សេវា​ទេសចរណ៍​នៅ​ក្រចេះ​ឡើង​ថ្លៃ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី ខេត្ត​ក្រចេះ បាន​អះអាង​ថា តម្លៃ​ជួល​តូប​សម្រាប់​ឲ្យ​ភ្ញៀវ​សម្រាក​លំហែ​កាយ ឬ​សេវា​ផ្សេងៗ មាន​តម្លៃ​ខ្ពស់ នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម​ឆ្នាំ​នេះ។

0:00 / 0:00

តំបន់​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី នា​ខេត្ត​ក្រចេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​មាន​ចំនួន​កើត​ច្រើន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម​ឆ្នាំ​នេះ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​តំបន់​នេះ បាន​រអ៊ូរទាំ​ថា តម្លៃ​ម្ហូប​អាហារ ឬ​កន្លែង​អង្គុយ​លំហែ​កាយ​បាន​កើន​តម្លៃ​ខ្ពស់។

អ្នក​ទេសចរ​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​ដែល​បាន​នាំ​ក្រុម​គ្រួសារ​ចូល​ទៅ​ទស្សនា​តំបន់​អន្លង់​ផ្សោត​កាំពី។ លោក​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត ឬ​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ ត្រូវ​ណែនាំ​ចំពោះ​តម្លៃ​សេវា​គ្រប់​ប្រភេទ​កុំ​ឲ្យ​កើន​ខ្ពស់​នា​ថ្ងៃ​បុណ្យ​ជាតិ ឬ​ថ្ងៃ​បុណ្យ​ផ្សេងៗ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​នា​ថ្ងៃ​អនាគត។

មន្ត្រី​សហគមន៍​ទេសចរណ៍​ប្រចាំ​ការ​តំបន់​រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម គឺ​មាន​ភ្ញៀវ​ចូល​ទស្សនា​រមណីយដ្ឋាន​នេះ​ក្នុង ១​ថ្ងៃ​ៗ ប្រមាណ​ពី ២​ពាន់ ទៅ​ជិត ៣​ពាន់​នាក់។

មន្ត្រី​សហគមន៍​ទេសចរណ៍​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គេ​ដំឡើង​តម្លៃ​សេវា​ផ្សេងៗ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម ដោយ​សារ​តែ​សហគមន៍​បាន​ចំណាយ​ថវិកា​អស់​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​មួយ​នេះ​ឲ្យ​មាន​សោភណភាព​ល្អ។ មួយ​ផ្នែក​ទៀត មាន​មន្ត្រី​ជំនាញ​មក​ពី​ច្រើន​ផ្នែក​នៃ​សាលា​ខេត្ត​ក្រចេះ បាន​មក​កោស​រូស​លុយ​កាក់​ពី​សហគមន៍​ច្រើន​ស្ថាប័ន​ពេក។

ទាក់​ទង​បញ្ហា​នេះ លោក នុត គឹម​សាន ជា​មន្ត្រី​សម្រប​សម្រួល​គណៈកម្មាធិការ​អភិរក្ស និង​អភិវឌ្ឍន៍​ទេសចរណ៍​សត្វ​ផ្សោត​ទន្លេ​មេគង្គ។ លោក​បាន​ឲ្យ​ដឹង​ថា សហគមន៍​នេះ​បាន​រៀបចំ​តូប​ចំនួន​ជាង ២​រយ​តូប ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន និង​វៀតណាម ដោយ​កំណត់​តម្លៃ​តូប​ក្នុង ១​តូប​តម្លៃ ៥០០០​រៀល។

លោក រ៉ុន ភារ៉ា ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ។ លោក​មាន​ប្រសាសន៍​ថា មន្ទីរ​បាន​ណែនាំ​ដល់​អាជីវករ​នៅ​សហគមន៍​ទេសចរណ៍​ពី​ការ​កំណត់​តម្លៃ​សេវា​លក់​ដូរ​ក្នុង​តំបន់​អន្លង់​ផ្សោត​កាំពី​នេះ​ដែរ។

ចំណែក​លោក ខាំ ភឿន ជា​អភិបាល​ខេត្ត​ក្រចេះ។ លោក​បាន​ឲ្យ​ដឹង​ថា សាលា និង​ស្ថាប័ន​ពាក់ព័ន្ធ​តែង​បាន​ណែនាំ​ពី​ក្រុម​អាជីវករ​ក្នុង​ការ​កំណត់​តម្លៃ​សេវា​ផ្សេងៗ ឲ្យ​មាន​តម្លៃ​ថេរ បើ​ទោះ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ចុង​សប្ដាហ៍​ក្ដី ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​តំបន់​នេះ​បាន​កាន់​តែ​ច្រើន​នា​ថ្ងៃ​អនាគត។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ខេត្ត​នេះ​មាន​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ វប្បធម៌​ធម្មជាតិ និង​រមណីយដ្ឋាន​កែ​ឆ្នៃ​សរុប​មាន​ចំនួន ១៦​កន្លែង ដើម្បី​បម្រើ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ចូល​ទស្សនា។ ហើយ​ថា កំណើន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរ​ជាតិ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ក្រចេះ​នា​ឆ្នាំ​២០១១ មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​២០១០។

រមណីយដ្ឋាន​អន្លង់​ផ្សោត​កាំពី មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​ចិត្តបុរី មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូ​ម៉ែត្រ ពី​ទីរួមខេត្ត​ក្រចេះ។ រមណីយដ្ឋាន​នេះ​មាន​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ទស្សនា​សត្វ​ផ្សោត ភ្ញៀវ​អាច​ងូត​ទឹក​កម្សាន្ត​ក្នុង​ទន្លេ​មេគង្គ សម្រាក​លម្ហែ​តាម​តូប​សង់​តាម​ជ្រលង​ទឹក និង​មាន​មាន់​ដុត ឬ​ត្រី​ដុត ដែល​ប្រជា​សហគមន៍​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​ក្នុង​ទន្លេ​មេគង្គ និង​បឹង​ធម្មជាតិ​ថែម​ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។