អៀង សារី-អៀង ធីរិទ្ធ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​គ្នា​ម្ដង​ក្នុង​១​សប្ដាហ៍

2008-05-06

អតីត​ឧបនាយក​រដ្ឋមន្ត្រី​ខ្មែរក្រហម អៀង សារី និង​ភរិយា អៀង ធីរិទ្ធ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​ត្រូវ​តុលាការ​ខ្មែរក្រហម​យល់ព្រម​ឲ្យ​ជួប​គ្នា ៤៥​នាទី ក្នុង​នាម​ជា​ប្តី​ប្រពន្ធ ម្តង​ក្នុង​មួយ​សប្ដាហ៍ នា​ខណៈ​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង រង់ចាំ​ការកាត់​សេចក្តី​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ។

AFP Photo

ក្នុង​រូប​ថត​ឯកសារ​ថត​នៅ​ថ្ងៃ​ទី ៣ កក្កដា ២០០៣ អៀង សារី (ឆ្វេង) និង​ភរិយា អៀង ធីរិទ្ធ ចូល​រួម​បុណ្យ​សព​របស់​ភរិយា​ទី១​របស់​ប៉ុល​ពត នៅ​ក្រុង​ប៉ៃលិន។

មេធាវី អៀង ធីរិទ្ធ បាន​មាន​ប្រសាសន៍​ថា កូនក្តី​របស់​ខ្លួន​បាន​ស្នើសុំ​ផ្ទាល់មាត់​ទៅ​សហចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែរក្រហម កាលពី​ថ្ងៃ​១៣ ខែ​មីនា កន្លង​មកនេះ ដើម្បី​ជួប​ជាមួយ​ស្វាមី អៀង សារី ២​ដង ក្នុង​មួយ​សប្តាហ៍ ក៏ប៉ុន្តែ សហចៅក្រម​ស៊ើបអង្កេត​អនុញ្ញាត​ឲ្យ អៀង ធីរិទ្ធ ជួប អៀង សារី តែ​ម្តង​ទេ ក្នុង​មួយ​សប្តាហ៍ រយៈពេល​៤៥​នាទី ។

លោក អាង ឧត្តម មេធាវី​ការពារក្តី​ឲ្យ អៀង សារី បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ដឹង​ថា​តើ​តុលាការ​ខ្មែរក្រហម​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ទាំងពីរ​ជួបគ្នា​រយៈពេល​យូរ ប៉ុន្មាន​នោះ​ឡើយ ។

លោក​មេធាវី អាង ឧត្តម បន្ត​ថា ជា​ធម្មតា​គឺ​ជា​ការលំបាក​ក្នុង​លក្ខណៈ​ដែល​ស្វាមី​ភរិយា រស់នៅ​បែក​គ្នា​ពុំ​អាច​ជួប​និយាយ​គ្នា​ឬ​ឃើញ​មុខគ្នា ។ ការរស់នៅ​បែក​គ្នា​ដូច្នេះ វា​នឹង​នាំ​ឲ្យ​ប៉ះពាល់ យ៉ាង​ធ្ងន់​ដល់​សតិ​អារម្មណ៍​របស់​គេ ។

សូមរំឭក​ជូន​ថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់ បាន​ស្លាប់​ដោយសារ​ឈឺ​អត់​អាហារ ដោយ​ធ្វើការ​បាក់​កម្លាំង និង​ដោយ​ការកាប់​សម្លាប់ ។

ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ដែល​បាន​ជម្លៀស​ចេញ​ពី​ភ្នំពេញ​និង​ចេញពី​ទីក្រុង​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ខ្លះ បាន​ត្រូវ​មេខ្មែរក្រហម ចាត់​តាំង​ឲ្យ​ទៅ​នៅ​ទីកន្លែង​ផ្សេង​ៗ​ពីគ្នា សូម្បី​ប្តី​ប្រពន្ធ​និង​កូនចៅ ក៏​ត្រូវ​រស់នៅ​បែក​គ្នា មិន​ដែល​ឃើញ​មុខ​និង​ជួប​គ្នា ទាល់​តែ​សោះ រហូត​ដល់​របប​ខ្មែរក្រហម​ដួល​រំលំ នៅឆ្នាំ​១៩៧៩ ទើប​ប្រជាពលរដ្ឋ​បាន​ដឹង​ថា សមាជិក​គ្រួសារ​ណា​ស្លាប់​ឬ​នៅរស់ ៕

អត្ថបទ​ដែល​ទាក់ទង

សាលាក្ដី​ខ្មែរ​ក្រហម​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ផ្នែក​ថវិកា?

សង្គមស៊ីវិល​ជំរុញ​ឲ្យ​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ទាមទារ​សំណង​ជា​រួម

កម្ពុជា​ស្នើ​ឲ្យ​ដាក់​បញ្ចូល​អតីត​គុក​ទួលស្លែង​ជា​សារមន្ទីរ​ចងចាំ​របស់​ពិភពលោក

មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​ចង់​ឲ្យ​អាមេរិក​បញ្ជាក់​ច្បាស់​អំពី​ការផ្ដល់​ជំនួយ

សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ជំនួយ​ថវិកា​ដល់​សាលាក្ដី​ខ្មែរ​ក្រហម

សាក្សី​ក្នុង​សំណុំរឿង ឌុច សុំ​ឲ្យ​មាន​ការការពារ​សន្តិសុខ​និង​អត្តសញ្ញាណ​ក្នុង​សវនាការ

ចៅក្រម​ស៊ើបអង្កេត​និយាយពី​បញ្ហា​បណ្ដឹង​ឧទ្ធរណ៍​តវ៉ា​ចំពោះ​ដីកា​បញ្ជូន​សំណុំរឿង​ឌុច

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​សម្ងាត់​របស់​គុក​ទួលស្លែង

ព្រះរាជ​អាជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ប្ដឹង​ឧទ្ធរណ៍​ករណី ឌុច

លទ្ធផល​កោសល្យ​វិច័យ បង្ហាញ​ថា ឌុច គ្មាន​បញ្ហា​ផ្លូវ​ចិត្ត​ទេ