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ បានមានប្រសាសន៍ថា លោកនឹងយកលិខិតសុំអន្តរាគមន៍នោះដាក់ជូនថ្នាក់ដឹកនាំដើម្បីដោះស្រាយ។ យ៉ាងណានេះក្ដី លោក ចំរើន មិនបានបញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។
ទោះជាយ៉ាងនេះក្ដី អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងថា អ្នកភូមិកំពុងតែប្រឈមនឹងការធ្វើចម្ការនៅលើដីរបស់ខ្លួន ដោយសារតែខាងភាគីក្រុមហ៊ុនបានហាមឃាត់ ហើយក្រុមហ៊ុនកំពុងតែធ្វើការឈូសឆាយដីរបស់អ្នកភូមិ។
លោក អំ សំអាត បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ភាគីក្រុមហ៊ុន ឲ្យឈប់ឈូសឆាយដីរបស់អ្នកភូមិបន្តទៀត។
លិខិតសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋក៏បានសុំឲ្យលោក ហ៊ុន សែន អន្តរាគមន៍ទៅតុលាការ ដើម្បីដោះលែងអ្នកភូមិមួយរូបឈ្មោះ កង ហ៊ន ដែលក្រុមហ៊ុនបានចោទប្រកាន់ថា បានធ្វើឲ្យភ្លើងឆេះព្រៃហើយរាលដាលដល់កៅស៊ូរបស់ក្រុមហ៊ុន និងរឿងជម្លោះដីធ្លី៕