អតីត​មេ​ខ្មែរ​ក្រហម​៣​រូប​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព

ក្នុង​សប្តាហ៍​នេះ អតីត​មេដឹកនាំ​ជាន់​ខ្ពស់​របប​ខ្មែរក្រហម ៣​រូប បាន​ត្រូវ​គ្រូ​ពេទ្យ​ត្រួត​ពិនិត្យ​តាមដាន​សុខភាព តាម​កាលកំណត់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​នៃ​សាលាក្តី​ខ្មែរ​ក្រហម លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ថា លោក នួន ជា និង​លោក ខៀវ សំផន បាន​ត្រូវ​គេ​នាំ​ចូល​ទី​ឃុំឃាំង​វិញ​ហើយ បន្ទាប់​ពី​បាន​ត្រូវ​គ្រូពេទ្យ​ពិនិត្យ​សុខភាព។

លោក រាជ សម្បត្តិ មាន​ប្រសាសន៍​បន្ថែម​ថា លោក អៀង សារី ក៏​ត្រូវ​ចូល​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ក្នុង​សប្តាហ៍​នេះ​ដែរ ៖ «ថ្ងៃ​នេះ គឺ​លោក នួន ជា និង​លោក ខៀវ សំផន ត្រូវ​បាន​លោក​គ្រូពេទ្យ​យក​គាត់​ទៅ​ដើម្បី​ពិនិត្យ ហើយ​ពួកគាត់​បាន​វិល​ត្រឡប់​មក​កាន់​កន្លែង​ឃុំឃាំង​វិញ​អស់​ហើយ ហើយ​បន្ទាប់​ពី​នេះ​ទៀត គឺ​លោក អៀង សារី ក៏​នឹង​ត្រូវ​យក​ទៅ​ដែរ នៅ​ក្នុង​អាទិត្យ​ហ្នឹង​ដែរ។ ហើយ​ពួក​គាត់​មាន​ស្ថានភាព​ដូច​គ្នា បាន​ន័យ​ថា ត្រូវ​មាន​ការត្រួត​ពិនិត្យ​ដែល​វិទ្យាសាស្រ្ដ​ពេទ្យ គឺ​ត្រូវ​តាមដាន​អ៊ីចឹង​រាល់​ប្រមាណ​ខែ​ម្ដង តាម​ការកំណត់។ ទាំងអស់​ហ្នឹង ត្រូវ​ត្រួត​ពិនិត្យ​សុខភាព​ឡើង​វិញ បាន​ន័យ​ថា គ្រូពេទ្យ​ហ្នឹង​គាត់​មាន​ភារកិច្ច​ត្រូវ​មើល​ជា​ប្រចាំ​ទៅ​លើ​សុខភាព​របស់​ពួក​គាត់ ប៉ុន្តែ​មិន​មែន​បាន​ន័យ​ថា ពួក​គាត់​មាន​ជំងឺ​អី​ដែល​ជា​ការកត់​សម្គាល់ ត្រូវ​បង្ខំ​ឲ្យ​គ្រូពេទ្យ​យក​គាត់​ទៅ​ពិនិត្យ​សុខភាព​ទេ»

សូម​ជម្រាប​ថា មក​ដល់​ពេល​នេះ មាន​អតីត​មេ​ខ្មែរ​ក្រហម​ទាំង​អស់ ៥​នាក់ ដែល ២​នាក់​ទៀត គឺ កាំងហ្កិច អ៊ាវ ហៅ ឌុច និង​លោកស្រី អៀង ធីរិទ្ធ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​រង់ចាំ​ការជំនុំ​ជម្រះ​ទោស៕